ធ្មេចបើកៗរយៈពេលប្រមាណជិត៥ ឆ្នាំហើយដែល ស៊ីន យូប៊ីន ខកខានបញ្ចេញស្នាដៃរឿងដុំតាមរោងភាពយន្ត ដោយនាងផ្តោតលើតែការថតរឿងភាគ សម្រាប់ចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ប៉ុណ្ណោះ។ ប៉ុន្តែឆ្នាំថ្មី ២០២៣ នេះ ទស្សនិកជននឹងបានឃើញវត្តមានតារាសម្តែងឆ្នើមលំដាប់ប្រទេសរូបនេះលើរោងភាពយន្តវិញ តាមរយៈរឿង «លោកប៉ាមហាកូរ» វគ្គ២ របស់ផលិតកម្ម LD។
តាមការឱ្យដឹងរបស់ស្រីស្រស់សោភារូបនេះ ការដែលនាងព្រមទទួលថតរឿងដុំថ្មីនេះ ព្រោះតែបុគ្គលសំខាន់ម្នាក់គត់ នោះគឺតារាសម្តែងជើងចាស់ លោក ទេព រិន្ទដារ៉ូ។ ត្បិតកន្លងមកនាង និងតារាសម្តែងចាស់វស្សានេះធ្លាប់រួមការងារជាមួយគ្នាហើយក៏ពិតមែន តែមិនធ្លាប់មានឱកាសសម្តែងប៉ះគ្នាតែម្តងណានោះទេ ដូច្នេះគ្រាន់តែបានដឹងសាច់រឿងនេះភ្លាម ហើយដឹងថាត្រូវសម្តែងប៉ះតារាជើងចាស់រូបនេះ នាងសុខចិត្តលៃលកពេលថតរឿងដុំនេះឱ្យខានតែបាន។

យូប៊ីន សុំមិនលម្អិតពីសាច់រឿងទាំងស្រុងទេ ប្រាប់បានតែថា ក្នុងរឿងនេះទំនាក់ទំនងនាងនិងលោក ទេព រិន្ទដារ៉ូ មិនធម្មតានោះឡើយ។ ចំណែក តួអង្គពោះម៉ាយទ្រព្យស្តុក សម្តែងដោយកំពូលតារាសម្ដែងជើងចាស់ ទេព រិន្ទដារ៉ូ លើកឡើងថា ទស្សនិកជនពិតជាប្លែកជាមួយតួអង្គក្នុងរឿងនេះ ដោយសារកន្លងមក យូប៊ីន មិនធ្លាប់សម្តែងតួអង្គបែបនេះឡើយ សូម្បីតែលោកក៏មើលទៅប្លែកដូចគ្នាដែរ។ តារាសម្តែងទាំងពីររូបផ្តាំថា ទស្សនិកជនត្រៀមតែសើចរឿងនេះទៅ ព្រោះមានឈុតឆាកសម្តែងកំប្លុកកំប្លែងច្រើនជាងវគ្គ១ទៅទៀត។

ក្រៅពីបន្ថែមតួអង្គ ស៊ីន យូប៊ីន អ្នកនិពន្ធ និងជាអ្នកដឹកនាំរឿងក៏បញ្ចូលតួអង្គថ្មីៗជាច្រើនទៀត ដើម្បីមកញ៉ាំងឱ្យរឿងនេះកាន់តែប្រទាក់ក្រឡា ហើយល្អមើលជាងមុន។ តាមការគ្រោងទុករឿង «លោកប៉ាមហាកូរ» វគ្គ២ នឹងបញ្ចប់ការថតនៅចុងខែនេះ ហើយត្រៀមចាក់បញ្ចាំងតាមបណ្តារោងភាពយន្តនាពេលឆាប់ៗនេះ៕




















































Account
Security
Favourite Content