អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលទើបនឹងបើកដំណើរការកាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅនេះ កំពុងតែធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំងមិនថាមជ្ឈដ្ឋានជាតិ និងអន្តរជាតិនោះទេ ហើយក៏មានបណ្ដាសារព័ត៌មានអន្តរជាតិជាច្រើន បានចុះផ្សាយអំពីសមិទ្ធផលលដ៏ថ្មីសន្លាងរបស់ប្រទេសកម្ពុជាមួយនេះ។
យ៉ាងណាមិញអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ រូបភាពជាច្រើនសន្លឹក ត្រូវបានមហាជនចែករំលែកព្រោងព្រាត អំពីប្រជាជនខ្មែរ ជាពិសេសអ្នកខេត្តសៀមរាប មកពីគ្រប់ទិសទី ស្រុកស្រែចម្ការ ជនបទ ទាំងជិត ទាំងឆ្ងាយ ផ្អើលភ្លូកទឹកភ្លូកដី ទៅលេងកម្សាន្តនៅប្រលានយន្តហោះថ្មីនេះ។ ទិដ្ឋភាពនេះបានបង្ហាញឱ្យឃើញពីភាពអំណរសាទររបស់ប្រជាជន ចំពោះសមិទ្ធផលថ្មីមួយនេះ ជាពិសេសអ្នកដែលមិនធ្លាប់មានបទពិសោធធ្វើដំណើរតាមយន្តហោះ ពិតជារំភើបចិត្តក្រៃលែងពេលបានចូលទៅទស្សនា។ ក្នុងនោះមានទាំងក្មេង ទាំងចាស់ ទាំងប្រុស ទាំងស្រី ផ្អើលមូលមីនាំគ្នាទៅទស្សនាទាំងឡានៗ ដែលនេះជារូបភាពកម្រឃើញបំផុត។
ទោះជាយ៉ាងណាក៏ដោយការបើកឱ្យចូលទស្សនានេះដែរ គឺមិនមានរយៈពេលយូរនោះទេ ពោលគឺបើកឱ្យចូលតែប៉ុន្មានថ្ងៃនេះប៉ុណ្ណោះ បន្ទាប់មកនឹងមានការរឹតបន្ទឹង សន្តិសុខ សុវត្ថិភាព ជាប្រក្រតីឡើងវិញ។
ក្នុងរយៈពេលប្រមាណ ៣ឆ្នាំកន្លងមកនេះ អាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ ត្រូវបានសាងសង់រួចជាស្ថាពរ ហើយត្រូវបានបើការហោះហើរសាកល្បងទទួលបានជោគជ័យផងដែរ។ ក្នុងនោះបុគ្គលិកចំនួន ៥០០នាក់មកជាច្រើនស្ថាប័ន នឹងត្រូវទៅបំរើនៅអាកាសយានដ្ឋានថ្មី ខណៈបច្ចុប្បន្ននេះ មានបុគ្គលិកប្រមាណ៦០ទៅ៧០ភាគរយ បានទៅបំពេញការងារដែលស្ថិតនៅស្រុកសូទ្រនិគម មានចំងាយយជាង ៤០គីឡូម៉ែត្រពីទីតាំងចាស់។
គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី បានវិនិយោគទឹកប្រាក់ចំនួន ១.១០០លានដុល្លារអាមេរិក ដោយមានចំណតសម្រាប់ចតអាកាសយានចំនួន៣៨ ចំណតមានសមត្ថភាពទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ ក្នុងឆ្នាំ២០២៤ និង១២លាននាក់ ក្នុងឆ្នាំ២០៤០ខាងមុខ ហើយមានសមត្ថភាពផ្ទុកទំនិញតាមផ្លូវអាកាសបាន ចំនួន១០.០០០តោន ក្នុងឆ្នាំ២០២៤ និង ២៦.០០០តោន ក្នុងឆ្នាំ២០៤០ខាងមុខ៕