កម្មវិធីប្រគល់ពានរង្វាន់តន្រ្តីធំបំផុតរបស់អឺរ៉ុប MTV Europe Music Awards ទើបតែបានបញ្ចប់ទៅកាលពីថ្ងៃ១០ ខែវិច្ឆិកានេះ នៅឯទីក្រុង Manchester ប្រទេសអង់គ្លេស ដោយបានផ្ដល់ពានដល់តារាល្បីៗបានយ៉ាងជោគជ័យ។

នៅក្នុងគម្រប់ខួប ៣០ ឆ្នាំនៃកម្មវិធីនេះ Taylor Swift ជាតារាស្រីលេចធ្លោ និងទទួលបានពានរង្វាន់ច្រើនជាងគេបង្អស់។ ឈរឈ្មោះជាបេក្ខភាពនៅក្នុង ៧ ពានរង្វាន់ តារាស្រីវ័យ ៣៤ ឆ្នាំរូបនេះបានយកឈ្នះដល់ទៅ ៤ ពានរង្វាន់ទៅហើយដោយទទួលបាន Best US Act, Best Artist, Best Live និង Best Video សម្រាប់ចម្រៀងបទ Fortnight ដែលជាស្នាដៃរួមគ្នាជាមួយនឹង Post Malone។

បន្ទាប់ពី Taylor Swift តារាចម្រៀងអាហ្វ្រិកខាងត្បូង Tyla ក៏ទទួលបានពានរង្វាន់ច្រើនមិនណយដែរ។ ម្ចាស់បទ Water រូបនេះបានដណ្ដើមពានចំនួន ៣ មកគ្រប់គ្រង រួមមានពាន Best Afrobeats, Best R&B និង Best African Act។
ដោយឡែក សម្រាប់ផ្នែកតារា K-pop វិញ Lisa បានឈ្នះពានរង្វាន់រហូតដល់ទៅ ២ ក្រោយមានឈ្មោះដណ្ដើមពានរង្វាន់ចំនួន ៤ ធំៗ។ ជាក់ស្ដែង សមាជិកក្រុម BLACKPINK រូបនេះ ជាតារា K-pop និងតារាចម្រៀងអាស៊ីដំបូងបង្អស់ដែលទទួលបានពានរង្វាន់ Best Collaboration តាមរយៈការងារជាមួយគ្នានឹង ROSALÍA នៅក្នុងបទ NEW WOMAN។

បន្តដោយពានរង្វាន់ទី ២ របស់តារាថៃរូបនេះ ជាម្ចាស់តំណែង Biggest Fans ដែលជាពានរង្វាន់ផ្ដល់ជូនសិល្បករដែលមានអ្នកគាំទ្រច្រើនបំផុតប្រចាំឆ្នាំ។

សម្រាប់ពានរង្វាន់ Best K-pop នៅក្នុងឆ្នាំ ២០២៤ នេះវិញ បានធ្លាក់ទៅក្នុងដៃរបស់តារាប្រុសសមាជិកក្រុម BTS Jimin ត្បិតសាមីខ្លួនកំពុងបម្រើជាតិក្នុងនាមជានាយទាហានក៏ពិតមែន។ គួររំលឹកផងដែរថា សមាជិកក្រុម BTS ធ្លាប់ទទួលបានពានរង្វាន់ដដែលនេះម្ដងរួចមកហើយ ដោយ Jungkook បានទទួលតំណែងតែមួយកាលពីឆ្នាំមុន។
ក្រៅពីពានរង្វាន់ខាងលើ នៅមានពានរង្វាន់ជាច្រើនទៀតដែលកម្មវិធីបានផ្ដល់ជូន មិនថាសិល្បករនៅក្នុងស្រុក និងក្រៅស្រុកនោះទេ។ ជាក់ស្ដែង Sabrina Carpenter ឈ្នះពាន Best Song សម្រាប់បទ Espresso។ ឯ Ariana Grande វិញគ្រងតំណែងជា Best Pop ក្នុងឆ្នាំ ២០២៤។ ទន្ទឹមគ្នានេះ តារាអាស៊ីដូចជា Le Sserafim ទទួលបានពាន Best Push បន្តដោយក្រុមចម្រៀងនារីរបស់ហ្វីលីពីន Bini សម្រាប់ពាន Best Asia Act៕
























Account
Security
Favourite Content