បទចម្រៀងមួយបទពីអាល់ប៊ុមថ្មីចុងក្រោយរបស់ Taylor Swift “The Life of a Showgirl” គឺបទ “Actually Romantic” បានទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយអ្នកគាំទ្រជាច្រើនបានសន្និដ្ឋានថាអាចជាបទ diss track ឆ្លើយតបនឹងបទរបស់តារាចម្រៀងសិស្សប្អូន Charli XCX ដែលបានទទួលជោគជ័យយ៉ាងខ្លាំងកាលពីឆ្នាំមុន។
ពាក្យចចាមអារ៉ាមនេះបានលេចឡើងនៅពេលដែលអ្នកគាំទ្រកត់សម្គាល់ទំនុកច្រៀងប៉ុន្មានឃ្លាពីបទ “Actually Romantic” សរសេរថា “ឮអ្នកហៅខ្ញុំថា “Barbie គួរឱ្យធុញ.. នៅពេលកូកាធ្វើឱ្យអ្នកក្លាហាន.. ទះដៃជាមួយសង្សារចាស់ខ្ញុំ ហើយនិយាយថាអ្នកសប្បាយចិត្តដែលគាត់បានបោះបង់ខ្ញុំ.. សរសេរបទចម្រៀងថាអ្នកធុញទ្រាន់ដែលឃើញមុខខ្ញុំ.. អ្នកផ្សេងទៀតប្រហែលជាខឹង ប៉ុន្តែខ្ញុំគិតថាវាគួរឱ្យស្រលាញ់”។
មនុស្សជាច្រើនជឿថានេះអាចជាបទ diss track ដែល Taylor Swift មានបំណងឆ្លើយតបទៅនឹងបទ “Sympathy is a Knife” របស់ Charli XCX ដែលមានទំនុកច្រៀងសរសេរថា “មិនចង់ឃើញមុខអ្នកនៅខាងក្រោយឆាកមិត្តប្រុសរបស់ខ្ញុំ.. សុំឱ្យគេបែកគ្នាឆាប់ៗ” ខណៈថ្មីៗនេះ Charli XCX ទើបតែបានរៀបការជាមួយអ្នកវាយស្គរ George Daniel របស់ក្រុម The 1975 បន្ទាប់ពីមានទំនាក់ទំនងស្នេហាតាំងពីឆ្នាំ 2022 ស្របពេល Taylor Swift ធ្លាប់មានទំនាក់ទំនងរយៈពេលខ្លីជាមួយ Matty Healy ដែលជាអ្នកចម្រៀងនាំមុខរបស់ក្រុមនេះក្នុងឆ្នាំ 2023។
យ៉ាងក៏ដោយ Taylor Swift បានពន្យល់ពីអត្ថន័យពីក្រោយបទចម្រៀងទាំងអស់ពីអាល់ប៊ុម The Life of a Showgirl តាមរយៈ Amazon Music ដោយនិយាយថា “Actually Romantic គឺជាបទចម្រៀងដែលនិយាយអំពីការដឹងថាមាននរណាម្នាក់កំពុងស្រលាញ់អ្នកតែម្ខាង ដោយអ្នកមិនដឹងខ្លួន ហើយសុខៗពួកគេចាប់ផ្តើមបញ្ចេញអាការខ្លាំងទៅៗ រហូតធ្វើឱ្យអ្នកដឹងថាការពិតអ្នកនៅក្នុងខួរក្បាលរបស់ពួកគេរហូតមក”។
នាងបន្តថា “បទនេះនិយាយអំពីការដែលពួកគេហាក់មានបញ្ហាជាមួយអ្នក ប៉ុន្តែអ្នកទទួលយកវាថាជាការចាប់អារម្មណ៍ និងក្តីស្រលាញ់ ហើយវាពិតជាមានក្តីសុខនៅពេលដែលមាននរណាម្នាក់ធ្វើឱ្យអ្នកក្លាយជាផ្នែកសំខាន់ក្នុងជីវិតគេ ក្នុងខណៈដែលអ្នកមិនដែលគិតពីរឿងទាំងនោះផង។ ពេលយកមកគិតឡើងវិញ វាក៏រ៉ូមែនទិកម្យ៉ាង” ៕



























Account
Security
Favourite Content