លើសពីពាក្យថាសោកស្ដាយដែលបវរកញ្ញាកម្ពុជាប៉ុន្មានរូបនេះ សុទ្ធតែខកខានក្នុងការតំណាងប្រទេសចូលរួមប្រកួតលើឆាកអន្តរជាតិ ក្រោមហេតុផលដូចគ្នានោះគឺបញ្ហាទិដ្ឋាការ។ តើបវរកញ្ញាណាខ្លះធ្លាប់ទទួលបទពិសោធន៍ដ៏ជូរចត់មួយនេះ?
១. ហេង ចន្ថា
កាលឆ្នាំ ២០១៦ កញ្ញា ហេង ចន្ថា ដែលជាម្ចាស់មកុដ Miss Grand Cambodia 2016 ដែលត្រូវចេញតំណាងកម្ពុជា ទៅចូលរួមប្រកួតនៅសហរដ្ឋអាមេរិក បែរត្រូវខកខានព្រោះតែនាងត្រូវបានបដិសេធនូវការផ្ដល់ទិដ្ឋាការ ក្រោមហេតុផលថា ខ្លាចកញ្ញាមិនវិលត្រឡប់មកស្រុកវិញ។


២. ពេជ្រ វត្តីសារ៉ាវឌ្ឍី
ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាបេក្ខភាពបវរកញ្ញាខ្មែរមួយរូបដែលត្រូវបានជ្រើសឱ្យតំណាងកម្ពុជាចូលរួមការប្រកួត Miss Intercontinental ក្នុងឆ្នាំ ២០២១ នៅប្រទេសអេហ្សីបក្នុងតំណែងជា Miss Intercontinental Cambodia។ បវរកញ្ញាដែលត្រៀមខ្លួនយ៉ាងរួចរាល់ក្នុងការប្រកួតទាំងសម្រស់ និងចំណេះដឹងរូបនេះបែរត្រូវខកខានក៏ព្រោះតែពុំទទួលបានទិដ្ឋាការ។


៣. ឈុំ ចាន់ដារ៉ា
បវរកញ្ញាដែលក្រាញននាលក្នុងវិស័យប្រកួតប្រជែងសម្រស់រូបនេះ ក៏ធ្លាប់មានបញ្ហាទិដ្ឋាការកាលប្រកួត Miss Supranational នៅប្រទេសប៉ូឡូញឆ្នាំ ២០២៤។ ប៉ុន្តែ ក្នុងឆ្នាំ ២០២៥ កញ្ញាបានត្រឡប់មកម្ដងទៀត មិនត្រឹមក្លាយជាម្ចាស់មកុដ Miss Supranational Cambodia 2025 ថែមទទួលបានការផ្ដល់ទិដ្ឋាការ និងមានឱកាសយកទង់ជាតិកម្ពុជាឈរលើវេទិកាអន្តរជាតិនៃប្រទេសប៉ូឡូញ។


៤. ហុក សារិតុលា
ហុក សារិតុលា បវរកញ្ញាដែលមានវាសនាមិនខុសពីរៀមច្បង ពេជ្រ វត្តីសារ៉ាវឌ្ឍី ខណៈម្ចាស់មកុដ Miss Intercontinental Cambodia 2025 រូបនេះខកខានមិនបានទៅប្រកួតនៅអេហ្សីបព្រោះបញ្ហាទិដ្ឋាការដូចគ្នា ដែលកម្មវិធីនឹងដំណើរការនៅខែកុម្ភៈ ឆ្នាំ ២០២៦ ខាងមុខ។


មហាជនបានជ្រាបដែរទេ ក្រៅពីបវរកញ្ញាទាំង ៤ រូបខាងលើនៅមានបវរកញ្ញាកម្ពុជាមួយរូបទៀតដែលធ្លាប់មានបញ្ហាទាក់ទងនឹងការសុំទិដ្ឋាការដូចគ្នានោះគឺ អ៊ិន លក្ខិណា។ ដ្បិតកាលនោះវីសាធ្លាក់យឺតធ្វើឱ្យ លក្ខិណា ចេញដំណើរទៅប្រកួតយឺតជាង បេក្ខភាពមកពីប្រទេសផ្សេង តែទោះជាយ៉ាងនេះ Miss Supranational Cambodia 2022 រូបនេះនៅតែអាចយកទង់ជាតិកម្ពុជាទៅបង្ហាញលើឆាកនៃប្រទេសប៉ូឡូញបាន៕
រូបភាព ៖ ហេង ចន្ថា, ពេជ្រ វត្តី, ដារ៉ា, សារិតុលា

























Account
Security
Favourite Content