យោងតាមសារព័ត៌មាន Global Times កាលពីថ្ងៃទី១៦ ខែកញ្ញា នេះ អ្នកម្ដាយរបស់ Yu Menglong បានចេញសេចក្ដីប្រកាសតាមរយៈទីភ្នាក់ងារថា កូនប្រុសរបស់ខ្លួនពិតជាបានស្លាប់ ដោយសារតែធ្លាក់ពីលើអាគារ ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងពិតមែន។

រំឭកទៅដល់ហេតុការណ៍កាលពីថ្ងៃទី១១ ខែកញ្ញា វិញ អ្នកម្ដាយរូបនេះបានរៀបរាប់ថា៖ “ខ្ញុំជាម្តាយរបស់ Yu Menglong។ ថ្មីៗនេះ ខ្ញុំបានជួបទុក្ខសោកយ៉ាងខ្លាំង ខណៈដែលកូនប្រុសជាទីស្រលាញ់របស់ខ្ញុំ Yu Menglong បានទទួលមរណភាពក្នុងសោកនាដកម្ម បន្ទាប់ពីធ្លាក់ពីលើអាគារដោយចៃដន្យព្រោះតែគ្រឿងស្រវឹង ហើយបានចាកចេញពីពួកយើងជារៀងរហូត”។
ស្រ្តីរូបនេះ បានឱ្យដឹងបន្ថែមថា គាត់បានទទួលលទ្ធផលនៃការស៊ើបអង្កេតពីអាជ្ញាធរសន្តិសុខសាធារណៈ ហើយបានដោះស្រាយរឿងនេះរួចរាល់ដូចគ្នា។ គាត់សង្ឃឹមថា មហាជននឹងទទួលស្គាល់ជាមួយគាត់ថា រឿងនេះគឺជាឧប្បត្តិហេតុ ហើយមិនរំពឹងថា នឹងមានមូលហេតុអ្វីផ្សេងទៀតនៅក្នុងពេលអនាគត។
“ខ្ញុំក៏សង្ឃឹមថា ខ្ញុំនឹងអាចវិលទៅរស់នៅជីវិតដ៏សុខសាន្តឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយមាន Menglong ស្ថិតនៅក្នុងការចង់ចាំជារៀងរហូត ហើយខ្ញុំក៏នឹងព្យាយាមរស់នៅឱ្យបានល្អបំផុតដែរ។ ខ្ញុំជឿថា នេះក៏ជាអ្វីដែល Menglong ប្រាថ្នា” ស្ត្រីជាម្ដាយបញ្ចប់ដូច្នេះ។

កើតនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ១៩៨៨ នៅទីក្រុង Urumqi ភាគពាយ័ព្យនៃប្រទេសចិន Yu Menglong ទទួលបានភាពល្បីល្បាញជាតារាចម្រៀងតាមរយៈកម្មវិធីបង្ហាញទេពកោសល្យដូចជា “My Show” និង “Happy Boys”។
រហូតដល់ឆ្នាំ ២០១៤ លោកក៏បានចាប់ផ្ដើមផ្លាស់ប្ដូរអាជីពពីវិស័យចម្រៀងមកកាន់វិស័យភាពយន្ត ដោយបានចូលរួមសម្ដែងក្នុងរឿងដូចជា “The Loving Home” “Go Princess Go” “Eternal Love” និងភាពយន្តភាគប៉ុន្មានចំណងជើងទៀត មុននឹងបាត់បង់ជីវិតនៅក្នុងឆ្នាំ ២០២៥ ត្រឹមវ័យ ៣៧ឆ្នាំ៕
























Account
Security
Favourite Content