នៅមុននេះបន្តិចក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញរបាយការណ៍ស្ដីពីការខូចខាតនៃប្រាសាទព្រះវិហារ ដែលត្រូវទាហានថៃបាញ់ប្រហារដោយអាវុធសង្គ្រាមធន់ធ្ងន់ កាលពីថ្ងៃ ២៤-២៨ ខែកក្កដា ឆ្នាំ ២០២៥ និងពីថ្ងៃ៧ដល់ ២៧ ខែធ្នូ ឆ្នាំ ២០២៥។

រូបភាពប្រាសាទព្រះវិហារ មុនរងការបំផ្លាញពីសំណាក់ទាហានថៃ
នៅក្នុងសេចក្ដីប្រកាសរបស់ព័ត៌មានរបស់ក្រសួងវប្បធម៌រមណីយដ្ឋានប្រាសាទព្រះវិហារ ជាទីសក្ការៈមិនអាចកាត់ថ្លៃបាន រងការបំផ្លាញយ៉ាងដំណំ។ ក្នុងកំណត់ត្រាចងក្រងពីការខូចខាត ចាប់ពីថ្ងៃ ២៤-២៨ ខែកក្កដា ឆ្នាំ ២០២៥ ប្រាង្គប្រាសាទព្រះវិហារ មាន ១៤២ កន្លែង និងតំបន់ជុំវិញ ៤២ កន្លែង រួមទាំងវត្តកែវសិក្ខាគិរីស្វារៈ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងអាគារអភិរក្សរបស់អាជ្ញាធរជាតិព្រះវិហារ។
សេចក្ដីប្រកាសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបន្តទៀតថា សហគមន៍ជុំវិញប្រាសាទរងការខូចខាត ៦០ កន្លែងក្នុងនោះរួមមាន ផ្ទះសម្បែង សាលារៀន វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈផ្សេងទៀត បណ្ដាលឲ្យប្រជាជន ១៤ ៨៣២ នាក់ ត្រូវបង្ខំចិត្តជម្លៀសចេញពីលំនៅឋាន។


ចំណែកការកត់ត្រាចងក្រងពីការខូចខាត ចាប់ពីថ្ងៃ ៧ ដល់ ២៧ ខែធ្នូ ឆ្នាំ ២០២៥ បង្ហាញពីការខូចខាតធ្ងន់ធ្ងរលើសអ្វីដែលបានកត់ត្រាទុកកាលពីខែកក្កដា ឆ្នាំ ២០២៥។ យោងតាមភស្តុតាងរូបថត និងវីដេអូដែលប្រមូលបានដោយអាជ្ញាធរជាតិព្រះវិហារ ក្នុងកំឡុងពេលបេសកកម្មចងក្រងឯកសារនាថ្ងៃ ២៨ ខែធ្នូ ឆ្នាំ ២០២៥ សំណង់ស្ថាបត្យកម្មសំខាន់ៗស្ទើរតែទាំងអស់នៃប្រាសាទចាប់ពីគោបុរៈទី១ ដល់គោបុរៈទី៥ រួមទាំងស្ពានហាលតភ្ជាប់ទាំងអស់ និងជណ្ដើរបុរាណខាងជើងបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
ការខូចខាតទាំងនោះបណ្ដាលមកពីការប្លោងគ្រាប់ធុនធ្ងន់ម្ដងហើយម្ដងទៀត និងការទម្លាក់គ្រាប់បែកពីលើអាកាសចេញពីយន្តហោះគ្មានមនុស្សបើក និងយន្តហោះចម្បាំង ដែលបាញ់សំដៅមកលើតំបន់បេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ៕



រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, CMAC និងអ៊ីនធឺណេត


























Account
Security
Favourite Content