នៅក្នុងកិច្ចសន្ទនាអំពីកម្មវិធីប្រគំតន្ត្រីគម្រប់ខួប៣០ឆ្នាំរបស់ SM Entertainment កាលពីថ្ងៃទី២២ ខែមករានេះ D.O. បានបង្ហើបថា ខ្លួនកំពុងតែរៀបចំគម្រោងសម្រាប់ការត្រលប់មកវិញរបស់ក្រុមចម្រៀង EXO។

យោងតាមការចុះផ្សាយរបស់ Allkpop នៅពេលដែលពិធីករបានសាកសួរទៅកាន់តារាប្រុសដែលមានឈ្មោះពេញថា Doh Kyung-soo អំពីភាពអាចទៅរួចក្នុងការដែលឃើញសមាជិកក្រុម EXO ត្រឡប់មកប្រឡូកក្នុងការងារសិល្បៈជាក្រុមរួមគ្នាម្ដងទៀត តារាពហុជំនាញរូបនេះបានឆ្លើយដោយទំនុកចិត្តថា៖ “ពិតណាស់! អ្នកនឹងឃើញពួកយើងត្រឡប់មកច្រៀងជាក្រុមពេញលេញម្ដងទៀត។ ពួកយើងកំពុងធ្វើការលើរឿងនេះ”។
បើទោះបីជាមិនទាន់អាចកំណត់ពេលវេលាឱ្យបានជាក់លាក់ក្ដី តែ D.O. បានចែករំលែកថា ការត្រឡប់មកវិញនេះមិនអាចកើតឡើងនៅក្នុងឆ្នាំ២០២៥ ទេ ព្រោះក្រុមការងារនឹងចំណាយពេលក្នុងឆ្នាំនេះដើម្បីរៀបចំគម្រោងផ្សេងៗ។ តារាប្រុសវ័យ ៣២ឆ្នាំបាននិយាយថា៖ “បើទោះបីជាមិនមែនក្នុងឆ្នាំនេះ តែមិនយូរទៀតទេ។ ពួកយើងបានប្រមូលកាលវិភាគការងាររបស់សមាជិកក្រុមម្នាក់ៗរួចហើយ និងកំពុងតែរៀបចំលើការងារមួយនេះ”។

បន្តពីនេះ តារាពហុជំនាញក៏បានប្រាប់បន្ថែមទៅកាន់ក្រុមអ្នកគាំទ្រ EXO-L ថា៖ “ទោះបីជាពេលនេះពួកយើងស្ថិតនៅក្រោមការគ្រប់គ្រង់របស់ភ្នាក់ងារផ្សេងគ្នាក៏ដោយ ប៉ុន្តែការងារទាំងអស់របស់ EXO នៅតែស្ថិតក្រោមការរៀបចំរបស់ SM ដដែល ដោយមិនមានអ្វីប្រែប្រួលទេ”។
គួររំឭកផងដែរថា EXO បានចាប់ផ្ដើមប្រឡូកក្នុងការងារសិល្បៈតាំងតែពីឆ្នាំ២០១២ មកម្ល៉េះ ដោយមានបទចម្រៀងល្បីៗជាច្រើន ដូចជាបទ Growl, Love Shot និង Monster ជាដើម។ កាលពីខែកក្កដា ឆ្នាំ២០២៣ ក្រុមចម្រៀងខេប៉ុបបុរសមួយនេះ បានបញ្ចេញអាល់ប៊ុម EXIST ដែលជាអាល់ប៊ុមបែប Full-length ទី៧ និងជាអាល់ប៊ុមចុងក្រោយបង្អស់របស់ក្រុម៕
























Account
Security
Favourite Content