ក្រោយចំណាយពេលផលិតអស់រយៈពេលជាច្រើនឆ្នាំ ទីបំផុតភាពយន្តខ្មែរ ខ្នាតវែងរឿង «ព្រលឹងល្បុក្កតោ» ត្រូវបានសម្ពោធចាក់បញ្ចាំងជាផ្លូវការហើយ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ចាន់ សារុន ប្រធានសហព័ន្ធកីឡាល្បុក្កតោ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម តឹក ង៉ូយ ហៅ ស្តេចនំដូណាត់ សាស្ត្រាចារ្យក្រមាមាស គុនល្បុក្កតោ សាន គីមស៊ាន តារាសម្តែងជំនាញក្បាច់គុនខ្មែរ កញ្ញា ពេជ្រ ចរណៃ សិស្សគុនល្បុក្កតោពីក្លឹបនានា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។
ក្នុងពិធីសម្ភោធនេះ ក៏មានការសម្តែងផ្ទាល់ពីក្រុមល្បុក្កតោ ដោយរំលេចគុន ៣សំខាន់ៗ ដែលធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលនឹកស្មានមិនដល់ និងកោតសសើរដល់គំនិតផ្តួចផ្តើមរបស់លោកគ្រូតា ក្នុងការចងក្រងស្នាដៃថ្មីនេះ បន្ទាប់ពីលោកគ្រូរួមចំណែកនាំគុនល្បុក្កតោឱ្យពិភពលោកទទួលស្គាល់ជា បេតិកភណ្ឌពិភពលោកថ្មីៗនេះ។
លោកគ្រូតា សាន គឹមស៊ាន មានប្រសាសន៍ក្នុងពិធីសម្ភោធថា៖ «ខ្ញុំបានធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីល្បុក្កតោ និងស្មារតីជាតិ។ ទោះបីភាពយន្តនេះខាត ឬចំណេញ អ្នកដែលនៅតែចំណេញ គឺជាតិយើង ព្រោះយើងបានចូលរួមផ្សព្វផ្សាយ គុនល្បុក្កតោ តាមរយៈភាពយន្តឱ្យអន្តរជាតិបានស្គាល់! ដូច្នេះ «ព្រលឹងល្បុក្តតា» ប្រៀបដូចជាការឧទ្ទិសដល់គុណ ដូនតាយើង និងជាសារដាស់តឿនយុវជនជំនាន់ក្រោយឱ្យហាត់រៀន និងថែរក្សាគុនខ្មែរនេះឱ្យបន្តគ្រប់ជំនាន់»។
ចំណែក កញ្ញា ពេជ្រ ចរណៃ តារាសម្តែងជំនាញក្បាច់គុនខ្មែរ ក៏សម្តែងការកោតសរសើរដល់រឿង «ព្រលឹងល្បុក្តតា» ហើយនាងពិតជារំភើបដែលឃើញភាពយន្តនិយាយពីគុណល្បុកត្តោខ្មែរចាក់បញ្ចាំងតាមរោងភាពយន្តបែបនេះ។ ឆ្លៀតឱកាសនេះ ចរណៃ សូមអំពាវនាវឱ្យសាធារណជនមកចូលរួមទស្សនារឿងនេះឱ្យបានគ្រប់ៗគ្នា ដើម្បីបានដឹងឮ និងឃើញពីភាពអស្ចារ្យរបស់ក្បាច់គុនល្បុក្កតោខ្មែរយើង។
បន្ថែមពីលើការលើកឡើងខាងលើ កញ្ញា ខន សៀវហ័រ ជានិស្សិត បានលើកសសើរថា៖ «រឿងនេះ មានចំណុចពិសេស២ដែលខ្ញុំ ពេញចិត្ត គឺការសម្តែងស្តែងៗពីអ្នកហាត់គុនល្បុក្កតោ និងប្លង់ថតស្អាតៗច្រើន។ ហើយខ្ញុំសូមជំរុញ ដល់ទស្សនិកជន ទាំង អស់ឱ្យទស្សនារឿងនេះ ដើម្បីស្វែងយល់ និងចូលរួមថែរក្សាគុនល្បុក្កតោនេះ»។
សូមជម្រាបថា «ព្រលឹងល្បុក្កតោ» ចាក់បញ្ចាំងជាផ្លូវការនៅគ្រប់រោងភាពយន្ត នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែមីនា នេះតទៅ។ ក្នុងនោះ លោកគ្រូតា គឹមស៊ាន ក៏នឹងដឹកនាំក្រុមល្បុក្កតោទៅសម្តែងផ្ទាល់ នៅតាមរោងភាពយន្តនានានៅរាជធានីភ្នំពេញ នៅថ្ងៃដំបូងនោះ ដោយដាក់ឈ្មោះយុទ្ធនាការនោះថា៖ «តស់ ហាត់ល្បុក្កតោ នៅរោងកុន» ក្នុងគោលបំណងលើកកម្ពស់វប្បធម៌ជាតិ និងសុខភាពសាធារណជន។ ដូច្នេះហើយបានទស្សនិកថា រឿង «ព្រលឹងល្បុក្កតោ» ជាភាពយន្តផង ជាចលនាវប្បធម៌ជាតិផង!





















































Account
Security
Favourite Content