ឆ្នេរអង្គោល បានក្លាយជាទីកន្លែងកម្សាន្តទាក់ទាញជាងមុន បន្ទាប់ពីមានការអភិវឌ្ឍ កែប្រែលើកសម្រស់ឆ្នេរនេះឡើងវិញ ដើម្បីស្រូបទាញអ្នកទេសចរទៅកម្សាន្តឱ្យកាន់តែច្រើន។
ឆ្នេរអង្កោល ឬក៏គេច្រើនហៅថា ឆ្នេរអង្កោល កែប មានទីតាំងស្ថិតនៅ ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប និងមានចម្ងាយប្រហែល ១៣គីឡូម៉ែត្រ ពីបេនឡានក្រុង។ ភ្ញៀវទេសចរដែលទៅកម្សាន្តនៅទីនោះ អាចសម្រាកលម្ហែកាយ ស្រូបយកខ្យល់អាកាសល្អបរិសុទ្ធ ទស្សនាទេសភាពព្រៃភ្នំ, ហែលទឹកឬលេងទឹក, គយគន់ថ្ងៃលិច, បោះជំរុំ ឬបោះតង់, ស្ទូចត្រី, ញុំអាហារ, ពិកនិច, ទស្សនាឆ្នេរខ្សាច់, គយគន់ថ្ងៃរះ ជាដើម។ អ្វីដែលពិសេសសនៅទីនោះក៏សំបូរគ្រឿងសមុទ្រញ៉ាំដែរ ដូចជាក្ដាម បង្គារ និងថែមទាំងមានតម្លៃសមរម្យទៀតផង។
បន្ថែមលើពីនេះអ្វីដែលគួរឱ្យទាក់ទាញចិត្តអ្នកទេសចរនោះ គឺតាមដងផ្លូវមានទេសភាពស្រស់បំព្រង អាចទស្សនាទិដ្ឋភាពផ្ទះប្រជាជន មើលពីការរស់នៅអ្នករស់នៅតំបន់នោះ។ ហើយមិនតែប៉ុណ្ណោះ គឺនៅទីនោះសំបូរ ដើមដូង និងផ្លែដូង ដែលយើងអាចស្វែងរកទិញដូងដែលគេកាប់ស្រស់ៗពីដើមតែម្ដង។ ជាពិសេសចំពោះអ្នកចូលចិត្តថតរូប នៅទីនោះមិនខ្វះប្លង់ថតរូបស្អាតៗទេ៕
រូបភាព៖ ទំព័រហ្វេសប៊ុកផេក ឆ្នេរអង្កោល