តារា K-pop ល្បីឈ្មោះ Jennie ទទួលបានការបែងចែកប្រាក់ចំណេញច្រើនជាង ២០ ពាន់លានវ៉ុន ពីក្រុមហ៊ុនផ្ទាល់ខ្លួនរបស់នាង ក្នុងរយៈពេលត្រឹមតែពីរឆ្នាំប៉ុណ្ណោះ។ នេះបើយោងតាមឯកសារដែលបានដាក់ជូនសេវាត្រួតពិនិត្យហិរញ្ញវត្ថុកូរ៉េ កាលពីថ្ងៃទី១០ ខែឧសភា។

បង្កើតឡើងដោយ Jennie នៅចុងឆ្នាំ ២០២៣ ក្រុមហ៊ុន OA Entertainment បានទូទាត់ប្រាក់ឱ្យសិល្បការិនីរូបនេះសរុបចំនួន ២៣.៨ ពាន់លានវ៉ុន (ប្រហែល ១៦ លានដុល្លារ) ដោយក្នុងនោះ ១៤.៣ ពាន់លានវ៉ុនត្រូវបានទូទាត់ក្នុងឆ្នាំ ២០២៤ និងប្រហែល ៩.៥ ពាន់លានវ៉ុនត្រូវបានទូទាត់ក្នុងឆ្នាំ ២០២៥។ ការទូទាត់ទាំងនេះត្រូវបានចាត់ថ្នាក់ជាថ្លៃដើមនៃការលក់នៅក្នុងរបាយការណ៍សវនកម្មរបស់ក្រុមហ៊ុន និងជាការឆ្លុះបញ្ចាំងពីប្រាក់ចំណូលបានមកពីការផ្សាយពាណិជ្ជកម្ម ការសម្តែង ការចេញចម្រៀង និងការបង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍ ទោះបីជាការបែងចែកតាមប្រភេទជាក់លាក់មិនទាន់ត្រូវបានបង្ហាញក៏ដោយ។
Jennie បានបង្កើតក្រុមហ៊ុន OA Entertainment បន្ទាប់ពីកិច្ចសន្យារបស់នាងជាមួយ YG Entertainment បានផុតកំណត់។ ក្រោមការរៀបចំនេះ នាងនៅតែបន្តសកម្មភាពជាមួយក្រុម Blackpink តាមរយៈ YG ប៉ុន្តែក្រុមហ៊ុនរបស់នាងនឹងគ្រប់គ្រងការចេញអាល់ប៊ុមទោល ការផ្សាយពាណិជ្ជកម្ម និងការសម្តែងឯករាជ្យ។ នាងកាន់កាប់ភាគហ៊ុន ១០០ ភាគរយនៅក្នុងក្រុមហ៊ុននេះ ខណៈដែលម្តាយរបស់នាងបម្រើការជាប្រធានប្រតិបត្តិ។

ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបានឆ្លុះបញ្ចាំងពីការរីកចម្រើនយ៉ាងឆាប់រហ័សដោយ៖
ក្នុងឆ្នាំ ២០២៤៖ ក្រុមហ៊ុនកត់ត្រាចំណូលបាន ១៨.៩ ពាន់លានវ៉ុន និងប្រាក់ចំណេញប្រតិបត្តិការ ៥៨០ លានវ៉ុន។
ក្នុងឆ្នាំ ២០២៥៖ ចំណូលបានកើនឡើងប្រហែល ២៦ ភាគរយ រហូតដល់ ២៣.៨ ពាន់លានវ៉ុន។ ចំណែកឯប្រាក់ចំណេញប្រតិបត្តិការបានធ្លាក់ចុះមកត្រឹម ៣៩០ លានវ៉ុន ដោយអ្នកក្នុងឧស្សាហកម្មសន្មតថាបណ្តាលមកពីការវិនិយោគលើបុគ្គលិក និងការកើនឡើងនៃថ្លៃសេវាកម្មផ្សេងៗនៅពេលអាជីវកម្មរីកធំ។
តួលេខទាំងនេះត្រូវបានគាំទ្រដោយការពង្រីកឥទ្ធិពលកាន់តែខ្លាំងរបស់សិល្បការិនីរូបនេះលើសកលលោក ខណៈ Jennie ត្រូវបានផ្ដល់កិត្តិយសជាតារានាំមុខ ឬ Headliner ក្នុងមហោស្រពតន្ត្រីអន្តរជាតិធំៗចំនួន ៧ នៅទូទាំងអាមេរិកខាងជើង និងអឺរ៉ុប។ នាងក៏ជាសិល្បករ K-pop តែម្នាក់គត់ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបុគ្គល ១០០ នាក់ដែលមានឥទ្ធិពលបំផុតក្នុងពិភពលោកប្រចាំឆ្នាំ ២០២៦ របស់ទស្សនាវដ្តី TIME ផងដែរ។
បង្ហាញខ្លួនដំបូងជាសមាជិកម្នាក់ក្នុងចំណោមសមាជិកទាំង ៤ នាក់របស់ក្រុម Blackpink ក្នុងឆ្នាំ ២០១៦ Jennie បានចាប់ផ្តើមអាជីពទោលក្នុងខែវិច្ឆិកា ឆ្នាំ ២០១៨ ជាមួយបទចម្រៀង “Solo”។ អាល់ប៊ុមចុងក្រោយបង្អស់របស់នាងគឺ “Ruby” បានចេញក្នុងឆ្នាំ ២០២៥ ដោយមានបទចម្រៀងចំនួន ៣ បទបានជាប់ក្នុងតារាង Billboard Hot 100 ក្នុងពេលដំណាលគ្នា ក្លាយជាកំណត់ត្រាដំបូងសម្រាប់សិល្បការិនីទោល K-pop ខណៈបទ “Like Jennie” នៅក្នុងអាល់ប៊ុមនេះគឺជាបទចម្រៀង K-pop ដែលមានអ្នកស្តាប់ (Stream) ច្រើនបំផុតនៅលើ Spotify ក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥ ៕























Account
Security
Favourite Content