អូរសោម ជាតំបន់ទេសចរណ៍លំដាប់ទី២ ក្នុងស្រុកវាលវែងបន្ទាប់ពីភ្នំ ១៥០០។ អូរសោម ជាតំបន់ទេសចរណ៍ធម្មជាតិពិសេសសម្រាប់អ្នកចូលចិត្តការផ្សងព្រេងដោយនៅទីនោះមានទឹកធ្លាក់រហូតដល់ទៅ ៧ កន្លែង និងមានបឹងដ៏ធំដែលអាចទស្សនាក្រពើព្រៃថែមទៀតផង។

ប្រែក្លាយពីតំបន់ដែលពុំសូវមានមនុស្សរស់នៅទៅជាតំបន់អេកូទេសចរណ៍ដែលមានជង្រុកសម្បត្តិធម្មជាតិជាច្រើនដូចជា ទឹកធ្លាក់ឆាយ ៣ ជាន់ ឬ ទឹកធ្លាក់ស្ទឹងតាចាន់ , ទឹកធ្លាក់ឆាយរកា , ទឹកធ្លាក់ឆាយប្រុយ, ឆាយខ្ពស់ , ស្ទឹងអាតៃ , អាងភ្នំក្រពើ , ភ្នំខ្នងព្រះអង្គ , ភ្នំសំកុស ។ តំបន់ អូរសោម តែងត្រូវបានអ្នកទៅដល់ពោលសរសើរថាជា ឋានសួគ៌ក្រោមមេឃ ក៏ព្រោះតែទីនោះត្រូវបានហ៊ុំព័ទ្ធទៅដោយសម្រស់ភ្នំធម្មជាតិ ដើមឈើធំត្រឈឹងត្រឈៃពណ៌បៃតងស្រស់ អមជាមួយសម្រស់ទឹកធ្លាក់សក្បុសពីលើកំពូលភ្នំមកប៉ះនឹងថ្មបង្កើតបានជាសំឡេងលាន់ឮកងរំពងពេញព្រៃព្រឹក្សា។ ក្រៅអំពីសម្រស់ដ៏ស្រស់ត្រកាលកណ្ដាលព្រៃធម្មជាតិក៏នៅមានសត្វព្រៃច្រើនប្រភេទតួយ៉ាងដូចជាក្រពើភ្នំដែលជាប្រភេទសត្វកម្រ។












អ្នកទេសចរក៏អាចទស្សនាដំណាំ បន្លែ និងផ្លែឈើហូបផ្លែដែលដាំដុះដោយប្រជាជនរស់នៅលើតំបន់ភ្នំមួយនោះផងដែរ។ អូរសោម ជាតំបន់អេកូទេសចរណ៍ល្អបំផុត និងសក្ដិសមសម្រាប់អ្នកដែលចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេងដោយសារការធ្វើដំណើរភាគច្រើនដោយថ្មើរជើង ឬម៉ូតូដែលបរដោយប្រជាជនក្នុងតំបន់ ណាមួយប្រសិនក្នុងខែភ្លៀង(រដូវវស្សា)ស្ថានភាពផ្លូវមានភាពរអិល និងត្រូវឆ្លងកាត់អូរតូចធំជាអន្លើៗទម្រាំបានដល់ទីកម្សាន្តស្អាតៗដែលលាក់ខ្លួននៅក្នុងព្រៃជ្រៃ។
ហាក់ត្រូវឆ្លងកាត់ការលំបាកច្រើនបន្តិចមែនតែបើបានទៅដល់អ្នកប្រាកដជាលាន់មាត់និងភ្ញាក់ផ្អើលជាមួយសម្រស់ធម្មជាតិកណ្ដាលព្រៃធម្មជាតិដែលពុំសូវមានមនុស្សបានទៅដល់ដោយការបោះតង់ ស្ទូចត្រី បេះផ្លែឈើព្រៃ ស្ដាប់សំឡេងសត្វយំឆ្លើយឆ្លង អមជាមួយសំឡេងទឹកធ្លាក់។ គួរឱ្យដឹងដែរថា តំបន់អេកូទេសចរណ៍ អូរសោម ស្ថិតនៅក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់៕
ប្រភពរូបភាព ៖ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់

























Account
Security
Favourite Content