ទើបតែត្រឡប់មកពីប្រគំតន្ត្រីនៅជប៉ុនមិនយូរប៉ុន្មាន ឥឡូវកំពូលតារារ៉េប វណ្ណដា កំពុងត្រៀមខ្លួនចេញទៅច្រៀងនៅបរទេសទៀតហើយ។ ព័ត៌មាននេះត្រូវបានសាមីខ្លួនចេញមុខមកទម្លាយកាលពីយប់មិញនេះតែម្ដង ធ្វើឲ្យហ្វេនរំភើប និងស្ញប់ស្ញែងនឹងភាពល្បីល្បាញរបស់តារាចម្រៀងប្រុសរូបនេះខ្លាំង។

វណ្ណដា ត្រូវបានអញ្ជើញឲ្យទៅចូលរួមក្នុងកម្មវិធី Takao Rock Festival ២០២៣ នៅកោះតៃវ៉ាន់ នៅថ្ងៃ ៨ ខែ តុលា ឆ្នាំ ២០២៣។ ម្ចាស់បទ “Rock Star” បានបង្ហោះលើផេកផ្លូវការរបស់ខ្លួនថា “Taiwan, here I come, Honored to be taking the stage for the first time in Kaohsiung, Taiwan at Takao Rock Festival on October 8th! Let’s rock out, Taiwan!! I’ll see you all soon!” ដែលមានន័យថា “តៃវ៉ាន់ ខ្ញុំមកដល់ហើយ! ជាកិត្តិយសដែលបានឡើងឆាក លើកដំបូងនៅ Kaohsiung តៃវ៉ាន់ក្នុងកម្មវិធី Takao Rock Festival នៅថ្ងៃ ៨ ខែតុលា! តោះតោះ តៃវ៉ាន់!! ខ្ញុំនឹងជួបអ្នកទាំងអស់គ្នាឆាប់ៗនេះ!”។
ព័ត៌មានធ្វើឲ្យអ្នកគាំទ្រខ្មែរដែលរស់នៅទីនោះសប្បាយចិត្ត ដែលអាចមានឱកាសជួបកំពូលតារារ៉បខ្មែរដែលមានកេរ្តិ៍ឈ្មោះល្បីរន្ទឺរូបនេះផ្ទាល់នៅតៃវ៉ាន់។ គួរបញ្ជាក់ថាតារាប្រុសវ័យ ២៦ ឆ្នាំរូបនេះទើបត្រឡប់មកពីច្រៀងនៅជប៉ុន ដោយឡើងសម្ដែងនៅ RAISE Club ក្នុងទីក្រុង Tokyo កាលពីថ្ងៃ ១៦ ខែ កក្កដា ឆ្នាំ ២០២៣ កន្លងទៅ។


នេះមិនមែនជាលើកទី១ សម្រាប់ វណ្ណដា ដែលបានឈានជើងទៅប្រគំតន្ត្រីនៅបរទេស តារាប្រុសមានប្រភពមកពីខេត្តព្រះសីហនុរូបនេះធ្លាប់ទៅប្រគំតន្ត្រីក្នុងប្រទេសថៃធំៗដូចជា Rolling Loud Thailand និង Big Mountain Music Festival ហើយធ្លាប់ទៅសិង្ហបុរី ជប៉ុនផងដែរ។ នេះជាសមិទ្ធផលដ៏ល្អ ដែល វណ្ណដា ទទួលបាន ក្រោយផលិតបទចម្រៀងដែលមានគុណភាព ពីរោះៗ មានអត្ថន័យ នាំឲ្យកំលោះសង្ហានេះ ក្លាយជាកំពូលតារាចម្រៀងរ៉បប្រចាំប្រទេសកម្ពុជា និងអាចជាប់ឈ្មោះនៅក្នុងទស្សនាវដ្ដី Forbes របស់អាមេរិក ជាបុគ្គលមានឥទ្ធិពលបំផុតឆ្នាំ ២០២៣ នៅអាស៊ី ក្រោមអាយុ ៣០ ឆ្នាំ៕

























































Account
Security
Favourite Content