មិនប្រាកដថាមនុស្សគ្រប់គ្នាសុទ្ធតែមានអារម្មណ៍ស្រស់ស្រាយក្រោយក្រោកពីគេងនោះទេ ហើយវាថែមទាំងធ្វើឱ្យពួកគេអស់កម្លាំង និងមានអារម្មណ៍ចង់បិទភ្នែកគេង។ ស្របពេលនេះ វាក៏ជាសញ្ញាមួយនៃស្ថានភាពផ្លូវចិត្ត ឬសុខភាពរាងកាយដែរ។ ហើយភាគច្រើនពួកគេត្រូវបានគេវាយតម្លៃថាជាមនុស្សខ្ជិល ឬមិនបានការទាំងមិនទាន់មូលហេតុពីក្រោយបញ្ហានេះឡើយ។ ដូច្នេះថ្ងៃនេះ AMS នឹងចែករំលែកនូវមូលហេតុខ្លះៗដែលធ្វើឱ្យយើងឧស្សាហ៍មានអារម្មណ៍ងងុយគេងច្រើន៖
១. ការគេងមិនលក់
ប្រសិនបើដល់ម៉ោងគេងតែយើងមិនបានសម្រាក នោះនឹងធ្វើឱ្យមានអារម្មណ៍ងងុយនៅម៉ោងដែលយើងត្រូវភ្ញាក់។ ប៉ុន្តែការធ្វើបែបនេះនឹងនាំឱ្យមានបញ្ហាប្រឈមកាន់តែអាក្រក់ទៅៗ។ ភាគច្រើនបញ្ហាបែបនេះតែងកើតឡើងនៅពេលដែលយើងចាត់ទុកការងារសំខាន់ជាងការគេង។ ការបន្តធ្វើបែបនេះយូរទៅ វានឹងប៉ះពាល់ដល់ដំណើរការនៃមុខងារខួរក្បាលរបស់យើងផងដែរ។ ដូច្នេះជួយសម្រួលបញ្ហាគេងមិនលក់នេះ យើងត្រូវជៀសវាងការប៉ះពាល់ទូរស័ព្ទ និងកាហ្វេមុនពេលចូលគេង។
២. ស្ទះដង្ហើមពេលគេង
បញ្ហាស្ទះដង្ហើមពេលគេង ឬ OSA អាចធ្វើឱ្យយើងភ្ញាក់ឡើងភ្លាមៗដោយមានអារម្មណ៍ថាស្ងួតមាត់ និងអស់ខ្យល់ជាដើម។ ក្នុងករណីនេះដែរ មនុស្សខ្លះអាចនឹងក្រោកភ្លាមៗ ប៉ុន្តែក៏មានមនុស្សមួយចំនួនមិនអាចក្រោកភ្លាមឡើយដោយសារពួកគេបាននឿយហត់នៅពេលថ្ងៃ។ ស្ថានភាពបែបនេះមិនត្រឹមតែធ្វើឱ្យមានអារម្មណ៍ងងុយនោះទេ ប៉ុន្តែវាក៏ធ្វើឱ្យមានគ្រោះថ្នាក់ដល់សុខភាពដូចជាប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូងផងដែរ។ ដូច្នេះប្រសិនបើកំពុងជួបប្រទះនឹងបញ្ហាមួយនេះ សូមរុះរាន់ទៅពិគ្រោះ និងពិនិត្យជាមួយគ្រូពេទ្យជំនាញជាបន្ទាន់។
៣. ការប្រើប្រាស់សារធាតុផ្សេងៗ
ការពិសាគ្រឿងស្រវឹង និងការញ៉ាំថ្នាំមួយចំនួនដូចជាថ្នាំ ឬវីតាមីនជំនួយការគេងច្រើនក៏អាចធ្វើឱ្យរំខានដល់ដំណេកដែរ។ ថ្វីត្បិតតែថ្នាំ និងភេសជ្ជៈជាតិអាល់កុលទាំងអាចជួយឱ្យយើងគេងលក់បានលឿនពិតមែន ប៉ុន្តែក្រោយរាងកាយនឹងត្រូវការពេលបន្ថែមដើម្បីជួសជុលផ្នែកខូចខាតក្នុងរាងកាយដែលបណ្ដាលមកពីសារធាតុទាំងនោះ។
លើសពីនេះ ជាតិអាល់កុលប្រៀបដូចជាថ្នាំបញ្ចុះទឹកនោមដែលធ្វើឱ្យរាងកាយបាត់បង់ជាតិទឹក និងត្រូវភ្ញាក់ចូលបន្ទប់ទឹកច្រើនជាដើម។ មិនត្រឹមតែគ្រឿងស្រវឹងនោះទេ សូម្បីតែភេសជ្ជៈប៉ូវកម្លាំងដែលយើងប្រើដើម្បីបន្សាបជាតិស្រវឹងក៏មានផលប៉ះពាល់ដូចទៅនឹងជាតិអាល់កុលដែរព្រោះមានជាតិកាហ្វេអ៊ីនដូចគ្នា។ ដូច្នេះយើងគួរងាកមកផឹកភេសជ្ជៈដែលផលិតចេញពីរុក្ខជាតិដូចជាជីរអង្កាម ឬឆាម៉ូម៉ាយជាដើមដែលសុទ្ធតែមានប្រយោជន៍ជួយជំរុញការគេងបានល្អ។
៤. ជំងឺនៃការគេង
ជំងឺនៃការគេង ឬ Narcolepsy គឺជាលក្ខខណ្ឌដ៏កម្រមួយដែលអាចធ្វើឱ្យយើងបាត់បង់ការគ្រប់គ្រងសាច់ដុំ នៅពេលយើងដក់ចិត្តលើអ្វីមួយ ឬមានការប៉ះទង្គិចផ្លូវចិត្ត។ ក្នុងស្ថានភាពបែបនេះ យើងមិនអាចគេងពេញភ្នែកបានមួយយប់ឡើយ មានន័យថាភាគច្រើនគឺតែងតែសុបិន។ ប៉ុន្តែប្រសិនបើបានគេងនៅពេលថ្ងៃនឹងមានអារម្មណ៍ថាស្រស់ស្រាយ។
ចំពោះអ្នកដែលកំពុងជួបបញ្ហានេះអាចនឹងនៅក្នុងស្ថានភាពមួយហៅថា idiopathic hypersomnia ដែលអាចធ្វើយើងងងុយគេងខ្លាំងនៅពេលថ្ងៃក៏ដូចជាពេលយប់ដែរ។ ដូច្នេះគួរតែទៅពិនិត្យជាមួយអ្នកឯកទេស ឬគ្រូពេទ្យជំនាញដើម្បីកុំឱ្យធ្ងន់ធ្ងរជាងនេះ។
៥. ជំងឺបាក់ទឹកចិត្ត និងការថប់បារម្ភ
អារម្មណ៍ងងុយគេងច្រើនក៏អាចជារោគសញ្ញានៃជំងឺបាក់ទឹកចិត្តដោយសារវាធ្វើឱ្យទាំងផ្នែកអារម្មណ៍ និងរាងកាយយល់ថានឿយហត់ណាស់។ ដូច្នេះការគេងជាវិធីដ៏ល្អដើម្បីគេចវេសពីបញ្ហា។ ស្រដៀងគ្នាដែរ ការថប់បារម្ភក៏ធ្វើឱ្យយើងចង់បិទភ្នែកគេងដែរព្រោះនឹងមានអារម្មណ៍ស្ងប់ស្ងាត់បន្ទាប់ពីងងុយគេង។ ដូចគ្នានឹងការបាក់ទឹកចិត្ត អ្នកមានអាការៈថប់បារម្ភគឺជ្រើសរើសយកការគេងដើម្បីគេចវេះពីសម្ពាធផ្សេងៗផងដែរ។
អារម្មណ៍បាក់ទឹកចិត្ត និងការថប់បារម្ភនឹងកើតឡើងដោយសម្រាប់មនុស្សភាគច្រើន នៅពេលបាត់បង់របស់សំខាន់អ្វីមួយ ជាពិសេសមនុស្សជាទីស្រឡាញ់។បើទោះបីជាវាមិនមែនជារោគសញ្ញាធ្ងន់ធ្ងរនៃជំងឺផ្លូវចិត្តក៏ដោយ ក៏គួរតែទៅពិគ្រោះជាអ្នកប្រឹក្សាយោបល់ ឬគ្រូពេទ្យជំនាញដែរព្រោះវាអាចឃាតករលាក់មុខ។
ក្រៅពីមូលហេតុខាងលើ មនុស្សយើងអាចនឹងងងុយគេងដោយសារមានអារម្មណ៍នឿយហត់ ឬគ្រាន់ចង់ទម្រេតខ្លួនសម្រាកយកកម្លាំងបន្តិចដើម្បីបន្តដំណើរការងារទៅមុខទៀតប៉ុណ្ណោះ៕