ក្នុងឱកាសបុណ្យចូលឆ្នាំចិនឈានមកដល់ ការផ្ដល់កាដូឱ្យគ្នា មិនថាជាអាំងប៉ាវ ឬវត្ថុអនុស្សាវរីយ៍ផ្សេងៗជារឿងដែលគួរឱ្យរីករាយ និងមិនអាចរំលងបានតាមវប្បធម៌ប្រពៃណីបងប្អូនជនជាតិចិន។ ដោយឡែក មិនមែនមានន័យថា របស់ទាំងអស់សុទ្ធតែអាចយកមកធ្វើជាអំណោយបាននោះទេ ព្រោះវត្ថុទាំងនោះអាចនឹងមានអត្ថន័យមិនសមគួរទៅតាមជំនឿរបស់ជនជាតិចិន។
ខាងក្រោមនេះ ជារបស់ទាំង ១៥យ៉ាង ហាមដាច់ខាតយកធ្វើជាអំណោចនៅថ្ងៃចូលឆ្នាំចិន៖
១៥. ខ្សែក ក្រវ៉ាត់ក និងខ្សែក្រវ៉ាត់

ការដល់អំណោយជា ខ្សែក ក្រវ៉ាត់ក និងខ្សែក្រវ៉ាត់ ទៅកាន់មិត្តភ័ក្តិ និងមនុស្សដែលទើបតែស្គាល់គ្នាជារឿងមិនគប្បីនៅក្នុងវប្បធម៌ចិន ដោយជនជាតិមួយនេះជឿថា ទាល់តែបុគ្គលដែលជិតស្និទ្ធគ្នាខ្លាំងទើបអាចផ្ដល់អំណោយទាំនេះបាន។ ជាក់ស្ដែង ខ្សែក ក្រវ៉ាត់ក និងខ្សែក្រវ៉ាត់ តែងជាអំណោយសម្រាប់អ្នកដែលជាគូស្នេហ៍ប្រគល់ឱ្យគ្នា។
១៤. កាបូបលុយ

នៅក្នុងវប្បធម៌ប្រពៃណីចិន ការឱ្យកាដូជាកាបូបលុយ ជានិម្មិតសញ្ញាដែលសម្គាល់ថា អ្នកផ្ដល់ឱ្យនឹងលះបង់ទ្រព្យសម្បត្តិ និងសំណាងទាំងអស់ទៅឱ្យអ្នកទទួល។ ដូចនេះមានន័យថា អ្នកដែលផ្ដល់អំណោយមួយនេះទៅអ្នកដទៃ និងបាត់បង់លាភសំណាងនៅក្នុងឆ្នាំថ្មី។ យ៉ាងណាមិញ វាមិនមែនជាបញ្ហាក្នុងការផ្ដល់វត្ថុមួយនេះទៅកាន់ដៃគូ ឬសមាជិកគ្រួសារដែលមានទ្រព្យសម្បត្តិរួមគ្នានោះទេ។
១៣. កន្សែងដៃ

ជាធម្មតា ជនជាតិចិននិយមផ្ដល់អំណោយជាកន្សែងដៃនៅពេលដែលពិធីបុណ្យសពបានមកដល់ទីបញ្ចាប់ ព្រោះគេជឿថា ការធ្វើបែបនេះជាការនិយាយលាគ្នាជារៀងរហូត។ ហេតុដូចនេះហើយ បានជាកន្សែងដៃ ដាច់ខាតមិនអាចយកមកធ្វើជាអំណោយក្នុងថ្ងៃចូលឆ្នាំចិននោះទេ ព្រោះវាប្រៀបបានជាផ្ដាច់ទំនាក់ទំនងរវាងគ្នានឹងគ្នាអ៊ីចឹង។
១២. តុក្កតាកូនក្រមុំ

តុក្កតាកូនក្រមុំ ជាកាដូដ៏ពេញនិយមមួយ ដែលគេតែងយកមកធ្វើជាអំណោយក្នុងឱកាសសំខាន់ៗនានា។ ដោយឡែក នៅក្នុងជំនឿជនជាតិចិន តុក្កតាអាចនឹងមានជាប់ពាក់ព័ន្ធទៅនឹងអំពើផ្លូវងងឹត ដែលអាចទាក់ទាញវិញ្ញាណអាក្រក់បាន។
១១. ឆ័ត្រ

ជាភាសាចិន “ឆ័ត្រ” មានសំនៀងដូចគ្នានឹងពាក្យដែលមានអត្ថន័យ “ការបែកគ្នា”។ ដូចនេះ ក៏ផ្ដល់អំណោចប្រភេទនេះ ប្រៀបបាននឹងការដែលអ្នកប្រាប់ទៅអ្នកទទួលដោយបញ្ឆិតបញ្ឆៀងថា អ្នកចង់សុំគេបែក។
១០. មួក

នៅក្នុងពិធីបុណ្យសពបែបចិន នៅពេលដែលមានមនុស្សចាស់ស្លាប់ កូនចៅតែងពាក់មួកមួយប្រភេទ ដែលជាដើមហេតុនៃការហាមមិនឱ្យយកមួកធ្វើជាអំណោយនៅថ្ងៃចូលឆ្នាំចិន។ ជាក់ស្ដែង ប្រជាជននៅក្នុងទីក្រុង Handan ខេត្ត Hebei ប្រទេសចិន មានទម្លាប់បោះមួកចាស់ៗចោលនៅតាមដងផ្លូវក្នុងថ្ងៃសែនចូលឆ្នាំ ដោយជឿថា សកម្មភាពនេះ ជាការបោះចោលទុក្ខសោក និងបញ្ហាផ្សេងៗ។
៩. វត្ថុដែលមានពណ៌ខ្មៅ ឬពណ៌ស

មិនខុសគ្នាពីវប្បធម៌របស់ប្រជាជនខ្មែរប៉ុន្មានទេ ពណ៌ខ្មៅ និងពណ៌ស ជាពណ៌ដែលប្រើប្រាស់នៅក្នុងពិធីបុណ្យសព។ ដូចនេះ វាជារឿងល្អក្នុងការជៀសវាងរើសយករបស់ដែលមានមួយផ្នែកធំមានពណ៌ខ្មៅ ឬពណ៌សធ្វើជាអំណោយ។ ផ្ទុយគ្នាវិញ ពណ៌ក្រហមជាពណ៌មង្គលដែលនិយមប្រើប្រាស់ក្នុងវប្បធម៌ចិន។
៨. វត្ថុមុតស្រួច

ការឲ្យអ្វីដែលមានមុខមុតស្រួចដូចជាកាំបិត ឬកន្ត្រៃ ជាអំណោយដែលមិនសមរម្យមួយ ដោយប្រជាជនចិនប្រដូចអំណោយមួយនេះ ទៅនឹងការកាត់ផ្ដាច់ទំនាក់ទំនង។
៧. ផ្លែសារី

ផ្លែឈើជាអំណោយដ៏ពេញនិយមក្នុងថ្ងៃចូលឆ្នាំចិន លើកលែងតែអំណោយជា ផ្លែសារី។ ជាក់ស្ដែង ក្នុងសំនៀងជាភាសាចិន ផ្លែឈើមួយនេះបញ្ចេញសំឡេងដូចគ្នានឹងពាក្យថា “បែកគ្នា” ដែលជាអត្ថន័យនៃសំណាងអាក្រក់មួយ។
៦. ទៀន

ទៀន ជាវត្ថុដ៏សំខាន់មួយសម្រាប់ដុតបំភ្លឺនៅក្នុងបុណ្យសព។ ហេតុផលមួយនេះហើយ បានជាទៀនគ្រប់ប្រភេទ ជាអំណោយដែលត្រូវហាមឃាត់ដាច់ខាតក្នុងថ្ងៃចូលឆ្នាំចិន។
៥. ផ្កា

ទំនៀមទម្លាប់របស់ជនជាតិចិន ផ្កាគឺជារបស់ដ៏ពេញនិយមមួយដែល ភ្ញៀវយកទៅជូនដល់ក្រុមគ្រួសារសព ក្នុងន័យជួយចូលរួមរំលែកទុក្ខ។ ដូចនេះ ការជូនផ្កានៅក្នុងថ្ងៃមង្គលមួយនេះ គឺជាទង្វើមិនសមគួរ ជាពិសេសគឺផ្កាស្បៃរឿងពណ៌លឿង និងផ្កាដែលមានពណ៌ស សុទ្ធតែជាប្រភេទផ្កាដែលហាមដាច់ខាតតែម្ដង។
៤. កញ្ចក់

ជនជាតិចិនមានជំនឿថា កញ្ចក់គឺជាវត្ថុម៉្យាងដែលមានជាប់ពាក់ព័ន្ធនឹងអំពើផ្លូវងងឹត អាចទាក់ទាញវិញ្ញាណខ្មោចព្រាយបិសាចបាន។ បន្ថែមពីនេះទៀត ជនជាតិអាស៊ីមួយនេះមានជំនឿងបន្ថែមថា កញ្ចក់ជាវត្ថុដែលងាយនឹងបាក់បែក ដែលអាចជាប្រផ្នូលអាក្រក់មួយសម្រាប់ឆ្នាំថ្មី។
៣. ស្បែកជើង

ពាក្យថា “ស្បែកជើង” នៅក្នុងភាសាចិនមានសូរសំនៀងស្រដៀងគ្នាទៅនឹងពាក្យថា “សំណាងអាក្រក់”។ ទន្ទឹមគ្នានេះ ស្បែកជើងគឺជារបស់ដែលមនុស្សជាន់នឹងជើង ជាហេតុដែលជនជាតិចិនគិតថា ការឱ្យអំណោយជាស្បែកជើង ប្រៀបបាននឹងការប្រមាថដល់អ្នកដែលទទួលអំណោយនេះ។ ហេតុដូចនេះហើយ ការយកស្បែកជើងធ្វើជាអំណោយ ជារឿងដែលហាមដាច់ខាត។
២. របស់របរដែលទាក់ទងនឹងលេខ ៤

ក្នុងវប្បធម៌របស់ជនជាតិចិន លេខ៤ ជាតំណាងឱ្យសំណាងអាក្រក់ ដោយសារតែលេខមួយនេះ មានសូរសៀងដូចគ្នានឹងពាក្យថា “ស្លាប់”។ ហេតុដូចនេះហើយ របស់របរដែលទាក់ទងនឹងលេខ ឬមានចំនួន៤ ដូចជា ១៤, ២៤ ឬ ៤០ ជាអ្វីដែលមិនសមរម្យយកធ្វើជាអំណោយក្នុងថ្ងៃចូលឆ្នាំចិននោះទេ។
១. នាឡិកា

ពាក្យថា “ជូននាឡិកា” ក្នុងភាសាចិនមានសំនៀងដូចគ្នានឹងពាក្យថា “ចូលរួមបុណ្យសព” ជាមូលហេតុចម្បងមូលដែលគួរជៀសវាងក្នុងការជ្រើសរើសយកវត្ថុមួយនេះធ្វើជាអំណោយ។ បន្ថែមពីនេះទៀត ជនជាតិចិនជឿថា នាឡិកា ជានិមិត្តរូបនៃ ពេលវេលាចុងក្រោយ។ ដូចនេះ ការផ្ដល់អំណោយមួយនេះ ជាពិសេសដល់មនុស្សដែលមានវ័យចំណាស់ជារឿងដែលមិនគប្បីនោះទេ៕

























Account
Security
Favourite Content