ជាទូទៅការផាត់មុខគឺប្រៀបបានដូចជាការកែច្នៃសម្រស់ឱ្យកាន់តែមានភាពទាក់ទាញ ស្រស់ស្អាត និងក្មេងជាងវ័យ។ ប៉ុន្តែប្រសិនបើការផាត់មុខនេះមិនបានត្រឹមត្រូវ ឬមានកំហុសឆ្គងណាមួយ វាអាចនឹងធ្វើឱ្យមុខយើងមើលទៅចាស់ជាងមុនជាមិនខាន។ ជាក់ស្ដែងកំហុសទាំងនោះរួមមាន៖
១. ការប្រើពណ៌ក្រែម៖ ការប្រើពណ៌ក្រែមដិតអាចនឹងធ្វើឱ្យបបូរមាត់តូចជាងមុន។ ប៉ុន្តែវាក៏អាចធ្វើឱ្យគែមមាត់មិនស្មើគ្នាមើលទៅដូចវៀច និងចាស់ជាងអាយុផងដែរ។

២. ការប្រើម្សៅរាវ៖ ការប្រើប្រាស់ម្សៅរាវច្រើនពេកនឹងធ្វើឱ្យសាច់ម្សៅកកក្រាស់នៅលើមុខបណ្ដាលឱ្យពណ៌ស្បែកមុខនឹងប្រែពណ៌ផងដែរ ជាពិសេសត្រង់ថ្ពាល់ និងភ្នែក។ ដូច្នេះប្រសិនបើចង់ប្រើប្រភេទម្សៅរាវ យើងគួរលៃវាក្នុងបរិមាណមួយត្រឹមត្រូវ រួចប្រើជក់វាសសាច់ម្សៅឱ្យស្មើគ្នា។ ជាមួយគ្នានេះ យើងក៏គួរជ្រើសរើសលេខម្សៅណាដែលត្រូវនឹងពណ៌ស្បែកមុខជាជាងប្រើពណ៌សជាងមុខ។
៣. ការកម្រិតបរិមាណម្សៅទ្រនាប់៖ ដោយសារស្បែកមនុស្សមានសភាព និងតម្រូវការខុសគ្នាទៅតាមអាយុ ដូច្នេះយើងគួរតែមានការប្រុងប្រយ័ត្នទៅលើបរិមាណនៃការប្រើប្រាស់ម្សៅទ្រនាប់។ ប្រសិនបើវាច្រើនពេក នោះស្នាមជ្រីវជ្រួញតូចៗនឹងលេចចេញមកកាន់តែច្បាស់។

៤. ការប្រើពណ៌ភ្នែក៖ ការប្រើប្រាស់ពណ៌ផាត់ភ្នែកមិនអាចចេះតែប្រើបានតាមចិត្តនោះទេ។ មានន័យថាយើងត្រូវប្រើដោយអាស្រ័យទៅតាមការស្លៀកពាក់ ពេលវេលា និងកម្មវិធីផងដែរ។ ឧទាហរណ៍ដូចជាពណ៌ភ្លឺផ្លេកជាដើមគឺយើងមិនគួរប្រើច្រើនពេកនោះទេ មិនដូច្នោះវានឹងមើលទៅលេចធ្លោជ្រុល និងរញ៉េរញ៉ៃជាមិនខាន។
៥. ការបិតបាំងស្នាមដក់ក្រោមភ្នែក៖ ស្នាមដក់ក្រោមភ្នែកគឺជាសញ្ញានៃភាពនឿតហត់ និងការគេងមិនបានគ្រប់គ្រាន់។ ដូច្នេះពេលផាត់មុខ ការបិតបាំងស្នាមដក់ក្រោមភ្នែកពិតជាមានសារៈសំខាន់មែនទែន។ ហើយការជ្រើសរើសពណ៌ម្សៅបិតបាំងស្នាមដក់ ឬ concealer គឺពណ៌លឿងស្រាលសម្រាប់ភ្នែកដក់ពណ៌រាងស្វាយ និងពណ៌ទឹកក្រូចស្រាលសម្រាប់ភ្នែកដក់ពណ៌ត្នោត។

៦. ការជ្រើសរើសពណ៌ម្សៅទ្រនាប់៖ ម្សៅទ្រនាប់ជាច្រើនប្រភេទត្រូវបានបង្កើតឡើងប្រភេទស្បែកខុសៗគ្នា។ ប្រសិនបើចង់បានស្បែកមុខបែបធម្មជាតិ យើងអាចប្រើប្រាស់ជាមួយ BB cream ឬ tinted moisturizer ដែលមានសាច់ស្រាល។ ប្រសិនបើចង់បិតបាំងស្នាមបានល្អ យើងអាចប្រើជាមួយម្សៅទ្រនាប់ (foundation) ឬ concealer បាន។ ប៉ុន្តែមូលហេតុចម្បងក្នុងការជ្រើសរើសម្សៅទ្រនាប់នេះផងដែរគឺគួរតែមានរូបមន្តពីរ៉ែ ប្រេង និងសំណើម៕






















Account
Security
Favourite Content