២០២៥ វណ្ណថាន វណ្ណដា និង នរិទ្ធ ចាប់ដៃគ្នាផលិតបទចូលឆ្នាំខ្មែរ fan កំពុងទន្ទឹងចាំអន្ទះសាខ្លាំង

អ្នក​គាំទ្រ​សិល្បករ​ផលិតកម្ម បារមី កំពុង​សង្ស័យ​ថា​បទ​ថ្មី​នៃ វណ្ណថាន វណ្ណដា និង នរិទ្ធ ដែល​ត្រៀម​ចេញ​សម្រាប់​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ខែ ៤ ខាង​មុខ​នេះ​មាន​ចំណងជើង «បង​មិន​ចេះ​រដឺន​ទេ» ដោយ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ ធ្លាប់​បាន​បង្ហើប intro បាន​ម្ដង​ហើយ។

កាលពី ១៦ ខែ​មីនា ម្សិលមិញ​នេះ​ទៀតសោត វណ្ណថាន បន្ថែម​វីដេអូ​ខ្លី និង​មាន​រូបភាព​នៃ​អ្នក​ទាំង ៣ បន្ថែម​ទៀត ធ្វើឲ្យ​អ្នក​គាំទ្រ​កាន់តែ​អន្ទះសា​ចង់​ស្ដាប់​បទ​ចម្រៀង​ពេញ ព្រោះ​បើ​ទោះ​ជា teaser ខ្លី​ៗ​ជាង​ ១០ វិនាទី​មែន​ពិត តែ​ពីរោះ និង​មាន​ភ្លេង​ឡូយ ស្ដាប់​បាន​បន្តិច​ហើយ កាន់តែ​ចង់​ស្ដាប់​ឲ្យ​បាន​ពេញ​ថែម​ទៀត។

មិន​ត្រឹម​បង្ហោះ​វីដេអូ teaser អម​ដោយ​រូបភាព​នៃ​អ្នក​ទាំង ៣ ឡើយ​តារា​ចម្រៀង និង​ជា​អ្នក​លេង​ឧបករណ៍​តន្ត្រី​ដ៏​ស្ទាត់​ជំនាញ វណ្ណថាន ក៏​បង្ហាញ​តម្រុយ​យ៉ាង​ច្បាស់​ថា បទ «បង​មិន​ចេះ​រដឺន​ទេ» អាច​នឹង​ចេញ​ផ្សាយ​ឆាប់​ៗ​នេះ។

គួរ​បញ្ជាក់​ថា កាលពី​ឆ្នាំ ២០២៣ វណ្ណថាន និង វណ្ណដា បាន​ចាប់ដៃ​គ្នា​ចេញ​បទ «កំលោះ​ស្រុកខ្មែរ» ដែល​កាលណោះ ល្បី​ខ្លាំង​សឹងតែ​គ្រប់​ទី​កន្លែង​ចាក់​តែ​បទ «កំលោះ​ស្រុកខ្មែរ» ហើយ​មក​ដល់​ពេលនេះ​ក៏​នៅ​តែ​មាន​អ្នក​ស្ដាប់​ដដែល ដោយ ២ ឆ្នាំ​មក​នេះ​អ្នក​មើល​​លើ Channel YouTubre ឡើង​ជាង ១០៥ លាន​ដង។

ចូល​មក​ដល់​ឆ្នាំ ២០២៤ នរិទ្ធ និង វណ្ណដា ក៏​បាន​ទម្លាក់​បទ​ថ្មី សម្រាប់​ឱកាស​ចូលឆ្នាំ​ថ្មី «ក្រមុំ​ស្រុក​ណា» ក៏​ទទួល​បាន​ការ​គាំទ្រ​ខ្លាំងក្លា​មិន​ធម្មតា​ដែរ។ ត្រឹម​១​ឆ្នាំ បទ​របស់​តារា​ប្រុស​ស្ថិត​ក្រោម​ផលិតកម្ម​តែ​មួយ មាន​អ្នក​មើល​ជិត​៣០ លាន​ដង​ទៅ​ហើយ។ ទម្រាំ​ឆ្នាំ​នេះ​​តារា​ប្រុស​នៃ បារមី crew ទាំង ៣ សហការ​គ្នា​ចេញ​បទ​តែ​មួយ ចម្រៀង​នោះ​ពិតជា​មិន​ចាញ់​បទ​មុន​ៗ​ឡើយ ព្រោះ​ត្រឹម behind the scene ដែល​ថត​ចាក់​បទ​ថ្មី នៅ​លើ​ហ្វេសប៊ុក​ផ្លូវការ វណ្ណថាន មាន​អ្នក​ចូល​មើល​ជាង ១ លាន​៤ សែន​ដង​ទៅ​ហើយ។

ចុចទីនេះ៖ Teaser បទថ្មី វណ្ណថាន វណ្ណដា និង នរិទ្ធ

សម្រាប់​ឆ្នាំ​នេះ វណ្ណថាន ក្រៅពី​មាន​បទ collaboration ហើយ​នោះ កំលោះ​មក​ពី​ខេត្ត​បាត់ដំបង​រូប​នេះ ក៏​មាន​បទ​ទោល​ជាច្រើន​បទ​ចេញ​មក​ដែរ។ ក្រោយ​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​រួច វណ្ណថាន វណ្ណដា នរិទ្ធ និង​តារា​បារមី​ជាច្រើន​រូប​ទៀត​នឹង​ទៅ​សម្ដែង​នៅ Sabaidee Fest នា Gloria Molina Grand Park ទីក្រុង Los Angeles សហរដ្ឋអាមេរិក ដោយ​មហោស្រព​តន្ត្រី​នោះ នឹងធ្វើឡើងរយៈពេល ២ ថ្ងៃ​គឺ​ថ្ងៃទី ១២ និង ១៣​ ខែ​កក្កដា ឆ្នាំ ២០២៥៕

រូបភាព៖ Norith Vann Da និង Vanthan

Leave a Reply

Your email address will not be published.Required fields are marked *