មិនត្រឹមជាសាស្ត្រាចារ្យមួយរូបដែលកំពុងបង្ហាត់បង្រៀនកូនសិស្សលើជំនាញសិល្បៈបុរាណលោក ខ្លូត រតនា ជាជើងចាស់មួយរូបដែលធ្លាប់បានប្រឡូកក្នុងវិស័យភាពយន្តក្នុងនាមជាផលិតករ តារាសម្ដែង និងជាអ្នកដឹកនាំផងដែរ។

ត្បិតបច្ចុប្បន្នលោកមានវ័យច្រើនបន្តិចមែន ប៉ុន្តែសិល្បករជើងចាស់រូបនេះនៅតែស្រលាញ់និងចង់បន្តថែសិល្បៈបុរាណខ្មែរឱ្យគង់វង្សមិនចង់ឱ្យបាត់បង់។ ជាក់ស្ដែង ទម្រង់សិល្បៈ ល្ខោននិយាយ ដែលមានអាយុកាលវែងនិងយូរលង់ លោកពិតជាមិនចង់ឃើញទម្រង់ល្ខោនខ្មែរមួយនេះត្រូវបាត់បង់តាមអាយុកាលនោះទេ លោកពិតជាចង់ឃើញមានអ្នកបន្តវេន មានអ្នកថែរក្សា មានអ្នកចូលរួម និងគាំទ្រដើម្បីបន្តឱ្យសិល្បៈបុរាណខ្មែរមួយនេះនៅតែមានដង្ហើមអាចបន្តជីវិតរាប់រយឆ្នាំទៅមុខទៀត។
សាស្ត្រាចារ្យដែលមានចិត្តស្រលាញ់សិល្បៈបុរាណខ្មែររូបនេះបានបង្ហាញឆន្ទៈយ៉ាងមុតមាំរបស់លោកក្នុងនាមជាអ្នកផ្ទេរចំណេះដឹងទៅកាន់សិល្បករ ក៏ដូចជាក្មេងជំនាន់ក្រោយឱ្យបានសិក្សារៀនសូត្រនូវជំនាញដែលដូនតាខ្មែរបានបន្សល់ទុកឱ្យជាពិសេសនោះគឺ សិល្បៈល្ខោននិយាយ។
លោកបានឱ្យដឹងថា ជំនាញល្ខោននិយាយនេះមានតម្លៃណាស់នៅបរទេសព្រោះទម្រាំបានមើលគឺត្រូវកក់សំបុត្ររាប់ខែឯណោះ។ ល្ខោននិយាយ គឺគេផ្ដោតលើពាក្យពេចន៍ ការប្រើប្រាស់សាសព្ទរបស់តួសម្ដែង (មិនមែនអាចនិយាយប៉ាតណាប៉ាតណីនោះទេ) គឺថាគេមានគ្រលុកគ្រលាក់ទាក់ចិត្តអ្នកមើលឱ្យចូលជាមួយតួសម្ដែង និយាយរួមទៅល្ខោននិយាយនេះមួយបើសម្ដែងល្អគឺថាឆ្ងាញ់តែម្ដង។
ក្នុងនាមលោកជាគ្រូបង្ហាត់និងជាសិល្បករជើងចាស់មួយរូបដែរនោះលោកពិតជាចង់ឃើញមានការចូលរួមឱ្យបានច្រើនបន្ថែមទៀតពីសំណាក់ក្មេងជំនាន់ក្រោយ ទោះមិនបានសិក្សាស៊ីជម្រៅ ហោចណាស់បានដឹង បានស្គាល់ និងមានចិត្តចង់ថែរក្សាអត្តសញ្ញាណជាតិមួយនេះឱ្យគង់វង្សបន្តទៅមុខទៀត៕






















































Account
Security
Favourite Content