ស្របពេលដែលសព្វថ្ងៃនេះ មនុស្សម្នាក់ៗបានក្រោកឡើងទន្ទឹមគ្នានឹងការប្រកួតប្រជែង ហើយក្ដីសុខក៏កាន់តែពិបាករកជាងមុន ដោយមិនអាចប្រៀបធៀបគ្នាបាន។ ហេតុដូចនេះហើយ ការមានក្ដីសុខនឹងរឿងតូចៗ អាចជាវិធីសាស្រ្តមួយដែលល្អសម្រាប់អ្នក។
ថ្ងៃនេះ AMS សូមណែនាំ 9 Small Wins សកម្មភាពតូចៗទាំងប៉ុន្មាននេះ ល្អទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។
១. រោទ៍ភ្លាម ក្រោកភ្លាម

អាចនិយាយបានថា នៅពេលនាឡិការោទិ៍ម្ដងៗ មនុស្សមួយចំនួនតែងមានទម្លាប់ចុចបិទ និងគេងបន្តដោយសារតែនៅមិនទាន់អស់ជាតិងងុយនៅឡើយ។ ក៏ប៉ុន្តែការក្រោកពីព្រលឹម ជាពិសេសនៅពេលដែលនាឡិការោទិ៍លើកទី១ គឺជាភាពជោគជ័យតូចមួយដែលអ្នកអាចធ្វើបាន និងនាំផលល្អជាច្រើនមកកាន់ជីវិតប្រចាំថ្ងៃ។ ដូច្នេះ សាកល្បងកសាងទម្លាប់ “រោទ៍ភ្លាម ក្រោកភ្លាម” ដើម្បីចាប់ផ្ដើមថ្ងៃថ្មីជាមួយនឹងភាពជោគជ័យទី ១។
២. ៥នាទីគុណភាព
បើទោះបីជាត្រឹមពេលវេលាខ្លីៗក៏ពិតមែន តែការចំណាយពេលពត់ខ្លួនប្រមាណ ៥នាទីជារៀងរាល់ព្រឹកជារឿងដ៏សំខាន់មួយដែលអ្នកគួរតែធ្វើ។ ជាក់ស្ដែង ការពត់តម្រង់ខ្លួនអាចជួយដល់ការដាស់សាច់ដុំនៅផ្នែកផ្សេងៗរបស់រាងកាយ ជួយឱ្យអ្នកស្វាងពីភាពងងុយជាងមុន និងជួយដល់លំហូរឈាម ជាជំនួយដល់អ្នកសម្រាប់ការចាប់ផ្ដើមថ្ងៃថ្មីផងដែរ។ ជាពិសេស ការពត់ខ្លួនមុនពេលចូលបន្ទប់ ក៏តិកនិចតួចមួយ ដែលអាចធ្វើឱ្យការបន្ទោរបង់ប្រសើរជាងមុន។
៣. សកម្មភាពដើម្បីសុខភាព
សុខភាពរឹងមាំជារឿងសំខាន់ និងជាផ្នែកមួយដែលភាពជោគជ័យនៅក្នុងថ្ងៃអនាគតត្រូវការ។ ដូច្នេះ អ្នកគួរធ្វើសកម្មភាពងាយៗណាមួយ ដែលល្អចំពោះសុខភាព មិនថា ការញ៉ាំអាហារដែលសម្បូរវីតាមីន និងសារធាតុចញ្ចឹម ញ៉ាំទឹកឱ្យគ្រប់ ជៀសវាងញ៉ាំភេសជ្ជៈកំប៉ុង ឬសាកល្បងឡើងជណ្ដើរជើង ជំនួសជណ្ដើរយន្តក៏ជាជម្រើសមួយដែលប្រសើរ។
៤. ស្នាមញញឹមវេទមន្ត

ការញញឺមដាក់គ្នា ដ្បិតជារឿងសាមញ្ញ តែវាក៏ជាថ្នាំវេទមន្តដែលអាចធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់អ្នកមានក្ដីសុខជាងមុនដែរ។ មិនថាអ្នកជា Extrovert ឬ Introvert នោះទេ អ្នកសុទ្ធតែអាចញញឹមបានទាំងអស់។ ដូច្នេះ សាកល្បងញញឹមដាក់អ្នកស្គាល់គ្នា មិត្តរួមការងារ ឬអ្នកដទៃទៀតដែលនៅជុំវិញខ្លួនអ្នកក្នុងជីវិតប្រចាំថ្ងៃ សប្បាយចិត្តទាំងអ្នកញញឹម សប្បាយចិត្តទាំងអ្នកទទួលស្នាមញញឹម។
៥. រៀបចំតុធ្វើការជាប្រចាំ
ការចំណាយពេល ៥នាទីរៀបចំតុធ្វើការមុននឹងចេញទៅផ្ទះ ជាទម្លាប់ល្អដែលអ្នកគួរអនុវត្តប្រចាំថ្ងៃ ព្រោះពេលអ្នកចេញពីធ្វើការជាមួយនឹងតុដែលមានរបៀបរៀបរយ អ្នកនឹងមានអារម្មណ៍ស្រឡះខ្លួនឥតទុក្ខកង្វល់ ហើយពេលដែលត្រឡប់មកធ្វើការនៅថ្ងៃថ្មី អ្នកក៏នឹងមានអារម្មណ៍ល្អម្ដងទៀត ប្រៀបបាននឹងអ្នកបានត្រៀមខ្លួនរួចរាល់សម្រាប់ការចាប់ផ្ដើមការងារក្នុងថ្ងៃថ្មី។
៦. សម្រាកពេលខ្លី ដើម្បីប្រសិទ្ធភាពវែង
ការរៀបចំពេលវេលាឱ្យខ្លួនឯងបានសម្រាកពីការងារខ្លះ ទោះក្នុងរយៈពេលខ្លីត្រឹម ៥នាទី ១០នាទីក៏ជារឿងប្រសើរ។ អនុញ្ញាត្តឱ្យខ្លួនឯងងើបចេញពីតុធ្វើការ ចេញទៅស្រូបយកខ្យល់អាកាសនៅខាងក្រៅខ្លះ គឺជារឿងល្អព្រោះវានឹងជួយឱ្យអ្នកអាចរំសាយអារម្មណ៍ពីភាពហត់នឿយ និងអាចបន្តការងារម្ដងទៀត ពេញដោយប្រសិទ្ធភាពសារជាថ្មី។ ក៏ប៉ុន្តែក្នុងករណីដែលអ្នករវល់ខ្លាំង សុំត្រឹមដកភ្នែកចេះពីអេក្រង់កុំព្យូទ័រ សម្លឹងមើលមេឃ មើលផ្កាយ ឬរុក្ខជាតិបៃតងនៅខាងបង្អួចការិយាល័យក៏ជារឿងប្រសើរ។
៧. Me Time

ទោះរវល់ប៉ុណ្ណាក៏ដោយ តែអ្នកគួរចាត់ចែងពេលវេលាខ្លះ ដើម្បីធ្វើអ្វីដែលខ្លួនឯងចូលចិត្ត។ តួយ៉ាង អ្នកអាចចំណាយពេលមើលរឿង ស្ដាប់ភ្លេង លេងហ្គេម ឬសូម្បីតែអង្គុយញ៉ាំការហ្វេដោយមិនគិតឈឺក្បាលនឹងបញ្ហាផ្សេងៗ ក៏ជា Me Time ដ៏ល្អដែរ។ ការចំណាយពេលធ្វើអ្វីដែលខ្លួនឯងស្រឡាញ់ ទោះមិនអាចបង្កើតសមិទ្ធផលអ្វីជាដុំកំភួនក៏ពិតមែន តែក៏មិនអាចចាត់ទុកថាជារឿងឥតប្រយោជន៍ដែរ ព្រោះវាជាវិធីសាស្ត្រសាកថ្មជីវិតដ៏ល្អបំផុតមួយ។
៨. រីករាយនឹងភាពជោគជ័យតូចៗ
ភាពជោគជ័យមួយចំនួន អាចនឹងមិនមែនជារឿងធំដុំក៏ពិតមែន តែអ្នកបានធ្វើវាដោយការតាំងចិត្ត។ ដូច្នេះ កុំភ្លេចរីករាយ និងសរសើរខ្លួនឯងដែលអាចធ្វើរឿងតូចៗនោះសម្រេចបាន។ បើទោះថ្ងៃនោះ អ្នកមិនបានធ្វើអ្វីថ្មី តែរឿងតូចទាំង ៧ ខាងលើនេះ ក៏អ្នកអាចចាត់ទុកថាជាភាពជោគជ័យប្រចាំថ្ងៃរបស់អ្នកបានដែរ។
៩. បញ្ចប់ថ្ងៃជាមួយនឹងអារម្មណ៍សប្បាយចិត្ត
មុននឹងចូលគេង អ្នកគួររំឭកឡើងវិញនូវរឿងល្អៗដែលអ្នកបានជួបនៅអំឡុងពេលមួយថ្ងៃដែលបានក្រោកមកប្រើប្រាស់ជីវិត។ ដ្បិតរឿងនោះតូចប៉ុណ្ណាក៏ដោយ វាក៏នៅតែជារឿងល្អ។ ដូចនេះ ចូររីករាយជាមួយរឿងតូចៗទាំងនោះ ព្រោះការនឹកគិតដល់រឿងល្អៗមុននឹងចូលគេង អាចជួយឱ្យគុណភាពនៃការគេងរបស់អ្នកមានភាពប្រសើរជាងមុន និងប្រៀបបានទៅនឹងកម្លាំងជំរុញដ៏មានឥទ្ធិពលមួយ ដែលអាចលើកទឹកចិត្តដល់ការចាប់ផ្ដើមថ្ងៃថ្មី នៅថ្ងៃបន្ទាប់បាន៕


























Account
Security
Favourite Content