ពិធីមង្គលការអ្នកជំនួញស្ត្រីខ្មែរដ៏ល្បីឈ្មោះលោកស្រី ទ្រី ដាណា បានបញ្ចប់ទៅហើយ ប៉ុន្តែរូបភាពនៃពិធីមង្គលនេះ នៅតែជាទីចាប់អារម្មណ៍ពីមហាជន ចែករំលែកបន្តគ្នាពេញបណ្ដាញសង្គម។ លោកស្រី ទ្រី ដាណា បានចូលរោងមង្គលកាលពីថ្ងៃទី ២ ធ្នូ ឆ្នាំ ២០២៣ កន្លងទៅនេះនៅឯភូមិគ្រឹះរបស់ខ្លួនជាមួយកូនកំលោះរូបសង្ហាវ័យក្មេង រស់ រាជ្ជសាល។ គ្រប់យ៉ាងក្នុងពិធីមង្គលមួយនេះ បានរៀបចំឡើងយ៉ាងប្រណីត និងសម្រិតសម្រាំងគ្រប់ជ្រុងជ្រោយ មិនថាការតុបតែងលម្អផ្កាភ្ញី គ្រឿងភ័ស្តុភាបណ្ណាការ និងសម្អាងការនោះទេ គឺពិតជាស្អាត ថ្លៃថ្នូរ ស័ក្ដិសមទៅនឹងពិធីមង្គលតាមបែបប្រពៃណីខ្មែរ។

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះ បើតាមទំព័រហ្វេសប៊ុកផេក ណុប ដាណេ សម្អាងការបានបង្ហាញពីពិធីសំពះផ្ទឹមចងដៃ ដោយកូនកំលោះ និងកូនក្រមុំ ក្រាបផ្ទឹមលើកន្ទេលក្រហមខ្មែរ តាមបែបប្រពៃណីខ្មែរតាំងពីបរមបុរាណមក។ ជាពិសេសមហាជន មានការចាប់អារម្មណ៍ និងសរសើរការគិតគូរពីសំណាក់សម្អាងការខាងលើ ដែលបានជ្រើសរើសកន្ទេលក្រហមខ្មែរយើង ត្បាញដោយដៃផ្ទាល់ពីសិប្បករខ្មែរពិតៗដោយនាំយកពីឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។ នេះបើតាមការឱ្យដឹងពី ណុប ដាណេ បានប្រាប់មកកាន់ AMS Infotainment នៅថ្ងៃទី៤ ធ្នូ ២០២៣ នេះ។

ក្រៅពីការចាប់អារម្មណ៍ទៅលើឈុតសំលៀកបំពាក់ប្រពៃណី កន្ទេលខ្មែរ ហើយនោះ គឺទម្រង់នៃការសំពះផ្ទឹម គឺជាគំរូដ៏ល្អមួយ ដែលប្រជាជនខ្មែរ គួរថែរក្សាឱ្យបានខ្ជាប់ខ្ជួន ដែលពិធីនេះពិតជាមានអត្ថន័យជ្រាលជ្រៅ បង្ហាញពីភាពជាគូដែលដឹងឮដល់ចាស់ទុំ ដូចពាក្យខ្មែរតែងនិយាយថា «ក្រាបក្បាលដល់កន្ទេល» នៅចំពោះមុខលោកមេបា។ ក្រៅពីពិធីសំពះផ្ទឹម ក្នុងមង្គលការបែបប្រពៃណីខ្មែរយើង នៅមានពិធីផ្សេងៗទៀត ដែលសុទ្ធសឹងតែមានប្រវត្តិរឿងព្រេង ដែលយើងគ្រប់គ្នាគួរថែរក្សា៕



























Account
Security
Favourite Content