កន្លងមក មានតារាថៃមិនតិចរូបទេដែលព្យាយាមសម្រកទម្ងន់ដើម្បីឱ្យសមទៅតាមតួអង្គដែលត្រូវបានកំណត់នៅក្នុងសាច់រឿង រហូតដល់មានទស្សនិកជនជាច្រើនព្រួយបារម្ភពីសុខភាពរបស់តារាសម្ដែងទាំងនោះ ហើយមានអ្នកខ្លះទៀតមានការយល់ឃើញអវិជ្ជមានទៅលើពួកគេ។ ខាងក្រោមនេះ ជាតារាទាំង ៥នាក់ដែលហ៊ានលះបង់សម្រស់ និងសុខភាពដើម្បីអាជីពរបស់ខ្លួន។
១. Billkin

Billkin ដែលទស្សនិកជនប្រហែលជាបានស្គាល់លោកតាមរយៈភាពយន្តថ្មីចុងក្រោយ “ចៅយាយ ឬ How To Make Millions Before Grandma Dies” ក្នុងនាមជាតួអង្គ អឹម។ តារាចម្រៀង និងសម្ដែងរូបនេះបានសម្រកទម្ងន់អស់ ១០គីឡូដើម្បីឱ្យស័ក្ដិសមទៅនឹងតួអង្គមួយនេះ ដែលជាក្មេងញៀនហ្គេមមិនចេញពីផ្ទះ។
២. Mai Davika


តារាស្រីលំដាប់កំពូលដែលអ្នកនិយមទស្សនាភាពយន្ត និងរឿងភាគថៃគ្រប់គ្នាប្រាកដជាស្គាល់នោះ គឺ Mai Davika។ មានមួយរយៈពេលនោះ ទស្សនិកជន និងអ្នកគាំទ្ររបស់តារាស្រីវ័យ ៣២ឆ្នាំរូបនេះ បានបង្ហាញការព្រួយបារម្ភពីសុខភាព ក្រោយពីគេសង្កេតឃើញពីរាងកាយដែលស្គមទៅៗរបស់នាង។ ជាក់ស្ដែង តារាស្រីរូបនេះបានព្យាយាមសម្រកគីឡូដើម្បីសម្ដែងនៅក្នុងរឿង 6ixtynin9 The Series ដែល Mai Davika ត្រូវលេងជាតួអង្គដែលបាត់បង់ការងារដោយមិនបានព្រៀងទុកជាមុន។
៣. Natara Nopparatayapon


ដោយទទួលឱកាសសម្ដែងនៅក្នុងរឿង “One for the Road” លោក Natara Nopparatayapon ត្រូវសម្រកទម្ងន់ដល់ទៅ ១៧គីឡូ។ មូលហេតុដែលលោកត្រូវសម្រកគីឡូច្រើនដល់ថ្នាក់នេះ ក៏ដោយសារតែតួអង្គរបស់លោក ជាតួអង្គមួយដែលមានជំងឺមហារីកដំណាក់កាលចុងក្រោយ។ បើទោះបីជាពិបាក និងគ្រោះថ្នាក់ក៏ដោយ តែលោកស៊ូធ្វើរឿងមួយនេះ ដោយចង់ឱ្យអ្នកទស្សនាទទួលបានអារម្មណ៍ពេញទីពីតួអង្គមួយនេះ។
៤. Narilya Gulmongkolpech


តារាសម្ដែង ១រូបទៀត កញ្ញា Narilya Gulmongkolpech ជាតួអង្គ ម៉ីង ក្នុងភាពយន្តរន្ធត់ “គ្រូបញ្ជាន់រូប ឬ The Medium” នាងត្រូវសម្រកទម្ងន់ជាង ១០គីឡូក្នុងរយៈពេលត្រឹម ១ខែដើម្បីសម្ដែងឈុតឆាកដែលត្រូវខ្មោចចូល។ តែភាពលំបាកមិនបានបញ្ចប់ត្រឹមនេះទេ ព្រោះនាងត្រូវដំឡើងទម្ងន់ឱ្យគ្រប់ ៥គីឡូវិញដើម្បីឱ្យសមស្របទៅនឹងដំណើរសាច់រឿងមួយនេះ។
៥. Ekawat Niratworapanya


តារាសម្ដែងវ័យក្មេង លោក Ekawat Niratworapanya បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលមិនតិចទេ នៅពេលដែរបាត់មុខលោកយូរ ក៏ប៉ុន្តែលោកបែជាបង្ហាញខ្លួនសាជាថ្មីក្នុងរូបរាងស្គមស្គាំងសឹងតែសល់ស្បែកនិងឆ្អឹង។ សាធារណជនមានការយល់ឃើញអវិជ្ជមានជាច្រើនទៅលើតារាសម្ដែងរូបនេះ មុននឹងលោកបង្ហើបថាការសម្រកគីឡូមួយនេះគឺដើម្បីការងារសម្ដែងក្នុងរឿងថ្មីរបស់លោក។ ក្នុងតួអង្គជាអ្នកលក់ថ្នាំញៀន ក្នុងរឿង “អ្នកលេងខោខ្លី ២” Ekawat Niratworapanya ត្រូវសម្រកទម្ងន់ឱ្យនៅសល់តែត្រឹម ៥០គីឡូតែប៉ុណ្ណោះ៕




























Account
Security
Favourite Content