ដោយមានស្មារតីលើកកម្ពស់អ្នកសិល្បៈរបស់សំណាក់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ព្រមជាមួយលោកជំទាវ បណ្ឌិតសភាចារ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សមាគមសិល្បករខ្មែរ បានរៀបចំការជួបជុំជាមួយវីរសិល្បករជាច្រើនរូប នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

វីរសិល្បករជាច្រើនរូបបានផ្ដល់កិត្តិយសចូលរួមះមដោយស្នាមញញឹម ព្រោះសប្បាយចិត្តនឹងចូលរួម ហើយក៏បានជួបជុំមិត្តចាស់ៗ ដែលបានបែកគ្នាជាយូរមកហើយនោះ។ ពិធីជួបសំណេះសំណាល និងពិសាអាហារសាមគ្គី បានប្រព្រឹត្តិទៅយ៉ាងរលូន និងបរិយាកាសស្និទ្ធស្នាលគ្នាជាពន់ពេក។
ការរៀបចំឲ្យមានការជួបជុំនេះសមាគមសិល្បករតែងតែធ្វើឡើងយ៉ាងហោចណាស់ក៏បាន ២ ដងដែរ ក្នុងមួយឆ្នាំ។ ព្រោះជាការដឹងគុណ ដែលធ្លាប់បានលះបង់កម្លាំង ញើសឈាម ដើម្បីថែរក្សា ព្រមទាំងបន្សល់ទុកស្នាដៃមកដល់ក្មេងជំនាន់ក្រោយ។

កម្មវិធីនោះ ក៏មានការសម្ដែងទស្សនីយភាពរបាំបុរាណ និងចម្រៀងជាច្រើនទម្រង់ផងដែរ។ ក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានថ្លែងទាំងក្តីសោមនស្សរីករាយ និងកិត្តិយសក្រៃលែង ដែលបានរៀបចំការជួបជុំជាមួយវីរសិល្បករ និងសិល្បកររៀមច្បងជាថ្មីម្តងទៀត ស្របតាមការសន្យា និងចំឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីដ៏មានអត្ថន័យ ជ្រាលជ្រៅសម្រាប់ប្រជាជនខ្មែរ។
ប្រធានសមាគម មានប្រសាសន៍ថា បុណ្យភ្ជុំបិណ្ឌ គឺជាពេលវេលាដែលកូនខ្មែរជួបជុំគ្នា ដើម្បីរំឭកគុណ និងធ្វើបុណ្យឧទ្ទិសកុសលជូនដល់បុព្វការីជន និងអ្នកមានគុណដែលបានចែកឋានទៅ។ ប៉ុន្តែការជួបជុំក្នុងថ្ងៃនេះ គឺជាឱកាសពិសេសមួយសម្រាប់កូនខ្មែរជំនាន់បច្ចុប្បន្ន បានរំឭកគុណចំពោះអ្នកមានគុណក្នុងវិស័យសិល្បៈ និងវប្បធម៌ខ្មែរ ដែលនៅមានជីវិត និងកំពុងជួបជុំគ្នាយ៉ាងកក់ក្តៅ។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានមានប្រសាសន៍ថា៖ «ថ្ងៃនេះយើងមិនត្រឹមតែជួបគ្នាដើម្បីសួរសុខទុក្ខទេ ប៉ុន្តែយើងមកដើម្បីនិយាយពាក្យថា សូមអរគុណ» ចំពោះការលះបង់គ្រប់យ៉ាង ដើម្បីសិល្បៈ និងវប្បធម៌ខ្មែរ ចំពោះបទពិសោធន៍ ចំណេះដឹង និងស្នាដៃដែលបានបន្សល់ទុក ព្រមទាំងការថែរក្សា និងការពារអត្តសញ្ញាណសិល្បៈ វប្បធម៌ខ្មែរ ឲ្យបន្តរស់រានរហូតមកដល់ជំនាន់ក្រោយ។
លោកជំទាវអ្នកឧកញ៉ាប្រធាន បានបន្តថា សិល្បៈ និងវប្បធម៌ខ្មែរដែលយើងបានឃើញនៅថ្ងៃនេះ មិនបានកើតឡើងក្នុងរយៈពេលមួយថ្ងៃឡើយ ហើយក៏មិនអាចគង់វង្សដោយឯកឯងបានដែរ។ ឆ្លងកាត់ប្រវត្តិសាស្ត្រ និងការផ្លាស់ប្តូរជាច្រើនដំណាក់កាល ភាពគង់វង្សនៃស្នាដៃសិល្បៈគ្រប់ទម្រង់ គឺសុទ្ធតែកើតចេញពីការតស៊ូ ការលះបង់ និងការខិតខំប្រឹងប្រែងរបស់បុព្វបុរសខ្មែរជាច្រើនជំនាន់។

វីរសិល្បករ និងសិល្បកររៀមច្បងជាច្រើន បានចំណាយពេលវេលាដ៏ល្អបំផុតនៃជីវិតរបស់ខ្លួន ដើម្បីវិស័យសិល្បៈ និងវប្បធម៌។ អ្នកខ្លះបានចាប់ផ្ដើមតាំងពីវ័យក្មេង អ្នកខ្លះបានឈរលើឆាកអស់រយៈពេលរាប់សិបឆ្នាំ អ្នកខ្លះបានលះបង់ជីវិត ដើម្បីបណ្ដុះបណ្ដាលអ្នកជំនាន់ក្រោយ ខណៈអ្នកខ្លះទៀតបានខិតខំរក្សាទម្រង់សិល្បៈបុរាណដែលប្រឈមនឹងការបាត់បង់ ហើយមានអ្នកខ្លះបាននាំយកស្នាដៃសិល្បៈខ្មែរទៅបង្ហាញលើឆាកអន្តរជាតិ។
លោកជំទាវអ្នកឧកញ៉ាប្រធាន បានលើកឡើងថា ការលះបង់ទាំងនេះ មិនអាចវាស់តម្លៃបានត្រឹមតែជាប្រាក់កាស ឬរង្វាន់មួយឡើយ ព្រោះអ្វីដែលវីរសិល្បករ និងសិល្បកររៀមច្បងបានផ្តល់ឲ្យ គឺជា មរតករបស់ជាតិទាំងមូល។ ដូច្នេះការជួបជុំ សួរសុខទុក្ខ និងបង្ហាញការគោរពចំពោះពួកគាត់ គឺជាការបង្ហាញថា សង្គមខ្មែរមិនភ្លេចអ្នកដែលមានគុណបំណាច់ចំពោះជាតិឡើយ។

ប្រធានសមាគម បានបញ្ជាក់ពីបំណងចង់ឲ្យសិល្បកររៀមច្បងបន្សល់ទុកមិនត្រឹមតែស្នាដៃ ប៉ុន្តែថែមទាំងចំណេះដឹង បទពិសោធន៍ និងស្មារតីនៃការលះបង់ ឲ្យអ្នកជំនាន់ក្រោយអាចបន្តអភិវឌ្ឍសិល្បៈខ្មែរកាន់តែមានភាពទំនើប និងច្នៃប្រតិដ្ឋខ្ពស់ ប៉ុន្តែមិនបាត់បង់ឫសគល់ និងអត្តសញ្ញាណជាតិ។
ភរិយាអ្នកឧកញ៉ា គិត ម៉េង បានថ្លែងអំណរគុណចំពោះម្ចាស់ឧបត្ថម្ភ និងដៃគូគាំទ្រសមាគមសិល្បករខ្មែរ បានរួមចំណែកផ្តល់មូលនិធិប្រចាំឆ្នាំ និងការគាំទ្រផ្សេងៗ ឲ្យសមាគមអាចដំណើរការបេសកកម្មរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ ដែលបានបំពេញតួនាទីយ៉ាងសកម្ម ក្នុងការគាំទ្រ លើកស្ទួយវិស័យវប្បធម៌ និងឧបត្ថម្ភគាំទ្រដល់សិល្បករ សិល្បការិនី ព្រមទាំងបានរៀបចំកម្មវិធីជួបជុំដ៏មានអត្ថន័យនេះឡើង៕



























































Account
Security
Favourite Content