ផ្លែឈើគឺជាប្រភពដ៏ល្អនៃសារធាតុចិញ្ចឹមជាច្រើនមានដូចជាប៉ូតាស្យូម និងជាតិសរសៃជាដើម។ សារធាតុចិញ្ចឹមល្អៗដែលនៅក្នុងផ្លែឈើអាចជួយបន្ទាបសម្ពាធឈាម កាត់បន្ថយកម្រិតកូឡេស្តេរ៉ូល ការពារជំងឺលើសសម្ពាធឈាម ក៏ដូចជាការពារជំងឺបេះដូងផងដែរ។ ដូច្នេះឆ្លៀតពេលនេះយើងសូមចែករំលែកនូវផ្លែឈើ ៦ មុខដែលល្អខ្លាំងមែនទែនសម្រាប់សុខភាពបេះដូង៖
១. ផ្លែប៉ោម
ការទទួលទានផ្លែប៉ោមមិនត្រឹមតែជាវិធីដ៏ល្អក្នុងការបន្ថែមជាតិសរសៃដល់ប្រព័ន្ធរំលាយអាហារ និងផ្តល់សារធាតុចិញ្ចឹមដល់រាងកាយរបស់យើងប៉ុណ្ណោះទេ។ ប៉ុន្តែក្នុងផ្លែឈើមួយប្រភេទនេះសម្បូរដោយសារជាតិ flavonoids ដែលអាចជួយកាត់បន្ថយសម្ពាធឈាមខ្ពស់ កាត់បន្ថយកម្រិតកូឡេស្តេរ៉ុល ថែមទាំងផ្ដល់សារធាតុចិញ្ចឹមដល់បេះដូងឱ្យកាន់តែប្រសើរឡើង។
២. ផ្លែចេក
ការញ៉ាំចេកមួយផ្លែក្នុងមួយថ្ងៃនឹងផ្តល់ឱ្យយើងនូវវីតាមីន B6 និងវីតាមីន C ដែលសុទ្ធសឹងជាសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់រាងកាយ។ លើសពីនេះ ជាតិសរសៃ ប៉ូតាស្យូម និងម៉ាញេស្យូមដែលនៅក្នុងផ្លែចេកគឺជាសារធាតុចិញ្ចឹមសំខាន់ទាំងបីដែលអាចជួយគ្រប់គ្រងសម្ពាធឈាម ព្រមទាំងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបានយ៉ាងល្អផងដែរ។
៣. ពពួកបឺរី

គ្រប់ប្រភេទនៃផ្លែបឺរីទាំងអស់គឺជាប្រភពដ៏ល្អនៃវីតាមីន C និងជាតិសរសៃ។ វាក៏ត្រូវបានរាប់បញ្ចូលជារបបអាហារសម្បូរជាតិសរសៃដែលអាចជួយបញ្ចុះកូឡេស្តេរ៉ុល និងកាត់បន្ថយហានិភ័យជំងឺបេះដូងបានថែមទៀតផង។ មិនតែប៉ុណ្ណោះ ផ្លែបឺរីក៏សម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយប្រឆាំងនឹងការបំផ្លាញកោសិកាផងដែរ។
៤. ផ្លែក្រូចថ្លុង
វីតាមីន C ប៉ូតាស្យូម និងជាតិសរសៃនៅក្នុងផ្លែក្រូចថ្លុងអាចកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល និងទ្រីគ្លីសេរីដ។ ក្រូចថ្លុងក៏អាចជួយកាត់បន្ថយជាតិខ្លាញ់ក្នុងឈាមដែលនឹងបង្កបញ្ហាដល់សរសៃឈាម ឬឈានដល់ជំងឺបេះដូងផងដែរ។
៥. ផ្លែក្រូច
បន្ថែមពីលើសារជាតិ flavonoids ផ្លែក្រូចក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយប្រឆាំងនឹងការរលាកផងដែរ។ ផ្លែឈើមួយនេះក៏មានផ្ទុកនូវប៉ូតាស្យូម និងជាតិសរសៃដែលអាចជួយគ្រប់គ្រងសម្ពាធឈាមបានល្អ និងកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង។
៦. ផ្លែប៉េស
ការញ៉ាំផ្លែប៉េសជាប្រចាំអាចលើកកម្ពស់សុខភាពបេះដូងបានយ៉ាងល្អ។ យោងតាមការសិក្សាពីគេហទំព័រ Healthline បានបង្ហាញថាផ្លែប៉េសអាចកាត់បន្ថយអត្រាប្រឈមនឹងជំងឺទាក់ទងនឹងបេះដូងដូចជាសម្ពាធឈាមខ្ពស់ និងការកើនឡើងកម្រិតកូឡេស្តេរ៉ុលជាដើម។ លើសពីនវ ការទទួលទានផ្លែប៉េសក៏ផ្តល់ឱ្យរាងកាយរបស់អ្នកនូវជាតិសរសៃ ប៉ូតាស្យូម និងវីតាមីន C វីតាមីន E និង វីតាមីន K ថែមទៀតផង៕
























Account
Security
Favourite Content