យោងតាមរបាយការណ៍ផ្តាច់មុខពីប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ Mirror Media បានឱ្យដឹងថា ក្រុមចម្រៀង F4 ពីខ្សែភាពយន្តភាគតៃវ៉ាន់ដ៏ពេញនិយមរឿង “Meteor Garden” នឹងវិលត្រលប់មកជួបជុំគ្នាម្ដងទៀត សម្រាប់សម្តែងនៅឆ្នាំ ២០២៦ ជាលើកដំបូងចាប់តាំងពីការសម្ដែងរួមគ្នាលើកចុងក្រោយរបស់ពួកគេកាលពីឆ្នាំ ២០១៣ ។

ចាប់ផ្ដើមចាក់ផ្សាយដំបូងក្នុងឆ្នាំ ២០០១ “Meteor Garden” គឺជារឿងភាគបែបមនោសញ្ចេតនា និយាយពីក្មេងស្រីជំទង់ក្រីក្រម្នាក់ឈ្មោះ សាន់ឆាយ សម្តែងដោយតារាស្រី Barbie Hsu នៅពេលផ្លាស់ចូលរៀននៅក្នុងសាលាអ្នកមាន។
ក្នុងរឿងនោះ F4 គឺជាក្រុមមិត្តភ័ក្ដិ៤នាក់ដែលប្រមូលផ្ដុំដោយនិស្សិតមានទ្រព្យសម្បត្តិ និងមានឥទ្ធិពលគ្រប់គ្រងសាលា៖ តាវមិញស៊ឺ ហួចាឡឺយ ម៉ីជូ និងស៊ីមិន ដែលសម្តែងដោយ Jerry Yan, Vic Chou, Vanness Wu និង Ken Chu។


បន្ទាប់ពីជោគជ័យយ៉ាងខ្លាំងក្លានៅអាស៊ី តារាទាំងបួនរូបក៏បានបន្តប្រើឈ្មោះ F4 ហើយបង្ហាញខ្លួនជាក្រុម Boy Band។ រហូតដល់ឆ្នាំ២០០៩ ពួកគេបានរំសាយក្រុមជាផ្លូវការ ប៉ុន្តែបានជួបជុំគ្នាម្តងទៀតក្នុងឆ្នាំ ២០១៣ ដើម្បីសម្តែងបទចម្រៀង Meteor Shower នៅកម្មវិធី Jiangsu TV Spring Festival Gala។
បន្ទាប់ពីរំសាយក្រុម សមាជិកម្នាក់ៗបានបន្តអាជីពរៀងខ្លួន ដោយក្នុងនោះ Jerry Yan បានត្រឡប់មកសម្ដែងវិញហើយបានសម្ដែងក្នុងរឿង The Forbidden Flower (ឆ្នាំ២០២៣) ស្របពេល Vic Chou ថ្មីៗនេះ បានបង្ហាញខ្លួននៅក្នុងរឿង The World Between Us 2 ដែលគ្រោងនឹងចាក់បញ្ចាំងក្នុងខែវិច្ឆិកា។ Vanness Wu បានចេញអាល់ប៊ុមភាសាអង់គ្លេសដំបូងរបស់ខ្លួនក្នុងឆ្នាំ ២០២២ ហើយបានចូលរួមក្នុងកម្មវិធីផ្សេងៗជាច្រើន ខណៈពេលដែល Ken Chu ងាកទៅផ្ដោតលើការ Live សម្រាប់ការលក់អនឡាញ។

គួររំឭកដែរថា តួឯកស្រីក្នុងរឿង Meteor Garden គឺតារាសម្ដែង Barbie Hsu បានទទួលមរណភាពកាលពីខែកុម្ភៈ ឆ្នាំនេះ ក្នុងអាយុ ៤៨ឆ្នាំ ដោយសារជំងឺរលាកសួត បន្ទាប់ពីបានឆ្លងជំងឺគ្រុនផ្តាសាយកំលុងពេលធ្វើដំណើរទៅកាន់ប្រទេសជប៉ុនជាមួយក្រុមគ្រួសាររបស់នាង។
Mirror Media បានរាយការណ៍ថា ផលិតកម្មតន្ត្រី B’in Music គ្រោងនឹងរៀបចំការជួបជុំគ្នាវិញសម្រាប់ក្រុមចម្រៀងប្រុសល្បីៗដែលបានរំសាយក្រុមនាពេលកន្លងមក ហើយ F4 គឺជាក្រុមដំបូងនៅក្នុងបញ្ជីរបស់ពួកគេ។
ទោះជាយ៉ាងណា បច្ចុប្បន្នសមាជិកទាំងអស់សុទ្ធតែស្ថិតក្រោមក្រុមហ៊ុនគ្រប់គ្រងផ្សេងៗគ្នា ដែលធ្វើឱ្យការជួបជុំគ្នារបស់ពួកគេមានការលំបាកបន្តិច។ កន្លងមកក៏ធ្លាប់មានព័ត៌មានចុះផ្សាយដែរថាអ្នកទាំងបួនមានចរិតខុសគ្នា ទើបនាំឱ្យពួកគេចែកផ្លូវគ្នាដើររៀងខ្លួន។
ទោះជាយ៉ាងណា Mirror Media បានបន្ថែមថាការត្រលប់មកវិញឆ្នាំ ២០២៤ របស់ក្រុមចម្រៀងបុរសតៃវ៉ាន់ Energy ក្រោម B’in Music បន្ទាប់ពីរំសាយកាលពី ១៥ ឆ្នាំមុន ប្រាកដជាជះឥទ្ធិពលដល់ការជួបជុំគ្នារបស់ F4 និងការសម្រេចចិត្តរបស់ពួកគេក្នុងការប្រគំតន្ត្រីរួមគ្នាដើម្បីអបអរ ២៥ ឆ្នាំចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងរបស់ពួកគេ ៕
























Account
Security
Favourite Content