កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ គណៈកម្មាធិការនៃអង្គការ UNICEF ប្រចាំប្រទេសកូរ៉េខាងត្បូងបានចេញប្រកាសថា Felix សមាជិកក្រុម Straykids បានបរិច្ចាគប្រាក់ ១០០ លានវ៉ុន (ប្រហែល ៧៤ ៣០០ ដុល្លារ)។ សម្រាប់ការបរិច្ចាគមួយនេះបានធ្វើឱ្យលោកក្លាយជាសមាជិកក្មេងជាងគេនៅក្នុង Honors Club និងជាសមាជិកដំបូងគេដែលបានចូលរួមក្នុង Honors Club ក្នុងឆ្នាំ ២០២៤ នេះផងដែរ។

អង្គការ UNICEF ក៏បានឱ្យដឹងបន្ថែមទៀតថា Felix គឺសិល្បករល្បីម្នាក់ដែលតែងតែនាំមុខគេក្នុងសកម្មភាពបរិច្ចាគជួយទៅដល់ជនក្រីក្រ។ ជាឧទាហរណ៍ជាក់ស្ដែង លោកបានបរិច្ចាគប្រាក់ដើម្បីជួយទៅដល់កុមារនៅប្រទេសឡាវដែលជួបការលំបាកក្នុងការលូតលាស់រាងកាយដោយសារកង្វះអនាម័យទឹកស្អាត និងអាហារូបត្ថម្ភផងដែរ។



សម្រាប់ Felix ផ្ទាល់បានបង្ហើបពីមូលហេតុនៃការបរិច្ចាគថាលោកចង់ចែករំលែកក្ដីស្រឡាញ់ដែលលោកទទួលបានទៅឱ្យក្មេងៗកំពុងជួបការលំបាកដោយសារបញ្ហាខ្វះទឹកស្អាត កង្វះអនាម័យ និងកង្វះអាហារូបត្ថម្ភនៅប្រទេសឡាវ។ ជាពិសេសលោកសង្ឃឹមថាឆ្នាំថ្មីនេះពួកគេនឹងធំធាត់ឡើងក្នុងបរិយាកាសល្អជាងមុនដោយមានសុខភាពល្អ។
គួរបញ្ជាក់ផងដែរ កាលពីខែមីនា ឆ្នាំ២០២៣ Felix សមាជិកក្រុម Straykids ក៏បានក្លាយជាសមាជិកនៃ Honors Club របស់អង្គការ Save the Children សម្រាប់ការបរិច្ចាគរបស់លោកផងដែរ។ ទង្វើល្អជារឿយៗរបស់លោក និងក្រុម Straykids ទាំងមូលបានធ្វើឱ្យអ្នកគាំទ្រ ជាពិសេស STAY មានមោទនភាពលើអាយដលរបស់ខ្លួនមែនទែន ៕




























Account
Security
Favourite Content