កាលពីថ្មីៗ នេះដែរ សមាជិក ៣ រូបរបស់ក្រុមចម្រៀង EXO គឺ Chen, Beakhyun និង XiuMin បានប្រកាសប្ដឹងផលិតកម្ម SM និងផ្ដាច់កុងត្រារបស់ពួកគេចោលដោយសារតែខាងផលិតកម្មមិនបានផ្ដល់ប្រាក់ខែទៅតាមការសន្យាព្រមទាំងកេងលើកម្លាំងរបស់ពួកគេម្ដងហើយម្ដងទៀតផងដែរ ជាពិសេសបង្ខិតបង្ខំឱ្យចុះកុងត្រាដែលមានរយៈពេលយូរដល់ទៅ ១៧-១៨ ឆ្នាំ។ រឿងនេះដែរបានក្លាយជាប្រធានបទក្ដៅគគុកខ្លាំងលើបណ្ដាញសង្គម។

មិនបានប៉ុន្មានក៏មាន បុគ្គលមួយចំនួនតាំងខ្លួនជាបុគ្គលិកក្នុងផលិតកម្ម SM បានចែករំលែកពីរឿងរ៉ាវមួយចំនួនថា តារាប្រុសទាំង ៣ រូបនេះមានអត្ដចរិតមិនល្អដោយខ្លួនឯង និងនិយាយផ្ដេសផ្ដាស់បង្ខូចឈ្មោះផលិតកម្ម។ មិនតែប៉ុណ្ណោះ ពួកគេជាមនុស្សដែលមុខលុយ និងគិតតែពីផលប្រយោជន៍ខ្លួនឯង។
រឿងទាំងនេះបន្ដក្លាយជាប្រធានបទដែលត្រូវគេលើកយកមកនិយាយ និងធ្វើឱ្យគ្រប់គ្នាឆ្ងល់តើមានបញ្ហាអ្វីឱ្យពិតប្រាកដទៅចំពោះរឿងផលិតកម្ម SM និងសមាជិកក្រុម EXO។

ជាមួយគ្នានេះ ក៏មានក្រុមការងារមួយចំនួនធ្លាប់ធ្វើការជាមួយសមាជិកក្រុម EXO បានទម្លាយពីអត្ដចរិតរបស់ពួកគេ។ បុគ្គលិក Joycie Kim ដែលធ្លាប់ធ្វើការជាមួយសមាជិកក្រុម EXO បានលើកឡើងថា៖ ពួកគេជាមនុស្សដែលមានអត្ដចរិតគួរឱ្យចូលចិត្ត និងគោរព បើទោះជាពួកគេមានភាពល្បីល្បាញខ្លាំងក៏ពួកគេមិនវាយឬកដែរ ពួកគេយកចិត្តទុកដាក់ជាមួយក្រុមការងារ និងតែងតែអោនគោរពអ្នកជុំវិញ។ ជាពិសេស Chen គឺជាសមាជិកដែលរួសរាយរាក់ខ្លាំងជាងគេ។
កំឡុងពេលថត EXO Ladder 2 បើទោះជាសមាជិកម្នាក់ហាក់មានការនឿយហត់ប៉ុន្ដែពួកគេមិនបានបង្ហាញសកម្មភាពមិនគំរោះគំរើយ និងថែមទាំងបារម្ភពីអ្នកជុំវិញទៀត។ ជាពិសេស ទាក់ទិននឹងចំណីអាហារ តែងតែសួរនាំថាគ្រប់គ្នាហូបហើយឬនៅ?

ជាមួយគ្នាដែរ ក្រុមការងារធ្លាប់ធ្វើការជាមួយ EXO ក៏បានលើកឡើងថា៖ ពួកគេជាមនុស្សងាយស្រួលចុះសម្រុង និងធ្វើការរួមគ្នា។ លើសពីនេះ ថែមទាំងចូលរួមជាភ្ញៀវកិត្ដិយស និងច្រៀងជូនពរក្នុងពិធីមង្គលការរបស់ក្រុមការងារទៀត។
មែនទែនទៅ នេះមិនមែនជាលើកទី ១ ទេដែលក្រុមការងារធ្លាប់ធ្វើការជាមួយក្រុមចម្រៀង EXO បាននិយាយអំពីចំណុចល្អៗ ជារឿយៗសមាជិកក្រុម EXO តែងត្រូវបានគេសរសើរពីអត្ដចរិតដ៏ល្អរួសរាយ យកចិត្តទុកដាក់របស់ពួកគេ៕


























Account
Security
Favourite Content