ប្រាសាទមេបុណ្យខាងលិច បានបិទបញ្ចប់ការងារជួសជុលទាំងស្រុងហើយ ដោយរង់ចាំតែថ្ងៃបើកសម្ពោធផ្លូវការតែប៉ុណ្ណោះ។ ទោះជាមិនទាន់មានពិធីបើកសម្ពោធផ្លូវការក៏ពិតមែន តែភ្ញៀវទេសចរជាតិកំពុងចាប់អារម្មណ៍ ចូលទស្សនានាប្រាសាទមេបុណ្យខាងលិចបណ្ដើរៗហើយ។

បច្ចុប្បន្នប្រាសាទមេបុណ្យខាងលិច បានបិទបញ្ចប់ការងារជួសជុលទាំងស្រុង ហើយ អាជ្ញាធរជាតិអប្សរា ក៏កំពុងមមាញឹករៀបចំសម្អាត រៀបចំសណ្ដាប់ធ្នាប់ កែសម្រួលបរិស្ថាននៅជុំវិញប្រាសាទផងដែរ។
គ្រានេះដែរ វត្តមានភ្ញៀវទេសចរជាច្រើនបានចូលទៅទស្សនា និងថតរូបទុកជាអនុស្សាវរីយ៍ ព្រោះតែក្រោយជួសជុលហើយប្រាសាទមេបុណ្យខាងលិច បង្ហាញរូបរាងយ៉ាងអស្ចារ្យដូចថ្មី។ ភ្ញៀវទេសចរចាប់អារម្មណ៍នឹងទិដ្ឋភាពប្រាសាទមេបុណ្យខាងលិច ដែលបណ្ដែតខ្លួននៅកណ្ដាលកោះ មានទឹកព័ទ្ធជុំវិញ និងកោតសរសើរចំពោះស្ថាបត្យកម្មដ៏ល្អឯកមួយនេះ។

ជាងនេះទៅទៀត គឺការជួសជុល និងលើកតម្លៃឡើងវិញ ដោយក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ដែលប្រឹងប្រែងច្រើនឆ្នាំមកនេះ។ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងរាជរដ្ឋាភិបាលបារាំង ប្រាសាទមេបុណ្យខាងលិច បានបង្ហាញរូបរាងជាថ្មីឡើងវិញ ក្រោយពីរងការខូចខាតបាត់បង់រូបអស់មួយផ្នែកធំ។
ប្រាសាទមេបុណ្យខាងលិច ស្ថិតនៅកណ្ដាលបារាយណ៍ ហ៊ុមព័ទ្ធដោយទឹកល្ហល្ហេវ មានសម្រស់ស្អាតប្លែក និងមានសោភ័ណភាពប្រែប្រួលទៅតាមពេលវេលា ចាប់តាំងពីព្រលឹមរហូតដល់ថ្ងៃលិច បាននឹងកំពុងទាក់ទាញទេសចរមកទស្សនាឥតដាច់។

ក្រោយពីបញ្ចប់ការងារជួសជុលប្រាសាទមេបុណ្យខាងលិច គ្រោងនឹងសម្ពោធបើកចូលទស្សនាជាផ្លូវការ នៅខែវិច្ឆិកា ឆ្នាំ ២០២៦ ខាងមុខ។ គួរបញ្ជាក់ថា ប្រាសាទមេបុណ្យខាងលិចសាងសង់រយៈពេលយូរ អាចនាពាក់កណ្ដាលសតវត្សរ៍ទី១១ ព្រះបាទឧទយាទិត្យវរ្ម័នទី២ (១០៤៩-១០៦៦) តាមរចនាប័ទ្មបាភួន កណ្ដាលបារាយណ៍ទឹកថ្លា ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។
ប្រាសាទមេបុណ្យខាងលិច មានបណ្ដោយប្រវែង១០០ម៉ែត្រ និងទទឹង១០០ម៉ែត្រ។ តាមរយៈការស្រាវជ្រាវដំបូង ប្រាសាទនេះ មានប្រាង្គ ១២៕























រូបភាព៖ អាជ្ញាធរជាតិអប្សរា, ស៊ិន ប្រណី/ ភោគ ជា






















































Account
Security
Favourite Content