ឪពុកម្ដាយគ្រប់រូបតែងតែប្រាថ្នាចង់ឃើញកូនៗរបស់ខ្លួនរីកធំលូតលាស់ឡើងដោយមានសុខភាពល្អ និងសុខសប្បាយ ជាពិសេសគឺភាពវៃឆ្លាតរបស់ពួកគេតែម្ដង។ ដូច្នេះថ្ងៃនេះយើងសូមចែករំលែកពីគន្លឹះចំនួន ៨ ដែលជួយអភិវឌ្ឍខួរក្បាលរបស់ក្មេងៗនៅអាយុ ១ ខួបដំបូងរបស់ពួកគេ៖
១. បំបៅទឹកដោះម្ដាយ

ការបំបៅកូនដោយទឹកដោះម្ដាយគឺពិតជាមានសារៈសំខាន់ខ្លាំងមែនទែនចំពោះការលូតលាស់របស់ក្មេងៗ។ តាមការស្រាវជ្រាវបានរកឃើញថានៅក្នុងទឹកដោះម្ដាយគឺមានផ្ទុកនូវសារធាតុដែលអាចជយយគ្រប់គ្រង់ការលូតលាស់នៃកោសិកាសរសៃប្រសាទ និងខួរក្បាល។ មិនតែប៉ុណ្ណោះ វាក៏រួមមានអរម៉ូនដែលជួយដល់ការលូតលាស់ និងអភិវឌ្ឍខួរក្បាលព្រមទាំងរាងកាយកុមារផងដែរ។
២. ស្វែងយល់មូលហេតុនៃការយំរបស់ក្មេង
អំឡុងពេលមួយខួបដំបូងសម្រាប់កូនក្មេងគឺមិនអាចប្រាស្រ័យទាក់ទងតាមការនិយាយបានឡើយ។ ពួកគេនឹងប្រើសម្លេងដើម្បីទាក់ទងជាមួយយើង ជាពិសេសគឺការយំតែម្ដង។ នៅពេលពួកគេយំមានន័យថាគេកំពុងប្រាប់ពីតម្រូវការមកកាន់យើងដូចជាឃ្លាន ឈឺ អស់កម្លាំង ងងុយ ឬចង់លេងជាដើម។ ដូច្នេះប្រសិនបើឪពុកម្ដាយយល់ពីតម្រូវការ និងបំណងរបស់ពួកគេ នោះវានឹងបង្កើតជាអារម្មណ៍កាន់តែកក់ក្ដៅ។
៣. ឧស្សាហ៍បីអំឡុង ៣ ខែដំបូង

ការឱប ឬបីអំឡុងពេល ៣ ខែដំបូងគឺជារឿងដែលឪពុកម្ដាយគួរធ្វើឱ្យបានញឹកញាប់។ ដោយសារនៅអាយុនេះពួកគេឆាប់ភ្ញាក់ផ្អើល ឬហៅបានថាជា moro reflex ដែលជាប្រតិកម្មធម្មតាអំឡុងពេលកំពុងលូតលាស់ ហើយវានឹងថយចុះបន្តិចម្ដងៗទៅអាយុរបស់គេ។ ដោយសារ moro reflex មានទំនោរធ្វើឱ្យក្មេងភ្ញាក់ញឹកញាប់ ដូច្នេះហើយការឱបពីឪពុកម្ដាយប្រៀបដូចជាផ្ដល់នូវអារម្មណ៍កក់ក្ដៅ និងសុវត្ថិភាពដែរ។
៤. ផ្ដោតទៅលើវិន័យ
ការបង្កើតទម្លាប់ និងវិន័យសម្រាប់ក្មេងតាំងពីមួយខួបដំបូងរបស់ពួកគេក៏អាចអភិវឌ្ឍខួរក្បាលផងដែរ។ ក្នុងវ័យនេះដែរ យើងអាចបង្រៀន និងប្រដៅពួកគេអំពីរបៀបរបបនៃការរស់នៅខ្លះៗដូចជាការញ៉ាំ និងគេងជាដើម។ ដូច្នេះនៅពេលដែលពួកគេកាន់តែធំទៅបន្តិចម្ដងៗ ពួកគេនឹងមានទម្លាប់ល្អក្នុងការរស់នៅ ក៏ដូចជាចេះគិតគូរជាងមុនផងដែរ។
៥. បង្កើតសកម្មភាពជាមួយក្មេងឱ្យបានច្រើន

ការព្យាយាមបង្កើតសកម្មភាពផ្សេងៗជាមួយកុមារក៏រួមចំណែកដល់ការអភិវឌ្ឍប្រព័ន្ធសរសៃប្រសាទ និងខួរក្បាលរួមទាំងផ្នែកផ្សេងៗទៀតផងដែរ។ មិនតែប៉ុណ្ណោះ ការចំណាយពេលជាមួយក្មេងៗឱ្យបានច្រើនក៏អាចផ្ដល់ភាពងាយស្រួលក្នុងការសង្កេតមើលការវិវត្តរបស់ពួកគេគ្រប់បែបយ៉ាងដែរ។
៦. ផ្ដោតលើសៀវភៅឱ្យបានច្រើន
ជាការពិត សៀវភៅប្រៀបដូចជាការបើកបង្ហាញពីពិភពលោកទៅកាន់ក្មេងដែរ។ ដូច្នេះការបណ្ដុះទម្លាប់នៃការអានដល់ពួកគេគឺជាចំណុចផ្ដើមមួយដ៏ល្អដែលអាចធ្វើឱ្យការអភិវឌ្ឍខួរក្បាលរបស់ពួកគេកាន់តែមានប្រសិទ្ធភាព និងចេះគិតពិចារណា។
៧. នៅឆ្ងាយពីឧបករណ៍ទំនាក់ទំនង
ការរក្សាគម្លាតពីឧបករណ៍ទំនាក់ទំនងផ្សេងៗគឺជាការបង្កើតពេលវេលា និងភាពស្និទ្ធស្នាលជាមួយកូនឱ្យមានកាន់តែច្រើន។ វាក៏អាចជួយការពារក្មេងៗពីការញៀនទូរសព្ទផងដែរ។ តាមការស្រាវជ្រាវជាច្រើនបានបង្ហាញថាផលប៉ះពាល់ផ្លូវចិត្តលើកុមារភាគច្រើនគឺបណ្ដាលមកពីការប្រើប្រាស់ ឬសម្លឹងមើលឧបករណ៍អេឡិចត្រូនិចខ្លាំងពេក។
៨. ការធ្វើលំហាត់ប្រាណ
ការនាំកូនៗចេញក្រៅដើរលេង ឬធ្វើលំហាត់ប្រាណតិចៗក៏អាចត្រូវបានចាត់ទុកជារបៀបមួយនៃការអភិវឌ្ឍខួរក្បាលដែរ។ មិនតែប៉ុណ្ណោះ ការហាត់ប្រាណតិចៗបែបនេះអាចធ្វើឱ្យរាងកាយរបស់ពួកគេផ្លាស់ទីបានញឹកញាប់ដែលមានផលល្អសម្រាប់សាច់ដុំ និងប្រព័ន្ធប្រសាទថែមទៀតផង៕






















Account
Security
Favourite Content