មនុស្សពីរនាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុគួរឱ្យតក់ស្លុតមួយក្នុងព្រឹត្តិការណ៍មហោស្រពតន្ត្រី ‘AXE Ceremonia’ ដែលប្រារព្ធឡើងកាលពីថ្ងៃទី ៥ ខែមេសា នៅឧទ្យាន Parque Bicentenario ក្នុងទីក្រុងម៉ិកស៊ិក នៃប្រទេសម៉ិកស៊ិក ជាកម្មវិធីដែលក្រុមចម្រៀង K-pop TXT (TOMORROW X TOGETHER) បានចូលរួមសម្ដែង។

យោងតាមមន្ត្រីទីក្រុងម៉ិកស៊ិក បានឲ្យដឹងថា ខ្យល់កន្ត្រាក់ខ្លាំងមួយរំពេចបានបណ្តាលឲ្យ Crane ឬដងស្ទូចដែកមួយបានដួលរលំនៅវេលាម៉ោងប្រហែល ៥ និង ៣០ នាទីល្ងាច បណ្តាលឲ្យមនុស្សពីរនាក់ស្លាប់។ ទោះបីជាមានការសង្គ្រោះបន្ទាន់នៅកន្លែងកើតហេតុ និងការដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗក៏ដោយ ក៏ប៉ុន្តែជនរងគ្រោះដែលត្រូវបានគេស្គាល់ថាជាអ្នកថតរូបទាំងពីរនាក់ ក៏បានបាត់បង់ជីវិតដោយសាររបួសធ្ងន់ធ្ងរខ្លាំង។

មកទល់ពេលនេះ រដ្ឋាភិបាលក្រុងម៉ិកស៊ីកូបាននិងកំពុងបើកការស៊ើបអង្កេតលើមូលហេតុ និងការទទួលខុសត្រូវចំពោះគ្រោះថ្នាក់នេះ។ ក្រោយមានឧប្បត្តិហេតុកើតឡើង កម្មវិធីកាលពីយប់ថ្ងៃសៅរ៍បានបន្តដោយមាន TXT និងតារាអន្តរជាតិជាច្រើនទៀតចូលរួមសម្ដែងដូចជា Charli XCX, Natanael Cano និង Parcels ប៉ុន្តែកម្មវិធីដែលគ្រោងធ្វើឡើង ១ថ្ងៃបន្តទៀតក៏ត្រូវបានលុបចោល។

ក្រុមចម្រៀង TXT ដែលបានក្លាយជាក្រុម K-pop ដំបូងបង្អស់ដែលបានសម្តែងនៅក្នុងមហោស្រពតន្ត្រីនោះ បានសម្តែងការរំលែកទុក្ខតាមរយៈគណនី X របស់ពួកគេថា៖ “ពួកយើងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះឧបទ្ទវហេតុដ៏សោកសៅដែលបានកើតឡើងក្នុងព្រឹត្តិការណ៍តន្ត្រី។ យើងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់ជនរងគ្រោះ ក្រុមគ្រួសារ មនុស្សជាទីស្រឡាញ់ និងសហការីរបស់ពួកគេក្នុងគ្រាដ៏លំបាកនេះ។”
ទន្ទឹមគ្នានោះ តារាចម្រៀងអង់គ្លេស Charli XCX ក៏បានបង្ហោះសារចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកថតរូបទាំងពីរនាក់ផងដែរ ៕

























Account
Security
Favourite Content