នៅពេលទាក់ទងគ្នាដំបូងៗ អ្នកនិងដៃគូហាក់ចុះសម្រុងគ្នាល្អ មិនមានបញ្ហានឹងទម្លាប់ណាមួយរបស់ដៃគូនោះឡើយ។ លុះទាក់ទងគ្នាបានមួយរយៈ រឿងធម្មតាដែលធ្លាប់តែចុះសម្រុងគ្នា បែរជាអាចធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រណុកចិត្តខុសធម្មតា។ បើថា ដៃគូជាភាគីដែលផ្លាស់ប្ដូរក៏មិនត្រូវ ព្រោះវាជាទម្លាប់របស់គេតាំងពីដើម តែហេតុអ្វីបានជាអ្នកទើបតែមានអារម្មណ៍ថាមិនចូលចិត្តនៅពេលនេះ?

ឬការមើលឃើញតែចំណុចខ្វះខាតរបស់ដៃគូក្នុងគ្រានេះ មានន័យថា អ្នកឈប់ស្រឡាញ់ដៃគូហើយ? បើដូច្នេះ តើអ្នកគួរបន្តឬឈប់ត្រឹមនេះ? ចម្លើយមិនមែនមកពីអ្នក ឬដៃគូផ្លាស់ប្តូរនោះទេ ប៉ុន្តែវាគឺជាដំណើរការនៃ “ខួរក្បាល និងអរម៉ូន”។
ដើម្បីស្វែងយល់ពីឬសគល់នៃបញ្ហាខាងលើនេះ អ្នកត្រូវមកដឹងជាមុនថា ទំនាក់ទំនងស្នេហា គឺបែងចែកចេញជា ៤ ដំណាក់កាល ដែលហៅថា 4 Stages of a Relationship។
- ដំណាក់កាលទី១ Euphoric Stage (៦-២៤ ខែ)៖ ក្នុងដំណាក់កាលនេះ ជាដំណាក់កាលដែលអ្នកមានក្ដីសុខ ខួរក្បាលបញ្ចេញអរម៉ូននៃក្ដីសុខច្រើន ដែលធ្វើឱ្យអ្នកមើលរំលងរាល់ចំណុចខ្វះខាតរបស់ដៃគូ។
- ដំណាក់កាលទី២ Early Attachment (១-៥ ឆ្នាំ)៖ ក្នុងដំណាក់កាលនេះ ខួរក្បាលដែលធ្វើការលើការស្វែងរកហេតុផលនឹងចាប់ផ្ដើមដំណើរការច្រើនជាងមុន។ អ្នកអាចនឹងមិនសូវនឹកនាដល់ដៃគូខ្លាំងដូចស្រឡាញ់គ្នាដំបូងៗ ហើយចាប់ផ្តើមមើលឃើញការពិត និងចំណុចអវិជ្ជមានរបស់ដៃគូកាន់តែច្បាស់។
- ដំណាក់កាលទី៣ Crisis Stage (៥-៧ ឆ្នាំ)៖ នេះជាដំណាក់កាលវិបត្តិ ជាចំណុចរបត់ដែលគូស្នេហ៍ចាប់ផ្តើមមានជម្លោះ ឬឃ្លាតឆ្ងាយពីគ្នា។ បើឆ្លងផុតដំណាក់កាលនេះបាន ទើបស្នេហាអាចបន្ដដោយរឹងមាំ។
- ដំណាក់កាលទី៤ Deep Attachment (៧ឆ្នាំតទៅ)៖ នេះជាដំណាក់កាលនៃសន្តិភាព និងស្ថិរភាព។ ដៃគូទាំងសងខាងយល់ចិត្តគ្នា និងមានអារម្មណ៍សុវត្ថិភាពចំពោះទំនាក់ទំនងមួយនេះ។

ផ្អែកតាមដំណាក់កាលទាំង ៤ ខាងលើនេះ ការមើលឃើញពីចំណុចខ្វះខាតរបស់ដៃគូនឹងចាប់ផ្ដើមកើតឡើងក្នុងដំណាក់កាល Early Attachment ក្រោយទាក់ទងគ្នាបានពី ៦ខែ ទៅ ២ឆ្នាំ។ ក្នុងពេលវេលានេះ កម្រិតអរម៉ូនៃក្ដីសុខ ដូចជា ដូប៉ាមីន អុកស៊ីតូស៊ីន និងវ៉ាសូប្រេសស៊ីននឹងធ្លាក់ចុះ ដែលធ្វើឱ្យអ្នកចាប់ផ្ដើមរស់នៅជាមួយការពិត និងចាប់ផ្ដើមសង្កេតឃើញពីចំណុចខ្វះខាតបានច្រើនជាងមុន។
ទន្ទឹមគ្នានេះ ការសិក្សាដែលបានបោះពុម្ពផ្សាយនៅក្នុងសៀវភៅ Social Psychological and Personality Science ឆ្នាំ ២០២២ បានបង្ហាញថា បញ្ហាខាងលើនេះក៏អាចកើតចេញពីមជ្ឈដ្ឋានខាងក្រៅផងដែរ។ ការសិក្សាបានរកឃើញថា សម្ពាធ ភាពតានតឹងពីជីវិតប្រចាំថ្ងៃ ដូចជាស្រ្តេសពីការងារ ក៏អាចធ្វើឱ្យអ្នកងាយនឹងមួម៉ៅ និងងាយចាប់ចំណុចអវិជ្ជមានរបស់ដៃគូច្រើនជាងមុន។
វិធីសាស្រ្តដោះស្រាយ
នៅក្នុងទំនាក់ទំនងស្នេហា ការបើកចិត្តនិយាយគ្នា គឺជារឿងសំខាន់បំផុត ក្នុងការស្វែងរកដំណោះស្រាយ អាចធ្វើឱ្យទំនាក់ទំនងមួយរឹងមាំបាន។ មួយវិញទៀត អ្នកត្រូវចោទជាសំណួរថា តើបញ្ហានោះធំប៉ុណ្ណា? តើវាប៉ះពាល់ដល់អ្នកផ្ទាល់ ឬអ្នកដទៃកម្រិតណា? ក្នុងករណីដែលចំណុចខ្វះខាតនោះ គ្រាន់តែជារឿងតូចតាច មិនប៉ះពាល់ដល់តម្លៃរបស់អ្នក និងប៉ះពាល់ដល់អ្នកដទៃ អ្នកគួររៀនយោគយល់ និងកែសម្រួលគ្នា។
យ៉ាងណាមិញ បើចំណុចខ្វះខាតនោះ ជាការប្រើហិង្សា ឬការមើលងាយ អ្នកមិនគួរអត់ធ្មត់ឡើយ ហើយចាកចេញពីទំនាក់ទំនងដែលគ្មានសុវត្ថិភាពទាំងចំពោះសុខភាពផ្លូវចិត្ត និងរាងកាយ៕


























Account
Security
Favourite Content