ទីភ្នាក់ងារ Belift Lab បានប្រកាសថា Sunghoon បានទទួលតួនាទីជា អ្នកកាន់ភ្លើងគប់សម្រាប់ព្រឹត្តិការណ៍ “2026 Milano Cortina Winter Olympics” ដែលនឹងចាប់ផ្ដើមធ្វើឡើងនៅថ្ងៃទី៦ ខែកុម្ភៈ ឯទីក្រុង Milan និង Cortina d’Ampezzo ប្រទេសអ៊ីតាលី។

ផ្នែកតាមទីភ្នាក់ងារ សមាជិកក្រុម ENHYPEN រូបនេះបានចូលរួមតាមរយៈការណែនាំពីក្រុមហ៊ុន Samsung Electronics ដែលជាម្ចាស់ឧបត្ថម្ភផ្លូវការនៃព្រឹត្តិការណ៍អូឡាំពិករដូវរងា Milano Cortina ខណៈតារាប្រុសក៏ធ្លាប់ជាកីឡាករបម្រុងនៃក្រុមជម្រើសជាតិជិះស្គីលើទឹកកក (Figure Skating) មុនចូលប្រឡូកសិល្បៈផងដែរ។
Sunghoon បានបង្ហាញពីការតាំងចិត្តថា៖ “ខ្ញុំយល់យ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែង និងការលះបង់យ៉ាងខ្លាំងក្លារបស់កីឡាករជម្រើសជាតិដែលបានបូជាកម្លាំងកាយចិត្តសម្រាប់ព្រឹត្តិការណ៍អូឡាំពិករដូវរងានេះ។ ដូច្នេះបំណងប្រាថ្នាដ៏ធំបំផុតរបស់ខ្ញុំគឺការគាំទ្រពួកគាត់។ ខ្ញុំខ្លួនឯង ធ្លាប់មានក្ដីស្រមៃចង់ចូលរួមប្រកួតអូឡាំពិកក្នុងនាមជាកីឡាករដូចគ្នា ហើយខ្ញុំមានអារម្មណ៍រំភើប និងមានកិត្តិយសណាស់ដែលបានសម្រេចក្តីស្រមៃនោះក្នុងនាមជាតារាចម្រៀង”។

ចាប់តាំងពីឆ្នាំមុនមក Sunghoon បានបំពេញតួនាទីជាទូតសុច្ឆន្ទៈផ្សព្វផ្សាយឱ្យគណៈកម្មាធិការជាតិអូឡាំពិកកូរ៉េខាងត្បូង ដែលបានផ្សារភ្ជាប់វិស័យកីឡាជាមួយនឹងសាធារណជន។ ជាមួយនឹងតួនាទីថ្មីខាងលើ តារាប្រុសវ័យ ២៣ឆ្នាំគឺជាតារាខេប៉ុបរូបទី ២ដែលបានកាន់ភ្លើងគប់សម្រាប់ព្រឹត្តិការណ៍អូឡាំពិកនៅក្រៅប្រទេស បន្ទាប់ពី Jin ក្រុម BTS ដែលបានធ្វើតួនាទីតែមួយនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤។
ទន្ទឹមនឹងនេះដែរ ក្រៅពីការងាផ្ទាល់ខ្លួន ក្នុងនាមជាសមាជិកក្រុម ENHYPEN លោកក៏ទទួលបានជោគជ័យជាមួយនឹងអាល់ប៊ុម THE SIN : VANISH ដូចគ្នា។ គិតត្រឹមសប្ដាហ៍ដំបូង រាប់ចាប់តាំងពីដាក់លក់នៅថ្ងៃទី១៦ ខែមករា កន្លងទៅ អាល់ប៊ុមទី ៧នេះ បានលក់ចេញដល់ទៅ ២.០៧លានបន្ទះរួចមកហើយ៕
























Account
Security
Favourite Content