នៅពេលមនុស្សយើងបានជួបជាមួយដៃគូជីវិតប្រាកដ នោះក៏ប្រហែលជាពេលដែលពួកគេគិតថាអាចកាន់ដែគ្នាចូលរោងការបានហើយ។ ប៉ុន្តែការចាប់ដៃគ្នាសាងជីវិតគូគឺជារឿងសំខាន់បំផុត ដូច្នេះយើងគួរតែត្រៀមខ្លួនឱ្យរួចរាល់ដើម្បីរៀបចំគម្រោងនៅថ្ងៃអនាគត។ ហើយប្រសិនបើចង់ដឹងថាឥឡូវនេះខ្លួនឯងអាចស្ថិតដំណាក់កាលរៀបការបាន ឬនៅ សាកសង្កេតមើល ៨ ចំណុចខាងក្រោមនេះ៖
១. ទំនុកចិត្ត និងអារម្មណ៍សុវត្ថិភាព

ទំនុកចិត្តគឺជារឿងសំខាន់សម្រាប់ទំនាក់ទំនងរវាងមនុស្សពីរនាក់។ ប្រសិនបើយើងចាប់ផ្ដើមមានទំនុកចិត្ត និងភាពជឿជាក់លើគ្នាពិតប្រាកដហើយ នោះវាអាចជាសញ្ញាមួយដែលបង្ហាញថាយើងបានត្រៀមខ្លួនហើយដើម្បីដើរផ្លូវរួមគ្នាហើយ។ មិនតែប៉ុណ្ណោះ អារម្មណ៍សុវត្ថិភាព និងភាពកក់ក្ដៅក៏ត្រូវបានរាប់ជាចំណុចខ្លះៗនៃការចាប់បង្កើតគ្រួសារដែរ។
២. មានគោលដៅច្បាស់លាស់
ការចាប់ដៃកសាងអនាគតរួមគ្នាចាំបាច់ត្រូវតែសួរខ្លួនឯងថាមានគោលដៅច្បាស់លាស់ ឬនៅ។ ជាមួយគ្នានេះដែរ វាជាការប្រសើរនៅពេលដែលយើងចេះគោរពការសម្រេចចិត្ត និងគាំទ្រគ្នាឱ្យសម្រេចគោលដៅនោះដើម្បីសុភមង្គលគ្រួសារ។
៣. ជម្នះទុក្ខលំបាក
ក្នុងដំណើរជីវិតរបស់មនុស្សម្នាក់ៗតែងតែមានទុក្ខលំបាកដែលត្រូវជម្នះរៀងៗខ្លួន។ មិនខុសគ្នាប៉ុន្មាននោះទេ គ្រាន់តែជីវិតគូត្រូវការការលើកទឹកចិត្ត ផ្ដល់យោបល់ នៅក្បែរគ្នា និងចាប់ដៃគ្នាដើម្បីតស៊ូជម្នះទុក្ខលំបាកទាំងនោះ។
៤. ការគាំទ្រពីគ្រួសារសងខាង
ការរៀបការមិនមែនជារឿងរបស់មនុស្សតែពីរនាក់ទេ វាក៏ជារឿងដែលទាក់ទងរវាងក្រុមគ្រួសារទាំងសងខាងផងដែរ។ នៅពេលដែលចាស់ទុំ និងសមាជិកគ្រួសារទាំងពីរគាំទ្រការសម្រេចចិត្ត ក៏ដូចជាពេញចិត្តនូវវត្តមានរបស់យើង នោះជាសញ្ញាមួយដ៏ល្អមែនទែន។ ប៉ុន្តែបើគាត់មិនទាន់ពេញចិត្តទេ ត្រូវព្យាយាមបង្ហាញពួកគាត់តាមរយៈទង្វើរបស់យើង។
៥. លំនឹងសេដ្ឋកិច្ច
ក្រោយរៀបការហើយ យើងមិនអាចរស់នៅពឹងលើឪពុកម្ដាយដូចកាលនៅលីវនោះទេ។ ដូច្នេះប្រសិនបើមានគម្រោងកសាងគ្រួសារហើយ ការចាប់ផ្ដើមរក្សាលំនឹងសេដ្ឋកិច្ចគឺរឿងសំខាន់ដែលគួរពិចារណាឱ្យបានដិតដល់ព្រោះយើងនឹងមានទំនួលខុសត្រូវបន្តបន្ទាប់ទៀត។
៦. គម្រោងពេលអនាគត
ចំណុចនេះក៏យើងមិនគួររំលងដែរ។ មុនពេលសម្រេចចិត្តចាប់ផ្ដើមជីវិតអាពាហ៍ពិពាហ៍ យើងគួរពិភាក្សាគ្នាថាមានគម្រោងអ្វីខ្លះនៅថ្ងៃអនាគតដូចជាការបង្កើតមុខរបរបន្ថែមជាដើម។ ប្រសិនបើយើងមិនបានរៀបចំគម្រោងឱ្យបានច្បាស់ជាមុននោះទេ ជីវិតយើងងាយនឹងមានភាពរញ៉េរញ៉ៃមែនទែន។
៧. ចិត្តធ្ងន់
ការរក្សាចិត្តឱ្យធ្ងន់ និងចេះយោគយល់អធ្យាស្រ័យគ្នាគឺមានសារៈសំខាន់ណាស់។ ប្រសិនយើងរក្សាចេះរក្សាចិត្តឱ្យធ្ងន់ ពេលមានបញ្ហាមួយខ្លាំងមួយខ្សោយ ទើបមិនងាយធ្វើឱ្យទំនាក់ទំនងមួយនេះបែកបាក់។
៨. ចេះទុកភាពផ្ទាល់ខ្លួន
ការតាមស្រឡាញ់ ប្រច័ណ្ឌ ហួងហែងច្រើនគឺជៀសមិនផុតឡើយ។ ប៉ុន្តែយើងក៏ព្យាយាមយល់ពីភាពផ្ទាល់ខ្លួនរបស់ដៃគូដែរ ហើយវាក៏ជាទង្វើមួយដែលបង្ហាញពីការជឿទុកចិត្តផង។ បើយើងបំពានភាពផ្ទាល់ខ្លួនរបស់ដៃគូពេក វានឹងសាងជាអារម្មណ៍មិនល្អ ឬអាចបង្កជាជម្លោះជាមិនខាន៕
























































Account
Security
Favourite Content