Go JiYong ជាតារាខេប៉ុបល្បីមួយរូប និងជាសមាជិកក្រុម SechsKies របស់ផលិតកម្ម YG ។ លោកជាតារាខេប៉ុបជំនាន់ទី ១ និងមានភាពល្បីល្បាញខ្លាំងកាលពីជំនាន់ឆ្នាំ ១៩៩៧ រហូតដល់ឆ្នាំ ២០០០។ ក្រោយពីលាឈប់ធ្វើជាតារាចម្រៀងតារាប្រុសរូបនេះ បានចាប់ផ្ដើមធ្វើជំនួញខ្លួនឯង និងមិនសូវបង្ហាញមុខជាសាធារណៈទៀតឡើយ។


ថ្មីៗ នេះលោកបានបង្ហាញខ្លួនក្នុងកម្មវិធី “This is My House”។ វត្ដមានរបស់លោកពិតជាធ្វើឱ្យអ្នកគាំទ្រសប្បាយរីករាយខ្លាំងព្រោះលោកកម្របង្ហាញខ្លួនចាប់តាំងពីផ្ដោតលើជំនួញផ្ទាល់ខ្លួន។ ប៉ុន្ដែអ្វីធ្វើឱ្យអ្នកគាំទ្រ និងមហាជនភ្ញាក់ផ្អើលគឺរូបរាងរបស់លោកហាក់ប្រែប្រួលខ្លាំងខុសធម្មតា និងមើលទៅស្គមជាងមុនសឹងមើលមិនស្គាល់។ មតិព្រួយបារម្ភជាច្រើនបានលើកឡើងជាបន្ដបន្ទាប់ក្នុងបណ្ដាញសង្គមរហូតក្លាយជាប្រធានបទក្ដៅត្រូវបានគេយកមកពិភាក្សា។

ជាការឆ្លើយតប អ្នកចាត់ការរបស់តារាប្រុស Go JiYong បានចេញមកបញ្ជាក់ថា៖ រូបលោកមិនមានបញ្ហាសុខភាព ឬជំងឺណាមួយដែលគួរឱ្យព្រួយបារម្ភឡើយ។ Go JiYong ស្រកគីឡូ និងរូបរាងផ្លាស់ប្ដូរច្រើនដោយសារតែព្រួយពីជំនួញ និងគិតច្រើនបន្ដិច ប៉ុន្ដែលោកមិនមានជំងឺឈឺថ្កាត់ទេ។ ដូច្នេះកុំមានការព្រួយបារម្ភ។


គួរបញ្ជាក់ថា Go Ji Yong កើតនៅឆ្នាំ ១៩៨០ ឆ្នាំនេះលោកមានអាយុ ៤៣ ឆ្នាំហើយ។ លោកបានបង្ហាញខ្លួនដំបូងក្នុងវិស័យសិល្បៈក្នុងនាមជាសមាជិកក្រុម SechsKies ក្នុងឆ្នាំ ១៩៩៧ ។ Sechs Kies ជាក្រុមចម្រៀងខេប៉ុបជំនាន់ទី ១ ដ៏ល្បីល្បាញមួយ ប៉ុន្តែដោយសារបញ្ហាមួយចំនួនក៏ត្រូវបានរំសាយ។ ក្នុងឆ្នាំ ២០០៤ អតីតសមាជិក SechsKies រូបនេះបានប្រកាសចាកចេញពីសិល្បៈ និងផ្ដោតលើការធ្វើជំនួញវិញ។ បច្ចុប្បន្នលោកផ្ដោតលើការគ្រប់គ្រងក្រុមហ៊ុនផ្ទាល់ខ្លួន និងកំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយភរិយាជាវេជ្ជបណ្ឌិត និងកូនប្រុសអាយុ ៩ឆ្នាំម្នាក់៕




























Account
Security
Favourite Content