ខេត្តប៉ៃលិន គឺជាខេត្តមួយស្ថិតនៅខាងជើងជួរភ្នំក្រវាញ នៅភាគខាងលិចនៃប្រទេសកម្ពុជា មានព្រំប្រទល់ជាប់ខេត្តបាត់ដំបង និងមានចម្ងាយប្រមាណ ២៥ គីឡូម៉ែត្រតែប៉ុណ្ណោះពីប្រទេសថៃ។ បើកាលណាគេនិយាយដល់ខេត្តប៉ៃលិន មនុស្សជាច្រើនប្រាកដជានឹកឃើញដល់រ៉ែត្បូង និងពេជ្រមានតម្លៃជាច្រើន ដែលនេះគឺជាគុណតម្លៃដ៏ល្អឯកដែលធម្មជាតិបានផ្ដល់ឲ្យអ្នកខេត្តប៉ៃលិន។ បង្វែរអារម្មណ៍ទៅមើលរមណីយដ្ឋានទេសចរណ៍វិញ ខេត្តប៉ៃលិនគឺជាខេត្តមួយដែលសម្បូរទៅដោយធនធានធម្មជាតិជាច្រើន បូករួមជាមួយនិងទស្សនីយភាពជួរភ្នំ ទឹកជ្រោះ និងព្រៃឈើជាដើមសម្រាប់ជាសោភ័ណទាក់ទាញអ្នកទេសចរណ៍ឲ្យចូលទៅទស្សនា។
ដើម្បីលើកស្ទួយដល់វិស័យទេសចរណ៍នៅក្នុងខេត្តប៉ៃលិន AMS Infotainment សូមណែនាំ តំបន់ទេសចរណ៍ដែលមានសក្ដានុពលទាំង ៣ កន្លែងស្ថិតនៅក្នុងខេត្តប៉ៃលិនមកពណ៌នាដូចខាងក្រោម៖
១. ទីក្រុងប៉ៃលិន
អ្វីដែលអ្នកទេសចរមិនគួររំលងមុនគេនោះគឺ ទីក្រុងប៉ៃលិន ដោយកាលពីពេលថ្មីៗនេះក្រុងប៉ៃលិនទទួលបានពានរង្វាន់ទីក្រុងស្អាត ផ្ការំដួល ២ ទងក្នុងឆ្នាំ ២០២៣ នេះសបញ្ជាក់ឲ្យឃើញថា សោភ័ណភាពរបស់ទីក្រុងមួយនេះ គឺជាគោលដៅទេសចរណ៍ដ៏សំខាន់មួយដែលមិនអាចខ្វះបាន។ អ្វីដែលជាចំណែកដ៏សំខាន់នៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច គឺវិស័យទេសចរណ៍ ដូច្នេះហើយដើម្បីរួមចំណែកសេដ្ឋកិច្ចនៃខេត្តប៉ៃលិន អ្នកទេសចរក៏អាចរួមចំណែកបានតាមរយៈការធ្វើដំណើរកម្សាន្តទៅកាន់ខេត្តមួយនេះបានដែរ។

រូបថត៖ ប្រភព រដ្ឋបាលខេត្តប៉ៃលិន
២. រមណីយដ្ឋានភ្នំយ៉ាត
អ្នកដំណើរទាំងឡាយដែលធ្វើដំណើរចេញ ឬចូលខេត្តប៉ៃលិនតែងតែឆ្លងកាត់តាម ជើងភ្នំយ៉ាត និងគយគន់សំណង់ប្រវត្តិសាស្ត្រមួយចំនួន ដែលនៅជាប់ជើងភ្នំយ៉ាត។ ដីនៅលើភ្នំយ៉ាត គឺជាដីរ៉ែធម្មជាតិ និងមានត្បូងពេជ្រមានតម្លៃយ៉ាងច្រើនផងដែរ។ នៅលើកំពូលភ្នំយ៉ាត មានវត្តអារាមមួយ ឈ្មោះថា វត្តគិរីរតនារាមភ្នំយ៉ាត ឬហៅថា វត្តភ្នំយ៉ាត និងមានសំណង់បូរាណ, សំណង់ថ្មីៗនិងអាស្រមជាច្រើន។ នៅនឹងជើងភ្នំយ៉ាតក៏មានអាស្រមលោកយាយយ៉ាតផងដែរ ពិសេសអាស្រមធំរបស់លោកយាយយ៉ាត នៅភាគខាងកើតនៃភ្នំយ៉ាត ដែលមានរូបសំណាកលោកយាយយ៉ាត ធ្វើអំពីថ្មភ្នំព្រះវិហារ ឆ្លាក់ដោយ វិចិត្រករខ្មែរនៅស្រុកសន្ទុក ខេត្តកំពង់ធំ មានទម្ងន់ជាង ៣៣ តោន។ ប្រជាពលរដ្ឋ អ្នកដំណើរ និងភ្ញៀវ ទេសចរណ៍ទាំងឡាយដែលមកលែងកម្សាន្តនៅក្នុងខេត្តប៉ៃលិន តែងតែចូលមកអុជធូប បួងសួងសុំ សេចក្ដីខុស សប្បាយ ពីលោកយាយយ៉ាត ដោយពួកគេយល់ថា លោកយាយយ៉ាតមានបារមី ស័ក្ដិសិទ្ធិ។
រូបថត៖ ប្រភពកម្ពុជាមាតុភូមិខ្ញុំ
អត្ថបទដកស្រង់ពី៖ គេហទំព័រព្រះរាជាណាចក្រកម្ពុជា
ទីតាំង៖ រមណីយដ្ឋានភ្នំយ៉ាត ស្ថិតនៅជាប់ផ្លូវជាតិលេខ៥៧ និងនៅជិតវត្តរតនសោភ័ណ ហៅវត្តកោងកាង, គឺជាបេះដូងខេត្តប៉ៃលិន ។
៣. រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ឬទឹកធ្លាក់ភ្នំខៀវ
រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ឬទឹកធ្លាក់ភ្នំខៀវ ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាតមួយប្រចាំខេត្តប៉ៃលិន។ រមណីយដ្ឋាននេះមានស្ទឹងធម្មជាតិដែលមានទឹកថ្លាឆ្វង់ មានជ្រោះទឹកហូរធ្លាក់លើល្បាក់ថ្មដាយ៉ាងខ្ពស់ ខ្យល់អាកាសត្រជាក់ដល់ក្រអៅបេះដូង ដែលធ្វើឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានសប្បាយរីករាយ និងបំភ្លេចអស់នូវទុក្ខកង្វល់នានា។ ពិសេសនោះ គឺម្ចាស់វិនិយោគបានកែច្នៃកញ្ចុះកន្លែងអង្គុយលេងនៅក្បែរមាត់ស្ទឹងអូរតាវ៉ៅជាច្រើនកន្លែង មានកញ្ចុះអង្គុយនៅខាងលើច្រាំង និងខាងលើកន្លែងចតឡាន សម្រាប់ភ្ញៀវទេសចររង់ចាំក្រុមគ្រួសារចុះទៅលេងទឹកជ្រោះធ្លាក់បែកផ្កាត្រែង៕

រូបថត៖ ប្រភពមន្ទីរទេសចរណ៍ខេត្តប៉ៃលិន
ទីតាំង៖ រមណីយដ្ឋានទឹកធ្លាកអូរតាវ៉ៅ ឬទឹកធ្លាក់ភ្នំខៀវ មានទីតាំងស្ថិតនៅក្នុងសង្កាត់អូរតាវ៉ៅ ខ័ណ្ឌប៉ៃលិន មានចំងាយ ៥គម ពីក្រុងប៉ៃលិន។
























































Account
Security
Favourite Content