តាមរយៈមន្ទីរទេសចរណ៍ខេត្តសៀមរាប មន្ដ្រីជំនាញផ្នែកទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្នុងរយ:ពេល ៧ ខែឆ្នាំ ២០២៣ នេះ លំហូរភ្ញៀវទេសចរសរុប ពោលទាំងទេសចរជាតិ និងអន្តជាតិ មានចំនួន ២ ៦៤៣ ០០០ នាក់ ដោយចំនួននេះមានការកើនឡើងខ្លាំង បើប្រៀបធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។
កាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៣ ម្សិលមិញ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ វប្បធម៌អង្គរ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវទសចរជាតិ និងអន្ដរជាតិជាង ២ លាននាក់នោះ ក្នុងនោះទេសចរជាតិមាន ២ ២០៣ ៦៩៦ នាក់ និងភ្ញៀវទេសចរអន្ដរជាតិទិញសំបុត្រចូលទស្សនាអង្គរ មាន ៤៣៩ ៣៦៥ នាក់។
ពាក់ព័ន្ធនឹងចំនួនភ្ញៀវទេសចរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ វប្បធម៌អង្គរ នៃអាជ្ញាធរជាតិអប្សរា រូបនោះសង្ឃឹមថា នឹងមានការកើនឡើងនៅក្នុងខែកញ្ញា រហូតដល់ចុងខែធ្នូ។ អត្រាភ្ញៀវទេសចរអន្ដរជាតិមានសន្ទុះកើនឡើងខ្លាំង បើប្រៀបធៀបទៅនឹងរយៈពេល ៧ ខែ នៃឆ្នាំ ២០២២ កម្ពុជាទទួលបានភ្ញៀវអន្តជាតិតែ ៨ ម៉ឺននាក់ប៉ុណ្ណោះ តែសម្រាប់ ឆ្នាំ ២០២៣ កម្ពុជាទទួលបាន រហូតជិតទៅដល់ ៤៤ ម៉ឺននាក់ កើនឡើងប្រហែលជាង ៤០០ ភាគរយ។
គួរជម្រាបថា ចាប់ពីខែកញ្ញាឆ្នាំ ២០២៣ ខាងមុខនេះ កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរអន្តជាតិកើនឡើង ជាបន្តបន្ទាប់ខណ:ដែលរាជរដ្ឋាភិបាល នឹងបើកឱ្យដំណើរការព្រលានយន្ដហោះអន្ដរជាតិសៀមរាបអង្គរនៅពាក់កណ្ដាលខែតុលាខាងមុខ៕



























Account
Security
Favourite Content