ក្រុម Wall breaker crew ដែលធ្លាប់បានសហការជាមួយតារាល្បីៗនៅផលិតកម្មបារមី និងតារាប្រុសស្រីដទៃទៀត បានដាក់ពាក្យចូលរួមប្រកួតកម្មវិធីប្រឡងរាំដ៏ល្បីមួយ រៀបចំឡើងនៅហ្វីលីពីន ដោយ WBC បានជាប់ក្នុងវគ្គ Online audition នៅកម្មវិធីប្រឡងរាំ Body Rock Asia ហើយ។ បើតាមសម្ដី ឆាយ ដែលជាប្រធានក្រុម WBC បានប្រាប់មកកាន់ AMS Infotainment។

ប្រធានក្រុម WBC បានបន្តឲ្យដឹងទៀតថាក្រុមលោកមានសមាជិក ១១ នាក់ ហើយការចូលរួមប្រកួតនៅហ្វីលីពីន គឺបែបប្រកួតរាំហ៊ីបហប ហើយដំណាក់ដំបូង ត្រូវឆ្លងកាត់វគ្គជម្រុះ នៅតាម Online សិនដោយក្នុងនោះមានក្រុមជម្រុះ ៧០ ជាងក្រុម។
ឆាយ បានបន្តឲ្យដឹងទៀតថា We Best Crew បានដាក់ពាក្យតាអនឡាញ Body Rock Asia នៅដើមខែមករា កន្លងទៅ។ មូលហេតុដែលចង់ចូលរួមព្រោះ Wall breaker crew ចង់បង្ហាញទេពកោសល្យកូនខ្មែរ ទៅកាន់លើឆាកអន្តរជាតិ ហើយវាជាលើកដំបូងបានចូលរួមនៅការប្រកួតដ៏ធំមួយនេះ និងជាតំណាងក្រុមរាំរបស់ប្រទេសកម្ពុជា ព្រមទាំងជាការលើកស្ទួយវិស័យរាំនៅកម្ពុជាដូចគ្នា។

ក្រោយជាប់វគ្គ Online audition រួចហើយ Wall breaker crewនឹងបានឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃ ១១ ខែមេសា ឆ្នាំ ២០២៦ នៅប្រទេសហ្វីលីពីន។ បើទោះជាមិនអាចលម្អិតបានខ្លាំង តែ WBC បញ្ជាក់ច្បាស់ៗថា ពួកគេបានខិតខំហ្វឹកហាត់ជាខ្លាំង និងរៀបចំ concept សម្រាប់ការសម្ដែង ឲ្យមើលទៅអស្ចារ្យ សម្រាប់ការប្រកួតមួយនេះ។
សម្រាប់ក្ដីរំពឹង មិនទាន់ហ៊ាននិយាយថាច្រើនឡើយ ប៉ុន្តែនៅក្នុងគំនិតរបស់ពួកគេ ពិតជាចង់ឈ្នះនៅក្នុងកម្មវិធីមួយនេះ ហើយធ្វើយ៉ាងណាបញ្ចេញឲ្យអស់ពីសមត្ថភាព តាមគម្រោងបានគិត ហ្វឹកហាត់ និងរៀបចំកន្លងមក។ ប្រសិនបើឈ្នះការប្រកួត Wall breaker crew មិនត្រឹមទទួលប្រាក់រង្វាន់ តែក៏អាចបង្ហាញទៅដល់ប្រទេសជិតខាង និងនៅតំបន់អាស៊ីថា នៅប្រទេសកម្ពុជាក៏មានអ្នករាំជាច្រើនដែលមានឥទ្ធិពល និងពូកែ ថែមទាំងមានឈ្មោះជាក្រុមរាំអន្តរជាតិ ព្រមទាំងមានឱកាសទៅប្រកួតនៅឯអាមេរិក ក្នុងកម្មវិធី Body Rock Dance competition។

មុនឈានជើងឡើងទៅឆាកអន្តរជាតិនៅហ្វីលីពីននាពេលខាងមុខ WBC ធ្លាប់ចូលរួមប្រកួត៖
- ជាប់ទៅវគ្គផ្ដាត់ព្រ័ត្រ Cambodia Got talent 2023
- ជយលាភីលេខ ១ ROMBAK BATTLE 2025
- ជាប់ដល់វគ្គផ្ដាត់ព្រ័ត្រ UDO Asia Pacific 2025 នៅប្រទេសថៃ
ងាកទៅមើលពីការប្រកួត Body Rock Asia គឺការប្រកួតដ៏ធំមួយធ្វើឡើងនៅក្នុងមហោស្រព UP Theater Diliman ឆាកធំ ខុសប្លែកខ្លាំងទៅនឹងការប្រកួតផ្សេងៗ ដែលទាមទារឲ្យ WBC មានកម្រិតប្រកួតប្រជែងខ្ពស់ ភាពច្នៃប្រតិដ្ឋ និងសហការជាក្រុមឲ្យកាន់តែល្អ។ កម្រិតក្រុមនីមួយៗដែលចូលរួមប្រកួតប្រជែង គឺជាក្រុមមានសមត្ថភាពខ្លាំងៗ។

តាងនាមជាប្រធានក្រុម ឆាយ សង្ឃឹមថាមហាជនក្នុងស្រុកនឹងជួយគាំទ្ រWall breaker crew នៅក្នុងដំណើរការប្រកួតដ៏ធំមួយនេះ។ Wall breaker crew ខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ហើយ លោកក៏បាន អរគុណដែលក្រុមទាំងមូលប្រឹងប្រែងអស់ពីសមត្ថភាព ទាំងកាយ ទាំងចិត្ត ធ្វើដំណើរលើវិថីមួយនេះជាមួយគ្នា។
គួរបញ្ជាក់ថា WBC បង្កើតនៅឆ្នាំ ២០២៣ ដំបូងមានសមាជិក ៦នាក់បុរស បន្ទាប់មកអភិវឌ្ឍរហូតដល់សមាជិក ១១ នាក់ មាន បុរស ៦នាក់ និងនារី ៥ នាក់។ កន្លងមក WBC ធ្លាប់បានសហការ បង្កើតក្បាច់រាំឲ្យតារាស្រុកច្រើនដូចជា វណ្ណដា, នរិទ្ធ, G-Mengz, ម៉ម ពេជ្ជរិទ្ធ, រ៉េត ស៊ូហ្សាណា, វណ្ណថាន, Kmeng Khmer, La cima, ទេព ពិសិដ្ឋ និងកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត។ ដោយក្បាច់រាំដែលផ្ទុះ និងមានអ្នកស្គាល់ច្រើន គឺបទ “១ណា” Remix របស់តារាប្រុស នរិទ្ធ, “Baby Mama” ពី វណ្ណដា និង “បាញ់ស្នេហ៍” របស់ ខេមរៈ សិរីមន្ត ព្រមទាំងបទដទៃច្រើនទៀត៕



























Account
Security
Favourite Content