ព្រឹត្តិការណ៍ សមរាត្រី នៅក្នុងខេត្តសៀមរាប នាដើមឆ្នាំ២០២៥ ទទួលបានភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិក្នុងចំនួនដ៏ច្រើនលើសលុបរហូតដល់ ៨ ម៉ឺននាក់។ នេះបើតាមការបង្ហោះជូនដំណឹងនៅលើផេកផ្លូវការរដ្ឋបាលខេត្តសៀមរាប។

តាមរយៈការបង្ហោះនៅលើផេកផ្លូវការខេត្តសៀមរាបនារសៀលថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៥ តួលេខសរុបនៃចំនួនភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិដែលបានមកទស្សនា សមរាត្រី ដើមឆ្នាំ២០២៥ មានប្រមាណជា ៨០ ៤៦៣ នាក់។ ក្នុងនោះចំនួនភ្ញៀវទេសចរជាតិមាន ៧១ ២២០នាក់ ខណៈភ្ញៀវអន្តរជាតិមានចំនួន ៩ ២៣៣ នាក់។ តួលេខដ៏ច្រើននេះជាចំនួនភ្ញៀវទេសចរដែលបានមកទស្សនា និងផ្ដិតយកទិដ្ឋភាពព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តក្នុងព្រឹត្តិការណ៍ សមរាត្រី រដូវប្រាំង ប្រាំង ដែលកើតមាននៅចន្លោះថ្ងៃទី ២១ ដល់ ២៣ ខែមីនា នាដើមឆ្នាំ២០២៥។ គួររម្លឹកឱ្យដឹងដែរថា ព្រឹត្តិការណ៍ សមរាត្រី នៅក្នុងខេត្តសៀមរាប កើតឡើងតែ ២ ដងប៉ុណ្ណោះក្នុង ១ឆ្នាំគឺនៅក្នុងខែមីនា ដែលគេហៅថា សមរាត្រី រដូវប្រាំង និងក្នុងខែ កញ្ញា គឺ សមរាត្រី រដូវវស្សា។



បាតុភូតដ៏កម្រមួយនេះត្រូវបានអ្នកទេសចរជាតិ-អន្តរជាតិដែលបានមកទស្សនាផ្ទាល់ពោលសរសើរព្រោងព្រាត មិនតែប៉ុណ្ណោះ ត្រូវបានស្ថាប័នល្បីឈ្មោះ National Geographic Asia ដែលមានអ្នកតាមដានដល់ទៅ ៦៣លាននាក់យកទៅចុះផ្សាយនៅលើផេកផ្លូវការរបស់ពួកគេផងដែរ។ គួររម្លឹកឱ្យដឹងដែរថា កាលដើមឆ្នាំ ២០២៤ គេហទំព័រ Mornings.co.uk បានចុះផ្សាយថា ប្រាសាទអង្គរវត្តកម្ពុជាជាកន្លែងមើលថ្ងៃរះនិងថ្ងៃលិចស្អាតបំផុតក្នុងចំណោម ៧២ ប្រទេសជុំវិញពិភពលោក៕
ប្រភពរូបភាព ៖ Video ទេសចរណ៍-Tourism


























Account
Security
Favourite Content