នារដូវវស្សានេះ កម្ពុជាតែងជួបប្រទះគ្រោះមហន្តរាយធម្មជាតិស្ទើរតែរៀងរាល់ឆ្នាំ ដូចជា ទឹកជំនន់ ខ្យល់ព្យុះ។ ដូចនេះដើម្បីការពារសុខសុវត្ថិភាព ប្រជាពលរដ្ឋគួរត្រៀមខ្លួន ក៏ដូចជាគ្រួសារទាំងមូល រៀបចំ និងដឹងរឿងរ៉ាវទាំងនេះជាមុន ចៀសវាងប៉ះពាល់សុខភាព អាយុជីវិត។ ក្នុងនោះក្រសួងសុខាភិបាល បានចេញសេចក្ដីណែនាំពីការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់។

ក្នុងសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា បន្ទាប់ពីស្ថានភាពភ្លៀងធ្លាក់ច្រើននៅកម្ពុជា ដែលអាចបង្កើតជាជំនន់ទឹកភ្លៀងរហ័សនៅតាមតំបន់ទំនាប ព្រមទាំងជំរុញឲ្យទឹកស្ទឹង ព្រែក ទន្លេ ហក់ឡើងខ្ពស់ បង្កជាគ្រោះទឹកជំនន់ ដែលអាចប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ សុខភាព និងអាយុជីវិតប្រជាជន។ ផ្អែកលើស្ថានភាពនេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់ពីគ្រោះធម្មជាតិ ឲ្យបានជាអតិបរមា ក្រសួងសុខាភិបាលសូមអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តនិងប្រកាន់ខ្ជាប់នូវវិធានការណែនាំដូចខាងក្រោម៖
១. មុនពេលទឹកជំនន់
ត្រូវតាមដានស្ថានភាពទឹកជំនន់ ត្រៀមទីទួលសុវត្ថិភាព និងបម្រុងទុកស្បៀងអាហារ និងឱសថសង្គ្រោះបន្ទាន់ត្រូវធ្វើរបងព័ទ្ធ ឬបោះបង្គោលចំណាំជុំវិញស្រះ ឬកន្លែងដែលមានទឹកជ្រៅ ត្រូវថែរក្សាបរិស្ថានជុំវិញផ្ទះឲ្យបានស្អាត និងសាងសង់បង្គន់ឲ្យបានខ្ពស់ ដើម្បីការពារទឹកជំនន់។
២. អំឡុងពេលមានទឹកជំនន់
- សុវត្ថិភាពស្នាក់នៅ និងអគ្គិសនី៖ មិនត្រូវចូលទៅក្នុងផ្ទះ ឬអគារទ្រុឌទ្រោម ព្រោះអាចស្រុតបាក់។ មិនត្រូវប៉ះពាល់គ្រឿងប្រើប្រាស់អគ្គិសនីដោយដៃសើម ឬកំពុងឈរនៅក្នុងទឹកជាដាច់ខាត។
- ការការពារជំងឺ៖ ត្រូវសម្រាន្តក្នុងមុងគ្រប់ពេល ដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ គ្រុនឈីក និងជំងឺផ្សេងៗ។ ត្រូវងូតទឹកដុះសាប៊ូ ឲ្យបានស្អាត ដើម្បីបង្ការជំងឺសើស្បែក ពងទឹក កមរមាស់។
- សុខភាពមាតា និងទារក៖ ស្ត្រីមានផ្ទៃពោះត្រូវតាមដាន និងពិនិត្យផ្ទៃពោះតាមកាលកំណត់ បើស្ត្រីជិតដល់ ពេលសម្រាល ត្រូវរកកន្លែងស្នាក់នៅក្បែរមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត។ ត្រូវនាំកូនៗទៅចាក់ថ្នាំបង្ការតាមការកំណត់ និងត្រូវផ្ដល់អាហារដោយរក្សាអនាម័យ។
- ការគាំទ្រជនងាយរងគ្រោះ៖ ត្រូវយកចិត្តទុកដាក់ជួយមនុស្សចាស់ កុមារ និងជនពិការភាព ដោយត្រៀម ឈើច្រត់ រទេះរុញ ឬឱសថដែលពួកគាត់កំពុងប្រើប្រាស់ជាប្រចាំ។
- សុវត្ថិភាពការធ្វើដំណើរ៖ ការធ្វើដំណើរតាមទូកឬកាណូត មិនត្រូវដាក់មនុស្សហួសកម្រិតឡើយ។ ការធ្វើដំណើរពេលយប់ត្រូវមានភ្លើងបំភ្លឺ និងត្រូវមានអាវពោងសុវត្ថិភាពជានិច្ច។
- ការបង្ការសត្វអាសិរពិស៖ ត្រូវប្រុងប្រយ័ត្នពស់ចឹក ដោយពិនិត្យឲ្យបានត្រឹមត្រូវមុនទៅកាន់ទីទួលសុវត្ថិភាព ឬគំនរឈើ។ ធ្វើដំណើរពេលយប់ ត្រូវស្លៀកខោជើងវែង និងពាក់ស្បែកជើងកវែង។ ករណីមានពស់ចឹក ឬសត្វអាសិរពិសទិច ឬខាំត្រូវបញ្ជូនជាប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតបំផុត ដើម្បីទទួលការពិនិត្យ និងព្យាបាល។
- អនាម័យចំណីអាហារ និងទឹកស្អាត៖ ត្រូវទទួលទានទឹកស្អាតដោយប្រើធុងចម្រុះ ឬដាំទឹកឲ្យពុះ ឬប្រើថ្នាំក្លរីន ឬក្លរ៉ាមីន ៥០០ មក្រ ចំនួន ២ គ្រាប់អាចលាយទឹក ២០ លីត្រ រួចទុករយៈពេល ៣០ នាទីមុនប្រើប្រាស់ ដើម្បីចៀសវាងនូវជំងឺផ្សេងៗ ដូចជា ជំងឺរាក ជំងឺរាកមួល ពុលចំណីអាហារ ឬជំងឺផ្លូវដង្ហើមស្រួចស្រាល់ និងជំងឺដទៃផ្សេងទៀត។ ត្រូវលាងសម្អាតបន្លែ ផ្លែឈើ ចម្អិនអាហារឲ្យបានឆ្អិនល្អ និងគ្រប់អាហារឲ្យបានជិតល្អ។ លាងសម្អាតដៃជាមួយសាប៊ូ ឲ្យបានញឹកញាប់ មុន និងក្រោយបរិភោគអាហារ និងក្រោយចេញពីបង្គន់។
៣. ក្រោយពេលទឹកជំនន់
- បន្តរក្សាអនាម័យ បរិភោគចំណីអាហារ និងទឹកស្អាត រួមទាំងសម្រាន្តក្នុងមុងគ្រប់ពេល ដើម្បីការពារជំងឺដែលបានរៀបរាប់ខាងលើ និងអនាម័យខ្លួនប្រាណបានស្អាត ដើម្បីចៀសវាងជំងឺផ្សេងៗពិនិត្យមើលផ្ទះក្រែងមានបាក់ស្រុត និងប្រុងប្រយ័ត្នសត្វអាសិរពិសដែលបង្កប់ខ្លួន។
- ធ្វើអនាម័យបរិស្ថានជុំវិញ និងក្នុងផ្ទះ ចៀសវាងនូវការដក់ទឹកនាំឲ្យកើតមូសខ្លា និងមូសដែកគោលដែលអាចបង្កឲ្យមានជំងឺគ្រុនឈាម និងគ្រុនចាញ់ ត្រូវស្តា និងសម្អាតអណ្ដូងទឹកឡើងវិញ មុននឹងប្រើប្រាស់ ព្រមទាំងជួសជុលបង្គន់ និងបន្ទោបង់ក្នុងបង្គន់គ្រប់ពេល។
នៅគ្រប់ដំណាក់កាល ប្រសិនបើលោកអ្នកមានបញ្ហាសុខភាព សូមស្វែងរកការពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺជាបន្ទាន់នៅប៉ុស្តិ៍សុខភាពក្បែរទីទួលសុវត្ថិភាព ឬមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត៕




















































Account
Security
Favourite Content