មនុស្សស្រីដែលឆ្លាត ស្អាត ពូកែ ថ្លៃថ្នូរ តើជានារីបែបណាទៅ? ហេតុអ្វីទើបបានជាគេទទួលបានភាពជោគជ័យ ធ្វើអ្វីក៏ល្អមើលគ្រប់យ៉ាង? ថ្ងៃនេះយើងនឹងអធិប្បាយជាចំណុចៗឱ្យប្រិយមិត្តបានដឹងទាំងអស់គ្នា។ ជឿទៅ អ្នកក៏អាចក្លាយជាស្រីស្អាត ឆ្លាត ពូកែដូចគេបានដែរ។

១. មិនងាយចុះចាញ់នឹងអ្វីៗ
ប្រាកដណាស់ ភាពជោគជ័យដែលគ្រប់គ្នាប្រាថ្នាមិនមែនបានមកដោយងាយៗទេ។ ត្រូវការភាពអត់ធ្មត់ ការតស៊ូព្យាយាមម្តងហើយម្តងទៀត។ ដូច្នេះ បើចង់ជោគជ័យ អ្នកត្រូវកំណត់គោលដៅ ហើយតស៊ូជាមួយវា។ អ្នកអាចហត់បាន តែកុំចុះចាញ់ឱ្យសោះណា។
២. មិនពន្យារពេលស្អែកហើយស្អែកទៀត
“ទុកសិនទៅ ស្អែកចាំធ្វើ” អ្នកប្រាកដជាធ្លាប់និយាយពាក្យនេះ អ្នកខ្លះរកលេសនេះលេសនោះឱ្យខ្លួនឯង ឬដាក់អ្នកដទៃ។ គួរបញ្ឈប់ទម្លាប់នេះទៅ ព្រោះមិនឡូយទេ។ ការពន្យារពេលនាំឱ្យកើតមានអាកប្បកិរិយាអវិជ្ជមានតាមមកជាច្រើន។ ជាពិសេសអ្នកនឹងបាត់បង់ជំនឿចិត្តពីមនុស្សជុំវិញខ្លួន ទឹកមាត់មិនប្រៃ។ គួរចាប់ផ្តើមពីថ្ងៃនេះទៅ។
៣. ធ្វើឱ្យល្អបំផុតតាមដែលអាចធ្វើបាន
ភាពជោគជ័យកើតចេញពីគុណភាពការងារ កុំគិតថាធ្វើឱ្យតែរួចពីដៃទៅ គេមិនដឹង។ បើអ្នកសាកប្រឹងឱ្យអស់ពីសមត្ថភាព ដាក់ចិត្តធ្វើវាមួយរយភាគរយ អ្នកណាក៏ទទួលស្គាល់ពីភាពព្យាយាមរបស់អ្នកដែរ។ រួចហើយ ភាពជោគជ័យនៅមិនឆ្ងាយដែលនឹងឈោងដៃចាប់យកមិនបាននោះទេ។ ស្រួលមិនស្រួល បានឡើងតំណែងធំលឿនជាងកំណត់ផង។
៤. សម្លឹងមើលពិភពលោកក្នុងផ្លូវល្អ
នៅពេលអ្នកមានភាពសុទិដ្ឋិនិយមក្នុងការរស់នៅ គឺជាចំណុចចាប់ផ្តើមនៃរឿងរ៉ាវល្អៗជាច្រើន។ អ្នកសាកគិតទៅមើលថា មនុស្សដែលអារម្មណ៍ល្អ ញញឹមញញែម គិតវិជ្ជមាន នរណាៗក៏ចង់នៅក្បែរ រាក់ទាក់ជាមួយ។ ដូច្នេះ គួរផ្លាស់ប្តូរខ្លួនឯងគិតវិជ្ជមានឱ្យបានច្រើន។ អ្នកធ្លាប់ឮ ច្បាប់ស្រូបទាញ ទេ? រឿងល្អៗនឹងស្រូបទាញរឿងល្អៗមករកគ្នា ទើបនៅពេលគិតវិជ្ជមានបានហើយ គ្រប់យ៉ាងនឹងរលូនដោយឯកឯង។

៥. ហ៊ានប្រឈមមុខនឹងរឿងរ៉ាវផ្សេងៗ
នេះហើយជាគុណសម្បត្តិរបស់អ្នកឈ្នះ ដែលមិនគេចវេះពីរឿងរ៉ាវនៅចំពោះមុខ។ ម្យ៉ាងវិញទៀត ការប្រឈមនឹងឧបសគ្គគឺជាតេស្តសាកល្បងធ្វើឱ្យអ្នកកាន់តែរឹងមាំទ្វេដង។ ដូច្នេះ ពេលជួបឧបសគ្គ មិនមែនជារឿងអាក្រក់ទាំងអស់ទេ។
៦. ប្រជាប្រិយ សុភាព ទន់ភ្លន់
ជានារី ស្អាត ឆ្លាតមួយទាំងមូល ត្រូវតែមានចរិយាមារយាទគួរឱ្យចង់រាប់អាន។ គុណសម្បត្តិរបស់នារីប្រភេទនេះ គឺចេះរួសរាយរាក់ទាក់ និងទន់ភ្លន់។ មិនថាអ្នកឈានដល់ចំណុចណា បើអ្នកចេះគោរពអ្នកដទៃ ប្រាកដជាទទួលបានការស្រឡាញ់រាប់អាន ពីពួកគេមិនពិបាក។ ចង់ក្លាយជានារីថ្លៃថ្នូរ ត្រូវមានភាពថ្លៃថ្នូរទាំងកិរិយាមារយាទផងដែរ។
៧. ហ៊ាននិយាយពាក្យអរគុណ សុំទោស
ការដែលមានកំហុស ឬហាមាត់សុំជំនួយពីគេ មិនមែនបង្ហាញថាអ្នកទន់ខ្សោយ ឬអាក្រក់ទេ។ ដំរីជើងបួនគង់មានភ្លាត់ អ្នកប្រាជ្ញចេះស្ទាត់គង់មានភ្លេច មនុស្សគ្រប់គ្នាសុទ្ធតែអាចខុសឆ្គងបាន។ គ្រាន់តែថាបើខុសហើយ ត្រូវចេះដឹងកំហុស ចេះសុំទោស។ ហេតុនេះហើយ គួរនិយាយពាក្យអរគុណ សុំទោសឱ្យជាប់ជាទម្លាប់។ ពាក្យពីរម៉ាត់ងាយៗ ប៉ុន្តែអាចឆក់បេះដូងគេបានគ្រប់គ្នា។
៨. ជាទឹកកន្លះកែវ ព្រមស្វែងយល់ជានិច្ច
ការស្វែងរកចំណេះដឹងដាក់ខ្លួនគឺជា ការកសាងតម្លៃឱ្យខ្លួនឯងជាលំដាប់។ បើបាននៅក្នុងចំណោមអ្នកពូកែៗ ស្រីៗត្រូវតែស្វះស្វែងរៀនពីគេ។ ស្រីស្អាតស្រួលរកណាស់ឥឡូវ តែបើស្អាតហើយឆ្លាតទៀត ទើបជាទីចាប់អារម្មណ៍ជាង។ មែនអត់?
៩. យល់ និងទទួលយកការខកចិត្ត
យំទឹកភ្នែកសស្រាក់សស្រាំមិនមែនជាវិធីបន្លប់ចិត្តរបស់មនុស្សស្រីឆ្លាតឡើយ ព្រោះការបណ្តោយឱ្យខ្លួនឯងលិចលង់ក្នុងទុក្ខសោក មានតែធ្វើឱ្យជីវិតអាក្រក់ទៅៗ។ ដូច្នេះ កុំបណ្តោយឱ្យភាពឈឺចាប់ដឹកនាំអ្នកបានឱ្យសោះ។
១០. ជានារីមានហេតុផល
អ្នកណាក៏ចង់នៅក្បែរមនុស្សបែបនេះ ថែមទាំងនាំផ្លូវជីវិតអ្នកទៅរកភាពល្អប្រសើរទៀត។ បើរូបរាងស្អាតបាតតែខ្វះហេតុផល គ្មាននរណាគោរពទេ។
១១. អាចមើលថែខ្លួនឯងបាន
ច្បាប់ចុងក្រោយនេះគឺ អ្នកអាចឈរលើជំហរខ្លួនឯងបាន។ នេះហើយជាភាពថ្លៃថ្នូរដ៏ពិតប្រាកដ។ តែមិនមែនតម្រូវឱ្យអ្នកត្រូវតែធ្វើអ្វីដោយខ្លួនឯង ហើយឈប់ពឹងគេទេ។ អ្នកអាចពឹងពាក់គេ ហើយសងគុណគេវិញបាន។ ហើយអ្នកក៏អាចជួយអ្នកដទៃវិញបានតាមសមត្ថភាពខ្លួនដូចគ្នាដែរ៕


























Account
Security
Favourite Content