បើតាមអនុក្រឹត្យ ស្ដី ពីការកែប្រែតម្លៃឯកតានៃសន្ទស្សន៍បៀវត្យមូលដ្ឋានរបស់មន្ត្រីរាជការ នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា បានបង្ហោះនៅលើទំព័រហ្វេសប៊ុកផេកផ្លូវការ បានឱ្យដឹងថា រដ្ឋាភិបាលសម្រេចកែប្រែតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានរបស់មន្ត្រីរាជការ ពីចំនួន ២៥០០ (ពីរពាន់ប្រាំរយ) រៀល ទៅចំនួន ២៦៣០ (ពីរពាន់ប្រាំមួយរយសាមសិប) រៀល ក្នុងមួយសន្ទស្សន៍។ តម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋាននេះ ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ។
តាមមាត្រា៣ នៃអនុក្រឹត្យខាងលើនេះបានឱ្យទៀតថា អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះមន្ត្រីរាជការនៃព្រះរាជាណាចក្រកម្ពុជាកំពុងបម្រើការងារ ស្ថិតក្រោម៖
- ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- ច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ
- ច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា
- ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកក្របខណ្ឌមន្ត្រីជាន់ខ្ពស់សវនកម្ម នៃអាជ្ញាធរសវនកម្មជាតិ
- ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខណ្ឌមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ
- ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខណ្ឌមន្ត្រីរាជការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
សូមបញ្ជាក់ថា តម្លៃឯកតានៃសន្ទស្សន៍ប្រាក់បៀវត្សរបស់មន្ត្រីរាជការ គិតត្រឹមឆ្នាំ ២០២០ មក គឺមិនមានការកែប្រែឡើយ នៅត្រឹម ២៥០០ រហូតដល់បំណាច់ឆ្នាំ ២០២៣។ ដូចនេះមានន័យថា ចាប់ពីឆ្នាំ ២០២៤ នេះទៅមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នឹងត្រូវបានដំឡើងប្រាក់បៀវត្ស ទៅតាមឋានន្តរស័ក្ដិ តាមថ្នាក់របស់ខ្លួន។ ឧទាហរណ៍មន្ត្រីថ្នាក់ ក ថ្នាក់ ខ ថ្នាក់ គ នឹងត្រូវបានដំឡើងទៅតាមតួនាទី តាមថ្នាក់រៀងៗខ្លួន៕


























Account
Security
Favourite Content