Hyomin សមាជិកក្រុម T-ara ជាមួយគូដណ្តឹងដែលមិនមែនជាអ្នកសិល្បៈ បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាក្នុងពិធីមង្គលការរៀបចំឡើងយ៉ាងប្រណិតដូចក្នុងរឿងព្រេងនិទានដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាតារាល្បីៗ និងសមាជិកក្រុម T-ara ។

កាលពីថ្ងៃទី ៦ ខែមេសា Hyomin សមាជិកក្រុម T-ara បានរៀបអាពាហ៍ពិពាហ៍ក្នុងកម្មវិធីបែបឯកជន ប៉ុន្តែនៅតែមានភាពអធិកអធមដោយប្រារព្ធឡើងនៅ The Shilla ជាសណ្ឋាគារដ៏ល្បីបំផុតមួយរបស់ទីក្រុងសេអ៊ូល។ ស្វាមីរបស់តារាស្រីវ័យ ៣៥ ឆ្នាំរូបនេះគឺជាអ្នកធ្វើការនៅក្នុងវិស័យហិរញ្ញវត្ថុ និងត្រូវបាននាងបង្ហើបថាជាមនុស្សមានចរិតយកចិត្តទុកដាក់ចំពោះអ្នកជុំវិញខ្លួន និងទាក់ទាញមនុស្សជាច្រើនជាមួយរូបរាងសង្ហានិងកម្ពស់ខ្ពស់ស្រឡះរបស់លោក។



មុនពិធីរៀបការ រូបថត Pre-Wedding របស់គូស្នេហ៍មួយគូនេះត្រូវបានបង្ហោះឡើងលើអ៊ិនធឺណិតនិងនាំឱ្យមានការកោតសរសើរជាច្រើន។ ដូចសេចក្ដីរាយការណ៍កន្លងមក កូនកំលោះរបស់ Hyomin មើលទៅស្រស់សង្ហា ខណៈពេលកូនក្រមុំក៏បានបញ្ចេញសម្រស់ក្នុងឈុតដ៏ប្រណិត។
ពេលវេលាដ៏គួរឲ្យរំភើបមួយក្នុងពិធីមង្គលការគឺនៅពេលដែល Hyomin ដើរកាន់ដៃឪពុករបស់នាង ជាមួយទឹកមុខពោរពេញដោយអារម្មណ៍រំជួលចិត្ត មុនពេលធ្វើការស្បថសច្ចាជាមួយស្វាមីរបស់នាង។






រ៉ូបដែល Hyomin ពាក់ឈុតដំបូងគឺបានមកពីម៉ាក Zuhair Murad ជាខូឡិកសិនរដូវផ្ការីកនិងរដូវក្ដៅឆ្នាំ២០២៥ ដោយឈុតនេះមានត្រឹមតែពីរឈុតប៉ុណ្ណោះនៅក្នុងប្រទេសកូរ៉េ ជាការទាក់ទាញចំណាប់អារម្មណ៍កាន់តែខ្លាំង។
សម្រាប់ភ្ញៀវកិត្តិយសក្នុងពិធីមង្គលការ គឺរួមមានតារាល្បីៗដូចជា Yuri ក្រុម Girls’ Generation តារាសម្ដែង Lee Dong-wook និង Im Si-wan តារាចម្រៀង Gummy ហើយជាការពិតណាស់ សមាជិកក្រុម T-ara បានមកជួបជុំគ្នាដើម្បីអបអរថ្ងៃដ៏សំខាន់នេះដែរ។
មិនត្រឹមតែ Qri, Ji-yeon និង Eun-jung ប៉ុណ្ណោះទេ ប៉ុន្តែក៏មានវត្តមានអតីតសមាជិក Jeon Boram ដែលបានចាកចេញពីក្រុមផងដែរ។ ទោះជាយ៉ាងណា Soyeon ដែលបច្ចុប្បន្នរស់នៅក្នុងទីក្រុងឌូបៃ បន្ទាប់ពីផ្លាស់ទៅជាមួយស្វាមី កីឡាករបាល់ទាត់ Jo Yu-min មិនអាចចូលរួមបានទេ ដោយសារធុរៈផ្ទាល់ខ្លួនមិនអាចជៀសរួច ៕
































Account
Security
Favourite Content