អ្នកគាំទ្រសិល្បករផលិតកម្ម បារមី កំពុងសង្ស័យថាបទថ្មីនៃ វណ្ណថាន វណ្ណដា និង នរិទ្ធ ដែលត្រៀមចេញសម្រាប់ឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខែ ៤ ខាងមុខនេះមានចំណងជើង «បងមិនចេះរដឺនទេ» ដោយកាលពីខែកុម្ភៈកន្លងទៅ ធ្លាប់បានបង្ហើប intro បានម្ដងហើយ។

កាលពី ១៦ ខែមីនា ម្សិលមិញនេះទៀតសោត វណ្ណថាន បន្ថែមវីដេអូខ្លី និងមានរូបភាពនៃអ្នកទាំង ៣ បន្ថែមទៀត ធ្វើឲ្យអ្នកគាំទ្រកាន់តែអន្ទះសាចង់ស្ដាប់បទចម្រៀងពេញ ព្រោះបើទោះជា teaser ខ្លីៗជាង ១០ វិនាទីមែនពិត តែពីរោះ និងមានភ្លេងឡូយ ស្ដាប់បានបន្តិចហើយ កាន់តែចង់ស្ដាប់ឲ្យបានពេញថែមទៀត។
មិនត្រឹមបង្ហោះវីដេអូ teaser អមដោយរូបភាពនៃអ្នកទាំង ៣ ឡើយតារាចម្រៀង និងជាអ្នកលេងឧបករណ៍តន្ត្រីដ៏ស្ទាត់ជំនាញ វណ្ណថាន ក៏បង្ហាញតម្រុយយ៉ាងច្បាស់ថា បទ «បងមិនចេះរដឺនទេ» អាចនឹងចេញផ្សាយឆាប់ៗនេះ។

គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២៣ វណ្ណថាន និង វណ្ណដា បានចាប់ដៃគ្នាចេញបទ «កំលោះស្រុកខ្មែរ» ដែលកាលណោះ ល្បីខ្លាំងសឹងតែគ្រប់ទីកន្លែងចាក់តែបទ «កំលោះស្រុកខ្មែរ» ហើយមកដល់ពេលនេះក៏នៅតែមានអ្នកស្ដាប់ដដែល ដោយ ២ ឆ្នាំមកនេះអ្នកមើលលើ Channel YouTubre ឡើងជាង ១០៥ លានដង។
ចូលមកដល់ឆ្នាំ ២០២៤ នរិទ្ធ និង វណ្ណដា ក៏បានទម្លាក់បទថ្មី សម្រាប់ឱកាសចូលឆ្នាំថ្មី «ក្រមុំស្រុកណា» ក៏ទទួលបានការគាំទ្រខ្លាំងក្លាមិនធម្មតាដែរ។ ត្រឹម១ឆ្នាំ បទរបស់តារាប្រុសស្ថិតក្រោមផលិតកម្មតែមួយ មានអ្នកមើលជិត៣០ លានដងទៅហើយ។ ទម្រាំឆ្នាំនេះតារាប្រុសនៃ បារមី crew ទាំង ៣ សហការគ្នាចេញបទតែមួយ ចម្រៀងនោះពិតជាមិនចាញ់បទមុនៗឡើយ ព្រោះត្រឹម behind the scene ដែលថតចាក់បទថ្មី នៅលើហ្វេសប៊ុកផ្លូវការ វណ្ណថាន មានអ្នកចូលមើលជាង ១ លាន៤ សែនដងទៅហើយ។
ចុចទីនេះ៖ Teaser បទថ្មី វណ្ណថាន វណ្ណដា និង នរិទ្ធ
សម្រាប់ឆ្នាំនេះ វណ្ណថាន ក្រៅពីមានបទ collaboration ហើយនោះ កំលោះមកពីខេត្តបាត់ដំបងរូបនេះ ក៏មានបទទោលជាច្រើនបទចេញមកដែរ។ ក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររួច វណ្ណថាន វណ្ណដា នរិទ្ធ និងតារាបារមីជាច្រើនរូបទៀតនឹងទៅសម្ដែងនៅ Sabaidee Fest នា Gloria Molina Grand Park ទីក្រុង Los Angeles សហរដ្ឋអាមេរិក ដោយមហោស្រពតន្ត្រីនោះ នឹងធ្វើឡើងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ១២ និង ១៣ ខែកក្កដា ឆ្នាំ ២០២៥៕



រូបភាព៖ Norith Vann Da និង Vanthan



Account
Security
Favourite Content