លោក Ed Kelce ឪពុករបស់ Travis Kelce បានចែករំលែករឿងរ៉ាវ ដែលកូនប្រុសសុំការប្រឹក្សាខ្លួន ដើម្បីសុំមិត្តស្រី Taylor Swift រៀបការ ដោយជាក់ស្ដែង រូបភាពដែលបានចែករំលែកនៅលើបណ្ដាញទំនាក់ទំនងសង្គមទាំងនេះ បានកើតឡើងតាំងតែពី ២សប្ដាហ៍មុន។

កាលពីយប់ថ្ងៃអង្គារ ទី២៦ ខែសីហា កន្លងទៅ Taylor Swift និង Travis Kelce បានប្រកាសដំណឹងដ៏រីករាយថា ពួកគេបានសម្រេចចិត្តភ្ជាប់ពាក្យ ទទួលនាមជាគូដណ្ដឹងហើយ ដោយគូស្នេហ៍កីឡាករបាល់ឱប និងតារាចម្រៀងមួយគូនេះ បានចែករំលែកទិដ្ឋភាពនៃឱកាសពិសេសជូនអ្នកគាំទ្រផងដែរ។
ដោយឡែក កាលពីថ្ងៃទី២៧ នេះ ឪពុករបស់ Travis Kelce លោក Ed Kelce ទើបតែបានផ្ដល់កិច្ចសម្ភាសន៍ពីគម្រោងសុំរៀបការរបស់កូនប្រុសខ្លួនជាមួយនឹងសារព័ត៌មាន New 5 ដោយលោកបានរៀបរាប់ថា ជាក់ស្ដែង ការសុំរៀបការនេះ បានកើតឡើងនៅក្នុងបរិវេណផ្ទះរបស់កូនប្រុសលោក តាំងតែពីជាង ២សប្ដាហ៍មុនមកម៉្លេះ។
លោកឪពុករូបនេះ បានឱ្យដឹងបន្តថា៖ “ដំបូង គាត់ចង់ពន្យារពេលមកដល់សប្ដាហ៍នេះ។ ខ្ញុំគិតថា គាត់អាចនឹងចាប់ផ្ដើមភ័យ។ គាត់ចង់ពន្យារពេល ដើម្បីអាចរៀបចំកម្មវិធីចេញមកឱ្យធំ ដើម្បីឱ្យវាក្លាយជាពេលវេលាដ៏ពិសេស។ តែខ្ញុំតែងតែព្យាយាមប្រាប់គាត់ម្ដងហើយម្ដងទៀតថា កូនចង់សុំមិត្តស្រីរៀបការនៅតាមដងផ្លូវធម្មតាក៏បាន ធ្វើនៅទីណាក៏ធ្វើទៅ អ្វីដែលសំខាន់នោះ គឺពេលវេលាដែលកូនលុតជង្គង់សុំនាងរៀបការទៅវិញទេ”។


Ed Kelce បានចែករំលែកពីគម្រោងលម្អិតរបស់កូនប្រុសខ្លួនថា Travis Kelce បានធ្វើជាបបួល Taylor Swift ទៅញ៉ាំអាហារពេលល្ងាចជុំគ្នា ហើយនៅពេលដែលអ្នកទាំងពីរដើរមកដល់សួនខាងក្រៅផ្ទះ ទើបគេលុតជង្គង់សុំមិត្តស្រីរូបនេះរៀបការ។
លោកបានឱ្យដឹងបន្ថែមថា ខ្លួនបានទទួលដឹងឮគម្រោងនេះ ជាងមួយខែមកហើយ តែក៏មិនមានអារម្មណ៍ចម្លែកអ្វីដែល ព្រោះ ២ឆ្នាំនៃទំនាក់ទំនងស្នេហានេះ លោកឃើញថា ពួកគេស្រឡាញ់គ្នាខ្លាំង ហើយលោកមិនធ្លាប់បានឃើញកូនប្រុសមានក្ដីសុខយ៉ាងនេះពីមុនមកទេ៕


























Account
Security
Favourite Content