អ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ពីការបញ្ចប់ការជួសជុលរចនាសម្ព័ន្ធបង្ហូរទឹកផ្នែកខាងលិចរបស់ប្រាសាទនាគព័ន្ធ កាលពីពេលថ្មីៗនេះ។

ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជួសជុលរចនាសម្ព័ន្ធបង្ហូរទឹក នៅទិសខាងលិចនៃប្រាសាទនាគព័ន្ធដោយជោគជ័យ និងមើលទៅសឹងតែដូចដើម។
លោក អ៊ិច ស្រេង បុគ្គលិកបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា រចនាសម្ពន្ធរបស់ប្រព័ន្ធបង្ហូរទឹកនៅទិសខាងលិចនៃប្រាសាទនាគព័ន្ធ បានប្រែក្លាយពីការខូចខាតទៅជាមានភាពរឹងមាំ និងមានសោភ័ណភាពឡើងវិញ។

រចនាសម្ព័ន្ធបង្ហូរទឹករបស់ប្រាសាទនាគព័ន្ធ បានរងការខូចខាតជាច្រើនកន្លែងដោយសារតែកត្តាអាយុកាល ទឹកហូរច្រោះ និងរុក្ខជាតិដុះចាក់ឫសចូលសំណង់។ លោកក៏បានបញ្ជាក់ទៀតថា ក្រុមការងារជំនាញនៃអាជ្ញាធរជាតិអប្សរា ធ្លាប់បានជួសជុលរចនាសម្ព័ន្ធ បង្ហូរទឹករបស់ប្រាសាទនាគព័ន្ធ ចំនួន ២ ទីតាំងរួចមកហើយ។ ទី១ គឺរចនាសម្ព័ន្ធបង្ហូរទឹកនៅទិសខាងកើត និង ទី២ រចនាសម្ព័ន្ធបង្ហូរទឹកនៅទិសខាងជើង។
អ្នកជំនាញរំពឹងថា បន្ទាប់ពីការជួសជុលរចនាសម្ព័ន្ធបង្ហូរទឹករបស់ប្រាសាទនាគព័ន្ធ ដែលធ្លាប់តែរងហានិភ័យ គឺរចនាសម្ពន្ធទាំងនោះ នឹងមានភាពរឹងមាំ មានសោភ័ណភាព ព្រមទាំងមានភាពទាក់ទាញអ្នកទេសចរ អាចទៅទស្សនាកើនឡើងផង៕






រូបភាព៖ ក្រុមការងារផ្សព្វផ្សាយ,ក្រុមការងារជួសជុល

























Account
Security
Favourite Content