រដូវវស្សា គឺជាពេលដែលអាកាសធាតុចាប់ផ្ដើមមានភ្លៀងធ្លាក់ ខ្យល់ ហើយនោះសក់ក៏ឡើងសំពោងដូចគ្នា។ ពេលខ្លះឡើងសំពោងខ្លាំងពេក រហូតដល់ថ្នាក់ធ្វើឱ្យឡើងកណ្ដាញ់ចូលគ្នាតែម្ដង។ ដូច្នេះដើម្បីដោះស្រាយបញ្ហាមួយនេះ AMS សូមចែករំលែកនូវ ៤ គន្លឹះខាងក្រោម៖
១. ព្យាយាមកុំឱ្យសក់ត្រូវទឹកភ្លៀង

ជំហានទីមួយដើម្បីដោះស្រាយបញ្ហាសក់សំពោង គឺត្រូវការពារសក់កុំឱ្យត្រូវទឹកភ្លៀង ប្រសិនបើអាចយើងគួរតែថាក់អាវភ្លៀង ឬឆ័ត្រតាមខ្លួនក៏ជារឿងល្អ។ ប៉ុន្តែក្នុងករណីប្រសិនបើសក់ទទឹកជាមួយភ្លៀង គឺត្រូវសម្ងួតឱ្យបានលឿនតាមដែលអាចធ្វើបាន បើមិនដូច្នោះទេវានឹងធ្វើឱ្យសក់ស្ងួត ឡើងសំពោង បែកចុង ឬជ្រុះទៀតផង។
២. ប្រើប្រាស់សេរ៉ូមការពារសរសៃសក់
ការប្រើប្រាស់សេរ៉ូមព្យាបាលសក់អាចជួយកាត់បន្ថយបញ្ហាបែកព្រុយនៅលើសរសៃសក់ និងការពារមិនឱ្យទឹកភ្លៀងជ្រាបចូលសរសៃសក់។ លើសពីនេះ ប្រសិនបើបានប្រើសេរ៉ូមដែលផ្សំចេញពីធម្មជាតិដែលមានដូចជាប្រេងដូង ឬប្រេងអាកានរឹតតែល្អ ហើយថែមទាំងជួយកាត់បន្ថយបញ្ហាសក់ជ្រុះ និងធ្វើឱ្យសក់ភ្លឺរលោងផងដែរ។
៣. កុំកក់សក់ញឹកញាប់ពេក

ប្រិយមិត្តមានដឹងអត់ថាការកក់សក់ញឹកញាប់ពេកអាចធ្វើឱ្យប្រេងធម្មជាតិរបស់សក់ត្រូវបាត់បង់? មិនខុសនោះទេ ការកក់សក់ញឹកញាប់ពេកនឹងធ្វើឱ្យសក់ស្ងួត ងាយសំពោង ហើយជ្រុះលឿនទៀតផង។ ដូច្នេះហើយយើងគួរព្យាយាមកក់សក់ត្រឹម ២-៣ ដងក្នុងមួយសប្ដាហ៍បានហើយ។ ប្រសិនបើសក់ឡើងប្រេង យើងអាចប្រើសាប៊ូស្ងួត ឬម្សៅកូនក្មេងជំនួសបាន។
៤. ព្យាយាមកុំប្រើម៉ាស៊ីនដែលមានកម្ដៅក្ដៅលើសក់
ក្នុងខែធ្លាក់ភ្លៀងបែបនេះប្រសិនបើអាចគួរតែព្យាយាមកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនដែលមានកម្ដៅក្ដៅលើសរសៃទើបជារឿងល្អ។ មូលហេតុនោះគឺដោយសារតែឧបករណ៍ទាំងនោះនឹងធ្វើឱ្យស្ងួត ផុយស្រួយ សំពោង ហើយជ្រុះផងដែរ។ ប្រសិនបើកក់សក់ហើយចង់សម្ងួតសក់ យើងអាចប្រើខ្យល់ត្រជាក់បាន៕

























Account
Security
Favourite Content