កីឡាការិនីអេឡិចត្រូនិកជម្រើសជាតិថៃ Naphat Warasin បកស្រាយថាខ្លួនបរិសុទ្ធ ក្រោយត្រូវបានដកសិទ្ធិប្រកួតពីព្រឹត្តិការណ៍កីឡា SEA Games ឆ្នាំ ២០២៥ នៅពេលគណៈកម្មការចាប់បានថា នាងបានប្រើល្បិចដែលខុសពីគោលការណ៍ណែនាំក្នុងការប្រកួតកីឡាអេឡិចត្រូនិកវិញ្ញាសានារី Arena of Valor កាលពីថ្ងៃទី១៥ ខែធ្នូនេះ។

ហេតុការណ៍នេះបានចាប់ផ្ដើមនៅចន្លោះពេលប្រកួតកីឡាអេឡិចត្រូនិក AoV រវាងក្រុមជម្រើសជាតិថៃ និងវៀតណាម ដោយមានការចាប់បានថាកីឡាការិនីដែលមានឈ្មោះហៅក្រៅថា Tokyogurl បានលួចប្រើប្រាស់កម្មវិធី Software ដើម្បីឱ្យជនទី ៣ អាចមានប្រកួតជំនួសនាងបាន។
ទោះបីជាមានការប្រើល្បិចបែបនេះទៅហើយក្ដី តែក្រុមជម្រើសជាតិថៃនៅតែចាញ់ក្រុមជម្រើសជាតិរៀតណាម ជាមួយនឹងលទ្ធផល ០-៣។ លើសពីនេះ ក៏មានការរាយការណ៍ថា កីឡាការិនីរូបនេះ បានបង្ហាញម្រាមដៃកណ្ដាលដាក់ដៃគូប្រកួតផងដែរ។
ក្រោយពីបានធ្វើការស៊ើបអង្កេត នៅថ្ងៃទី១៦ ខែធ្នូ លោក Santi Lohthong ប្រធានសមាគមកីឡាអេឡិចត្រូនិកថៃ និងជាប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ី បានបញ្ជាក់ថា ក្រុម RoV នារីជម្រើសជាតិថៃនឹងដកខ្លួនចេញពីការប្រកួតព្រឹត្តិការណ៍កីឡា SEA Games លើកទី ៣៣ ភ្លាមៗ ទោះបីជាត្រូវមានកាលវិភាគប្រកួតជាមួយនឹងប្រទេសឡាវក៏ដោយ។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកគាំទ្រកីឡាអេឡិកត្រូនិកបានរិះគន់យ៉ាងខ្លាំងទៅលើ Tokyogurl ដោយមានការចោទសួរទាក់ទងនឹងសមត្ថភាពរបស់នាងពិតប្រាកដ ដែលអាចក្លាយជាក្រុមជម្រើសជាតិដូច្នេះ។
ក្នុងនោះក៏មានអ្នកគាំទ្រម្នាក់បានរិះគន់ទៅកាន់នាងដោយផ្ទាល់តាមរយៈបណ្ដាញទំនាក់ទំនងសង្គមផងដែរ ខណៈ Tokyogurl បានបកស្រាយវិញថា៖ “បើសិនជាខ្ញុំពិតជាបានប្រើល្បិចមែន ប្រហែលជាឈ្នះទៅហើយ។ សួរមែនទែន តើខ្ញុំប្រើល្បិចយ៉ាងម៉េច? ខ្ញុំពិតជាលេងខ្លួនឯង តែខ្ញុំភ័យពេក រហូតដល់ស្លន់ស្លោ។ អ្នកទាំងអស់គ្នាអត់ដឹងអីទេ ខ្ញុំភ័យរហូតដល់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ”។

នាងបានបកស្រាយលើការចោទប្រកាន់រឿងធ្វើដៃកណ្ដាលដាក់គូប្រកួតថា នាងបានធ្វើដាក់មិត្តភក្ដិរបស់នាងលេង ព្រោះពេលនោះនាងមានអារម្មណ៍ថាតានតឹងពេក តែមកពីការចប់ប្លង់ថត ទើបធ្វើឱ្យចេញជារូបភាពបែបនេះ។
យ៉ាងណាមិញ លទ្ធផលចុងក្រោយសម្រាប់ការប្រកួតកីឡាអេឡិកត្រូនិកវិញ្ញាសានារី Arena of Valor បានសម្រេចថា ក្រុមកីឡាការិនីជម្រើសជាតិវៀតណាម ជាម្ចាស់មេដាយមាស ក្រុមកីឡាការិនីជម្រើសជាតិឡាវបានឈ្នះមេដាយប្រាក់ ខណៈក្រុមកីឡាការិនីទីម័រខាងកើតបានឈ្នះមេដាយសំរិទ្ធ៕

























Account
Security
Favourite Content