Yoo Ah In ជាតារាសម្ដែងប្រុសកូរ៉េម្នាក់ដែលមានទេពកោសល្យ ប៉ុន្ដែអាជីពសិល្បៈរបស់លោកចាប់ផ្ដើមមានភាពរង្គោះរង្គើ ក្រោយត្រូវបានគេសង្ស័យប្រើប្រាស់គ្រឿងញៀនខុសច្បាប់ជាច្រើនមុខ ចាប់តាំងពីឆ្នាំ ២០២០ មក។ ដោយសារធាតុញៀនទាំងនោះរួមមានដូចជា កញ្ឆា ប្រូប៉ូហ្វុល កេតាមីន ហ្សូលភីឌឹម និងកូកាអ៊ីន។



បង្ហាញខ្លួនជាថ្មីម្ដងទៀតនៅ តុលាការ លើកទី ៥ កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៤ ដើម្បីសួរទាក់ទង និងស៊ើបអង្កេតទាក់ទងការប្រើប្រាស់គ្រឿងញៀន តារាប្រុស Yoo Ah In ដាច់ចិត្ដទម្លាយពីស្ថានភាពសុខភាពរបស់ខ្លួនឲ្យមហាជនបានដឹង។ វេជ្ជបណ្ឌិត ២ រូប ដែលទាក់ទងក្នុងការតាមដានសុខភាពរបស់តារាប្រុស Yoo Ah In បានឲ្យដឹងថា តារាប្រុសរូបនេះបានប្រាប់ពីបញ្ហាសុខភាព មានជំងឺបាក់ចិត្ដ និងធ្លាប់មានគំនិតចង់ធ្វើអត្ដឃាតខ្លួនឯង។
ក្នុងចំណោមវេជ្ជបណ្ឌិតម្នាក់បានទម្លាយថា តារាប្រុស Yoo Ah In បានមកពិនិត្យសុខភាពនៅកន្លែងរបស់លោក ៤៦ ដង ក្នុងរយៈពេល ៤ ឆ្នាំ ចាប់ពីខែ មិថុនា ឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៤។ តារាប្រុសវ័យ ៣៧ ឆ្នាំរូបនេះពិបាកក្នុងការគេង ញ័រទ្រូង មានអាការៈភ័យខ្លាចនៅពេលជួបមនុស្ស ថែមទាំងមានជំងឺបាក់ទឹកចិត្ដរ៉ាំរ៉ៃ។ បន្ថែមពីនេះ ជំងឺរបស់ Yoo Ah In ធ្វើឲ្យលោកមានភាពភ័យខ្លាច ចង់រត់ចោលកន្លែងថតរឿង និងកន្លែងធ្វើការ ព្រមទាំងមានគំនិតធ្វើអត្ដឃាត។ ជារឿយៗ លោកមានអារម្មណ៍មិនស្ងប់ ថប់បារម្ភ និងពិបាកក្នុងការផ្ដោតអារម្មណ៍។


ជាមួយគ្នាដែរ តារាប្រុស Yoo Ah In ក៏បានចេញបដិសេធចំពោះការចោទប្រកាន់ថា លោកបានណែនាំ លើកទឹកចិត្ដឲ្យអ្នកដទៃប្រើប្រាស់គ្រឿងញៀនដែរ។
គួរបញ្ជាក់ថា រឿងក្ដីរបស់តារាប្រុស Yoo Ah In កំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតនៅឡើយ ខណៈប៉ូលីសបន្ដស្វែងរកភស្ដុតាងផ្សេងៗ ជាបន្ដបន្ទាប់។ ស្របពេលដែលអ្នកគាំទ្រជាច្រើននៅតែមានក្ដីអាណិតអាសូរចំពោះរូបលោក និងសង្ឃឹមអាចឆ្លងកាត់រឿងមួយនេះ ហើយមើលថែសុខភាពរបស់ខ្លួនឲ្យបានល្អបប្រសើរ៕























Account
Security
Favourite Content