ម្នាក់ក្នុងចំណោមពួកអ្នកទេសចរលោកខាងលិចទៅកាន់ប្រាសាទអង្គរគឺលោក អានតូនីញូ ដា មាដេឡេណា” (Antonio da Magdalena) លោកជាបុព្វជិត សាសនកាតុលិក (Catholic Religion) ជាជនជាតិ “ប៉ុទុយហ្គេស” (Portuguese) បានធ្វើកំណត់ត្រានៃការរកឃើញប្រាសាទអង្គរនៅឆ្នាំ១៥៨៦។
លោកបាននិយាយថា «វា គឺដូចជាសំណង់មិនធម្មតាដែលមិនអាចពិពណ៌នាវាជាមួយប៊ិកបាន វាហាក់ដូចជាគ្មានសំណង់ផ្សេងណាដូចនៅក្នុងពិភពលោក។ វាមានប្រាង្គច្រើន និងការតុបតែងយ៉ាងប្រណីត ហើយពិតជាអស្ចារ្យបំផុត ដែលជាទេពកោសល្យមនុស្សនឹងអាចគិតដល់»។
ខាងក្រោមនេះ AMS គ្រាន់តែធ្វើការស្រាវជ្រាវចំណុចសំខាន់ៗ ដែលជាភាពអស្ចារ្យនៃមហាប្រាសាទមួយនេះ ដែលជាអត្តសញ្ញាណជាតិនៃប្រទេសកម្ពុជា គ្មានជាតិសាសន៍ណា ឬ ស្ថាបត្យករណា នៅលើលោកនេះ អាចចម្លងបានឡើយ៖
១.រយៈពេលនៃការសាងសង់វែងបំផុត ប្រើដោយកម្លាំងមនុស្ស និងសត្វដើម្បីកសាង
ប្រាសាទអង្គរវត្តត្រូវបានសាងសង់ឡើងនៅដើមសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ ក្នុងគ.ស១១១៣ ដល់១១៥០(ពោលចំណាយពេលអស់ជាង ៣៨ឆ្នាំ) ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា និងមានទីតាំងស្ថិតនៅក្នុងរាជធានីយសោធរបុរៈ។ ចំពោះការកសាងប្រាសាទអង្គរវត្តវិញ គឺត្រូវប្រើកម្លាំងពលកម្មប្រមាណជាង ៣០ម៉ឺននាក់ ដំរីជាង ៦ពាន់ក្បាល និងប្រើប្រាស់ថ្ម សរុបប្រមាណជាង ១០លានតោន។

២.ជាសំណង់ប្រាសាទ និងជាសំណង់ឧទ្ទិសដល់សាសនាធំបំផុតលើពិភពលោក
ព្រះបាទសូរ្យវរ្ម័នទី២ ជាអ្នកសាងសង់ប្រាសាទដ៏អស្ចារ្យនេះឡើង ក្នុងឆ្នាំ១១១៣ ដល់១១៥០ ដើម្បីឧទ្ទិសដល់អាទិទេពសាសនាហិណ្ឌូ ព្រះវិស្ណុ។ សំណង់ទាំងអស់នៃប្រជុំប្រាសាទអង្គរវត្ត ត្រូវបានសាងសង់ឡើងលើផ្ទៃដី ១៦២,៦ហិចតា ដែលជាសំណង់ឧទ្ទិសសាសនាធំជាងគេបំផុតក្នុងលោក ជាប់ក្នុងកំណត់ត្រា Guinness។

៣.អត្ថន័យដ៏អស្ចារ្យនៃកំពូលទាំង ៥ នៃប្រាសាទអង្គរ និងគូទឹកព័ទ្ធជុំវិញប្រាសាទ
បើតាមលោកហ្សក សឺដេសបានឱ្យដឹងថាប្រាសាទអង្គរវត្តគឺតំណាងឱ្យពិភពលោក។ ប្រាង្គកណ្តាលតំណាងឱ្យភ្នំព្រះសុមេរុដែលស្ថិតនៅកណ្តាលពិភពលោក។ ប្រាង្គទាំង៥ តំណាងឱ្យកំពូលភ្នំព្រះសុមេរុដែលជាជាយផែនដី និងគូទឹកព័ទ្ធជុំវិញប្រាសាទគឺ ជាសមុទ្រដែលព័ទ្ធជុំវិញ។
៤.ការគន់គូរតាមតារាសាស្ត្រនៅលើមេឃ ដើម្បីមកកសាងប្រាសាទអង្គររបស់កំពូលស្ថាបត្យករខ្មែរ
គ្រប់អ័ក្សនៃប៉មរបស់ប្រាសាទ គឺកើតចេញពីរង្វង់មូលដែលតំណាងឱ្យហ្វូងតារា ត្រាគោ កញ្ជុំសកលដែលមានអាយុកាល២លានឆ្នាំ ដែលមានចម្ងាយពីផែនដី ១៩ទ្រីលានគីឡូម៉ែត្រ ដោយស្មើនិងរង្វាស់កាំរស្មីព្រះអាទិត្យ ២ឆ្នាំពន្លឺ។ ប្រាសាទអង្គរវត្តមាន រាងឆ្លុះអ័ក្ស ៣ជាន់ជាប់ៗគ្នាបើធៀបនឹងផ្ទៃទឹកបារាយណ៍ អ័ក្សទាំង៣ ប្រៀបដូចជា រាងផ្កាយរណបដែលសំយោគយកថាមពលព្រះអាទិត្យដែលបានបាញ់បង្ហោះនៅពេលបច្ចុប្បន្ន។

៥.គ្រឹះប្រាសាទធ្វើអំពីខ្សាច់ ឯគូទឹកព័ទ្ធជុំវិញអាចទ្រគ្រឹះប្រាសាទបានរាប់ពាន់ឆ្នាំ
ស្ថាបត្យករក្នុងសម័យអង្គរ បានជីកធ្វើជាគូទឹកនេះឡើង គឺដើម្បីការពារដល់តួប្រាសាទអង្គរវត្តទាំងមូលតែម្ដង។ តាមរយៈវីដេអូស្រាវជ្រាវរបស់បុរាណពិទូ បានឱ្យដឹងថា ស្ថាបត្យករដ៏អស្ចារ្យក្នុងសម័យនោះ បានយកដីខ្សាច់ ដើម្បីចាក់គ្រឹះកសាងប្រាសាទអង្គរវត្ត ព្រោះបុព្វបុរសខ្មែរជឿថា ដីខ្សាច់អាចធ្វើឱ្យតួប្រាសាទ ឈររឹងមាំបានរាប់ពាន់ឆ្នាំ។
តាមការស្រាវជ្រាវពីបុរាណវិទូ បានបង្ហាញទៀតថា ដីខ្សាច់ជាប្រភេទដីមានសំណើម ដូច្នេះហើយត្រូវការទឹកដើម្បីបន្សើមជាប្រចាំ។ ដូច្នេះប្រសិនបើដីខ្សាច់គ្មានជាតិទឹក នោះតួប្រាសាទទាំងមូលអាចស្រុតចុះបាន។ ដោយមូលហេតុនេះ ហើយទើបស្ថាបត្យកររបស់ខ្មែរ ក្នុងសម័យនោះបានកេណ្ឌមនុស្សជាច្រើននាក់ ដើម្បីជីកស្រះធ្វើជាគូទឹក ដែលមានបណ្ដោយប្រវែងរហូតដល់ជាង ១៦ គីឡូម៉ែត្រ និងទទឹងជាង ២០០ម៉ែត្រ។

៦.ការគន់គូរដំណើរគោចរនៃព្រះអាទិត្យ បង្កើតបានជាបាតុភតព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរ
រៀងរាល់ថ្ងៃទី២១ឬ២២ ខែមីនា និងថ្ងៃទី ២២ ឬ ២៣ ខែកញ្ញា គឺព្រះអាទិត្យរះនឹងរះចំកណ្តាលកំពូលប្រាសាទអង្គរ ដែលហៅថា ព្រឹត្តិការណ៍សមរាត្រី។
៧.អង្គរវត្តមានរូបភាពលាក់បង្កប់ច្រើនជាង ២០០ ផ្ទាំងដែលមិនអាចមើលដឹងដោយភ្នែកទទេបាន ត្រូវជំនួយដោយបច្ចេកវិទ្យា Scan Effect

ភាពអស្ចារ្យរបស់ប្រាសាទអង្គរ មិនអាចពណ៌នាអស់ត្រឹមប៉ុន្មានចំណុចខាងលើនេះបានឡើយ នៅមានរឿងរ៉ាវអច្ឆរិយជាច្រើនទៀត ដែលមកទល់នឹងបច្ចុប្បន្ននេះគ្មានអ្នកវិទ្យាសាស្ត្រណាអាចធ្វើការបកស្រាយលម្អិត ពីអច្ឆរិយភាពនៃគំនិតរបស់បុព្វបុរសខ្មែរបានឡើយ រាប់ពាន់សំណួរនៅតែកំពុងស្វែងរកចម្លើយថា ហេតុអីបានជាមនុស្សសម័យអង្គរមានទាំងបញ្ញា និងមានស្ថាបត្យកម្ម ដ៏អស្ចារ្យបែបនេះ ដោយគ្មានសំណង់ប្រាសាទណានៅលើលោកនេះប្រៀបប្រដូចបានឡើយ៕


























Account
Security
Favourite Content