យោងតាមសារព័ត៌មាន Korea JoongAng Daily កាលពីខែតុលាកន្លងទៅនេះ មេធាវីរបស់តារាចម្រៀងស្រី Jiyeon សមាជិក T-ara បានបញ្ជាក់ថារូបនាង និងស្វាមីដែលជាកីឡាករវាយកូនបាល់ពិតជាបានដាក់ពាក្យបណ្ដឹងលែងលះទៅតាមផ្លូវច្បាប់មែន ក្រោយមានព័ត៌មានស្នេហារកាំរកូសរវាងអ្នកទាំងពីរ។


លោក Choi Yu-na នៃ Lawfirm Taesung មេធាវីតំណាងតារាស្រី Jiyeon បានឱ្យដឹងថាមូលហេតុដែលនាំឱ្យអ្នកទាំងពីរឈានដល់ដំណាក់កាលលែងលះគឺដោយសារតែពួកគេមិនអាចរស់នៅជាមួយគ្នា ខណៈមានបញ្ហាខ្វែងគំនិតគ្នាមិនឈប់ឈរ។
លុះដល់ថ្ងៃទី២១ ខែវិច្ឆិកា ផ្អែកតាមការរាយការណ៍របស់សារព័ត៌មានកូរ៉េបានឱ្យដឹងថាសំណុំរឿងក្ដីលែងលះរបស់តារាស្រី Jiyeon និងអតីតស្វាមី Hwang Jae Gyun បានឈានដល់ដំណោះស្រាយចុងក្រោយគឺអ្នកទាំងពីរមិនអាចរួមរស់ជាមួយគ្នាបន្ដឡើយ និងបានព្រមព្រៀងគ្នាចំពោះការបែងចែកទ្រព្យសម្បត្តិ និងលក្ខខណ្ឌផ្សេងៗទៀតរួចរាល់។ ជាមួយគ្នានេះ តំណាងភាគីរបស់តារាស្រី Jiyeon ក៏បានចេញមកបញ្ជាក់ច្បាស់ៗផងដែរថាការលែងលះរវាងអ្នកទាំងពីរគឺជាការពិតដែលមិនអាចប្រកែកបាន។

យ៉ាងណាមិញ កន្លងមកតារាស្រី Jiyeon ក៏ធ្លាប់បានបង្ហើបអំពីដំណឹងលែងលះឱ្យអ្នកគាំទ្របានដឹងមកជាយូរហើយដែរ ថែមទាំងបានសុំអភ័យទោសចំពោះការនាំដំណឹងអកុសលមួយនេះទៀតផង។ នាងបានបន្ថែមថាអ្នកទាំងពីរបានសម្រេចចិត្តលែងលះដោយព្រមព្រៀងគ្នាយ៉ាងច្បាស់លាស បន្ទាប់ពីឆ្លងកាត់ដំណើរការសម្រុះសម្រួលជាច្រើនលើកច្រើនសា។ ប៉ុន្តែនាងសន្យាថានឹងនាំមកនូវអ្វីថ្មីប្លែកជាមួយនឹងរូបភាពល្អៗនាពេលខាងមុខផងដែរ។
គួររំឮកផងដែរថា អតីតគូស្នេហ៍មួយគូនេះបានចងសម្ព័ន្ធភាពនៅខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីប្រកាសបើកចំហរទំនាក់ទំនងជាផ្លូវការរបស់ពួកគេនៅខែកុម្ភៈ ឆ្នាំដដែល។ រៀបការមិនបានប៉ុន្មានខែ ព័ត៌មាននៃជម្លោះរបស់គូស្នេហ៍មួយគូត្រូវបានគេរាយការណ៍ជាច្រើនលើក ប៉ុន្តែត្រូវបានអ្នកទាំងពីរបដេសេធស្របពេលដែលមានការបង្ហោះវីដេអូប្រទះ Hwang Jae Gyun ដើរលេងជាមួយមិត្តភក្ដិពេលយប់ជ្រៅនៅក្នុងបារមួយកន្លែង៕


























Account
Security
Favourite Content