លក្ខណៈសម្គាល់ប្រភេទមនុស្សអាត្មានិយម ដែលអ្នករងគ្រោះច្រើនជាមនុស្សដែលស្រលាញ់គេស្មោះ ជាមនុស្សដែលខ្វះភាពកក់ក្ដៅ ហើយងាយរងគ្រោះ ។ រៀនសម្គាល់ហើយគួរដកខ្លួនឱ្យបានលឿនបំផុត បើមិនចង់ឈឺចាប់ខ្លាំងជាងនេះ។ ចរិតលក្ខណៈមនុស្សអាត្មានិយម៖

១. ជាមនុស្សម្នាក់ដែលគ្មានក្ដីស្រលាញ់ពិតចំពោះនរណាម្នាក់ឡើយ។ មិនថាអ្នកនោះលះបង់ចំពោះគេច្រើនប៉ុណ្ណាក៏ដោយ ស្រលាញ់គេខ្លាំងប៉ុណ្ណាក៏ដោយ ធ្វើគ្រប់យ៉ាងដើម្បីគេយ៉ាងណា ក៏គេគ្មានថ្ងៃយល់ពីតម្លៃ ហើយតបស្នងដោយក្ដីស្រលាញ់ពិតប្រាកដណាស់។ មានន័យថា គេស្រលាញ់នរណាម្នាក់ ព្រោះមើលឃើញអ្វីមួយ ហើយគ្រាន់តែមិនចង់បាត់បង់អ្នកប៉ុណ្ណោះ ស្របពេលនោះគេក៏នៅពង្រាយមន្តស្នេហ៍ ឬទាក់ទងអ្នកផ្សេងទៀតក្រៅពីអ្នក។
២.ទាមទារឱ្យគេយល់ពីខ្លួនឯង ផ្គាប់ចិត្តខ្លួនឯង តែមិនព្យាយាមយល់ពីភាគីម្ខាងទៀតឡើយ។ នៅក្នុងទំនាក់ទំនងមួយនេះ ម្ខាងទៀតច្រើនតែហត់ចិត្តដោយសារគេ គេតែងបន្ទោសអ្នក ឬមិនពេញចិត្តនឹងទង្វើខ្លះរបស់អ្នកជាដើម អ្នកធ្វើអីក៏ខុស ធ្វើអីក៏មិនត្រូវចិត្តគេដែរ អ្វីដែលអ្នកព្យាយាមធ្វើសម្រាប់គេ ជួនកាលក្លាយជាភាពរំខានទៅដល់គេទៅវិញ។ ចំណុចនេះ គេដឹងថា អ្នកស្រលាញ់គេខ្លាំង ទោះគេធ្វើដាក់អ្នកបែបណាក៏អ្នកនៅតែលន់តួ តាមយល់ចិត្តគេ។ ចង់មិនចង់អ្នកនឹងហត់នឿយក្នុងទំនាក់ទំនងនេះ ព្រោះគ្រប់យ៉ាងហាក់ខំប្រឹងតែម្នាក់ឯង ខណៈម្នាក់ទៀតមិនដែលខ្លាចនឹងបាត់បង់អ្នកទេ។
៣. បែកពីអ្នកចាស់មកចាប់ផ្ដើមជាមួយអ្នកថ្មី ហើយលួចទាក់ទងអ្នកចាស់វិញ ទាំងបច្ចុប្បន្នគេជាសង្សារអ្នក។ ក្នុងពេលដែលគេឈ្លោះគ្នាជាមួយសង្សារ ឬទើបនឹងបែកគ្នា មនុស្សប្រភេទនេះ តែងព្យាយាមរកអ្នកណាផ្សេងទៀតដើម្បីមកជំនួសកន្លែងអ្នកចាស់របស់គេ។ ក្នុងទំនាក់ទំនងនេះ គេនៅមិនទាន់ដាច់ស្រលះពីអ្នកមុន តែគេមកចាប់ផ្ដើមជាមួយអ្នក។ អ្វីៗគ្រប់យ៉ាងពេលចាប់ផ្ដើមជាមួយអ្នកថ្មីល្អទាំងអស់ តែយូរៗទៅក៏ចាប់សោះកក្រោះ ភាពព្រងើយកន្តើយក៏ចាប់ផ្ដើមកើតឡើង នៅពេលដែលគេចាប់ផ្ដើមយកអ្នកទៅប្រៀបធៀបជាមួយអ្នកមុន។ អ្នកនឹងក្លាយជាមនុស្សអស់តម្លៃ សម្រាប់គេ ហើយកាន់តែអស់តម្លៃនៅពេលដែលអ្នកព្យាយាមធ្វើឱ្យបានល្អដូចសង្សារចាស់គេ ដើម្បីឱ្យគេស្រលាញ់អ្នក។ តែអ្នកព្យាយាមយ៉ាងណាក៏គ្មានប្រយោជន៍ ព្រោះគេតែងព្យាយាមសាកល្បងគ្រប់តែគ្នា ដើម្បីរកអ្នកណាដែលត្រូវនឹងចិត្តរបស់គេប៉ុណ្ណោះ គេមិនដែលព្យាយាមស្វែងយល់ពីជម្រៅចិត្តអ្នក នឹងក្ដីស្រលាញ់ដែលអ្នកមានចំពោះគេនោះទេ។
៤. គ្មានថ្ងៃដឹងពីកំហុសរបស់ខ្លួន។ គេតែងចាប់កំហុសរបស់អ្នក ហើយយកកំហុសនោះមកធ្វើជាលេសដើម្បីគេចវេសពីអ្នក ឬធ្វើព្រងើយកន្តើយចំពោះអ្នក។ ក្នុងទំនាក់ទំនងមួយនេះ អ្នកជាអ្នកដែលមានចិត្តស្រលាញ់គេខ្លាំងជាងការដែលគេស្រលាញ់អ្នក។ គេមានអ្នកក៏បានគ្មានអ្នកក៏បាន តែអ្នកមិនអាចគ្មានគេបានទេ។ បែបនេះហើយទើបអ្នកតែងទាមទារក្ដីស្រលាញ់ ចង់បានភាពកក់ក្ដៅពីគេ ទើបអ្នកពេលខ្លះទៅឈ្លោះ ឬរករឿងគេ ពេលនោះហើយដែលគេនឹងយកចំណុចនេះមកដាក់បន្ទុកលើអ្នកបន្ថែមទៀត ថាជាអ្នកបង្កបញ្ហា ទាំងដែលគេមិនព្រមទទួលស្គាល់ថា ខ្លួនបានធ្វើអ្វីខ្លះចំពោះអ្នកនោះគេ គេក្លាយជាជនរងគ្រោះ ហើយអ្នកទៅជាអ្នកបង្ករឿងទៅវិញ។
៥. តែងយកបញ្ហាផ្សេងៗមកដាក់មុខដើម្បីអាចដកខ្លួនចេញពីអ្នក ឬឱ្យអ្នកចាកចេញដោយខ្លួនឯង។ ក្នុងទំនាក់ទំនងដែលគេកាន់តែធុញនឹងអ្នក ចង់ឱ្យអ្នកចាកចេញពីជីវិតគេ គេតែងលើកយកបញ្ហាផ្សេងៗរាល់ពេលជួបអ្នក ឬសន្ទនាជាមួយអ្នក។ គេអាចលើកបញ្ហាគ្មានពេលវេលា បញ្ហាគ្រួសារ បញ្ហាហិរញ្ញវត្ថុ ដើម្បីចង់បញ្ជាក់អ្នកថា គេមានបញ្ហាច្រើនណាស់ក្នុងជីវិតនេះ គ្មានពេលឱ្យអ្នក ឬគ្មានអារម្មណ៍ផ្អែមល្ហែមនឹងអ្នកទេ។ តែប្រសិនបើមនុស្សស្រលាញ់គ្នាពិតប្រាកដមែន គេនឹងមិនយកបញ្ហាផ្សេងៗមកលាយឡំនឹងទំនាក់ទំនងស្នេហាទេ គេនឹងនៅតែផ្ដល់ក្ដីស្រលាញ់ឱ្យគ្នាទោះមានរឿងអ្វីក៏ដោយ។ ប៉ុន្តែអ្វីដែលគេលើកឡើងមកនេះ គ្រាន់តែជាហេតុផលដើម្បីគេបានដកខ្លួនពីអ្នកប៉ុណ្ណោះ។
៦.ពេលដែលអ្នកអស់ចិត្តចាកចេញគេក្លាយជាជនរងគ្រោះ។ គេនឹងមិនសុំបែកពីអ្នកមុនទេ តែទង្វើរបស់គេនឹងធ្វើឱ្យអ្នកអស់ចិត្ត ឈឺចាប់ហើយដើរចេញ ពេលនោះគេទៅជាជនរងគ្រោះឯអ្នកក្លាយជាបង្ករឿង។ ក្នុងទំនាក់ទំនងមួយនេះ គេមិនដែលទុកអ្នកជាអាទិភាពទីមួយសម្រាប់គេឡើយ គេនឹកឃើញតែពេលណាដែលគេឯកា ឬ មានអ្វីមួយដែលត្រូវការជំនួយពីអ្នកប៉ុណ្ណោះ។ ជារឿយៗគេតែងតបសារអ្នកយឺត គេមិនដែលចង់ជួបអ្នក ពេលជួបអ្នកធ្វើសោះកក្រោះ គេធ្វើបែបនេះជារឿយៗដោយមិនខ្វល់អារម្មណ៍អ្នកស្រលាញ់គេប៉ុណ្ណានោះទេ។ ចុងក្រោយពេលដែលអ្នកអស់ចិត្ត អ្នកនឹងសុំបែកពីគេដោយខ្លួនឯង ដោយគេមិនចាំបាច់សុំអ្នកបញ្ចប់ដោយត្រង់ៗនោះទេ។
យ៉ាងណាមនុស្សអាត្មាននិយមនឹងគ្មានថ្ងៃជួបស្នេហាពិតមួយនឹងមួយនោះទេ ព្រោះមនុស្សដូចគេគ្មានថ្ងៃស្រលាញ់អ្នកណាពិតប្រាកដនោះទេ។ ដកខ្លួនចេញពីគេហើយមើលថែខ្លួនឯងឱ្យល្អ ស្រលាញ់ខ្លួនឯងឱ្យបានច្រើន មនុស្សគ្រប់គ្នាសុទ្ធតែអាចជួបនឹងស្នេហាពិតនៅថ្ងៃណាមួយ កុំយកតម្លៃរបស់អ្នក និងភាពស្មោះត្រង់របស់អ្នកទៅលះបង់ចំពោះមនុស្សបែបនេះ វាគ្មានតម្លៃនោះទេ ហើយចុងក្រោយវាបានត្រឹមតែបង្ករបួសស្នាមក្នុងបេះដូងរបស់អ្នកដែលពិបាកព្យាបាលបំផុត៕




















































Account
Security
Favourite Content